ប្រទេសជប៉ុនបានព្រមាននាថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ថា ជម្លោះទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង អាចនឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើស្ថិរភាព និងសន្តិភាពក្នុងតំបន់អាស៊ី ខណៈដែលហ្វីលី ពិន បានធ្វើការច្រានចោលជាសាធារណ ជាមួយនឹងកម្ពុជាទាក់ទងនឹងវិវាទដែនដី ក្នុងអំឡុង នៃកិច្ចប្រជុំកំពូលក្នុងតំបន់។
យោងតាមទីភ្នាក់ងារព័ត៌មាន Money Control ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី ណូដា បានលើកឡើង ពីបញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងបានបង្ហាញការកត់សម្គាល់ថា នេះ ជាបញ្ហារួមមួយ សម្រាប់សហគមន៍អន្តរជាតិ ដែលអាចជះឥទ្ធិពលដោយផ្ទាល់ទៅលើសន្តិភាព និងស្ថិរ ភាព នៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះជាការលើកឡើងរបស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីលោក ណូដា ជួបជា មួយមេដឹកនាំទាំងដប់រូប ដែលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។
ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពី លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ច ប្រតិបត្តិការកម្ពុជា បានលើកឡើងថា មេដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ បានធ្វើសេចក្តីសម្រេចថា នឹងមិនលូកដៃចូលក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ ចាប់ពីពេលនេះតទៅ។
ក្នុងស្ថានភាពតានតឹងកើតឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាក់ទងនឹងសេចក្តីប្រកាសអធិបតេយ្យរបស់ប្រទេសចិន លោក បេនីញ៉ូ អាគីណូ បានសម្តែងការប្រឆាំង ចំពោះសេចក្តីថ្លែងការណ៍របស់កម្ពុជា ព្រមទាំងបានលើកឡើងថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាសម្រេចបានឡើយ។ នេះជាការលើកឡើងរបស់មេដឹកនាំហ្វីលីពីន ក្នុងរយៈពេលដប់នាទីចុងក្រោយ នៃកិច្ចពិភាក្សារវាងលោក ណូដា ជាមួយមេដឹកនាំអាស៊ានទាំងអស់។
ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តើមសម្រេចបញ្ចប់នូវកិច្ចប្រជុំ ភ្លាមៗនោះ បានលើកឡើងថា មានបញ្ហាមួយចំនួនទាក់ទងនឹងអាស៊ាន ដែលពុំទាន់ទទួលបានការព្រមព្រៀងពីសំណាក់មតិរួមគ្នា នៅឡើយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យផ្ទាល់របស់លោក។ មេដឹកនាំរូបនេះបាន បន្តថា ក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយ រដ្ឋាភិបាលហ្វីលីពីនមានសិទ្ធិក្នុងការ ការពារផលប្រយោជន៍ ប្រជាជាតិរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់អូបា ធ្វើកិច្ចជំនួបជាមួយមេដឹកនាំអាស៊ី នា ល្ងាចថ្ងៃចន្ទនេះ មុនពេលធ្វើកិច្ចជំនួបជាមួយមេដឹកនាំចិន លោក វេន ជាបាវ នាថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខ។ មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានរំពឹងថា នឹងលើកឡើងពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងមកពិភាក្សាគ្នា៕