បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត និងកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ បានបន្តចុះជួយជួសជុល ផ្ទះប្រជាពលរដ្ឋ ដែលរងនូវ ការខូចខាត ដោយសារតែ ភ្លៀងលាយខ្យល់យ៉ាងខ្លាំង ហៅថា ខ្យល់កន្រ្កាក់កាលពីប៉ុន្មានថ្ងៃមុន។
មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីទទួលបាននូវព័ត៌មាន បាតុភូតធម្មជាតិ ខាងលើនេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ បានបញ្ជា និងធ្វើការណែនាំ ដល់អធិការនគរបាល តាមបណ្តា ក្រុង ស្រុក និងតាមវរះត្រូវ ចុះជួយលើក និងជួសជុលផ្ទះប្រជាពលរដ្ឋឡើងវិញភ្លាម ដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះ អាចបន្តស្នាក់នៅដូចធម្មតា។
ក្រោយពីមានការណែនាំ ពីសំណាក់ស្នងការ អធិការនគរបាល តាមបណ្តាក្រុងស្រុក បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដើម្បីជួយជួសជុលផ្ទះប្រជាពលរដ្ឋទាំងនោះ និងព្រមទាំងបានជួយឧបត្ថម្ភខ្លះៗផងដែរ។
ជាមួុយគ្នានេះ នគរបាលតាមបណ្តាស្រុក ក្រុងបានបន្តចុះរៀបចំវេទិការសាធារណះ នៅតាមឃុំ តាមរយះអញ្ជើញប្រជាពលរដ្ឋ ឲ្យចូលរួម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមទប់ស្កាត់បទល្មើស និងសន្តិសុខក្នុងការរស់នៅ និងរកស៊ី៕