កង្វល់ និងបញ្ហា ធំៗចំនួនបី ដែលប្រជាពលរដ្ឋ ជាពិសេស និស្សិតកម្ពុជា និងនិស្សិតបរទេស សូមសំណូមពរដល់ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងមហាផ្ទៃ ជាពិសេសរាជរដ្ឋាភិបាល ជួយពិនិត្យមើលផង ព្រោះថា បញ្ហាមានដូចខាងក្រោមនេះ ធ្វើនិស្សិតទាំងអស់ មានភាពលំបាក និងមិនអាចទទួលយកបាននោះឡើយ ៖
១. សញ្ញាបត្ររបស់និស្សិតបរទេស និង និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស
សព្វថ្ងៃនេះបើនិស្សិតបរទេស ឬនិស្សិតកម្ពុជាដែលមានសញ្ញាបត្រនៅក្រៅប្រទេស ចង់បន្តការសិក្សានៅកម្ពុជា ត្រូវយកសញ្ញាបត្រដែលខ្លួនមាន ទៅសមមូលជាមួយនឹងគណៈកម្មការវាយតម្លៃសញ្ញាប័ត្រ ដែលមានការិយាល័យនៅ ទីស្តីការគណៈរដ្ឋមន្រ្តី ដែលការវាយតម្លៃនោះ ត្រូវប្រើពេលវេលាជាង ១ឆ្នាំឯណោះ ទើបអាចបន្តការសិក្សា នៅក្នុងសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាបាន។ ក្នុងករណីនេះនិស្សិតដែលមានសញ្ញាបត្រនៅក្រៅប្រទេស សំណូមពរឲ្យក្រសួង អប់រំ យុវជន និងកីឡា ទទួលស្គាល់សញ្ញាបត្ររបស់ខ្លួនដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ដែលមានការបញ្ជាក់ពីស្ថានទូតរបស់ប្រទេសដែលខ្លួនបានបញ្ចប់ការសិក្សា។ ព្រោះ ទី១ សញ្ញាបត្រនេះជាសញ្ញាបត្រដែលប្រទេសរបស់គេទទួលស្គាល់រួចហើយ។ ទី២ ក្នុងការសមមូលសញ្ញាបត្រ និស្សិតត្រូវការចំណាយពេលវេលាក្នុងការរង់ចាំយូរទើបបានសញ្ញាបត្រ ខាតពេលក្នុងការបន្តការសិក្សា។ ទី៣ ក្នុងការសមមូលសញ្ញាបត្រនិស្សិតចំណាយប្រាក់កាស់។ នេះក៏ជាមូលហេតុមួយដែរ ដែលនិស្សិតបរទេសមិនមកសិក្សានៅក្នុងប្រទេសកម្ពុជា ។
២. ការធ្វើ Passport ដើម្បីចេញទៅសិក្សានៅក្រៅប្រទេស ៖
ក៏ដូចជាទៅសិក្សា ទៅទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរ បទពិសោធន៍ក្នុងការអប់រំ ការបណ្តុះបណ្តាល របស់សិស្ស-និស្សិត គ្រូ-សាស្រ្តាចារ្យ ជាមួយនឹងសាលា ឬសាកលវិទ្យាល័យនៅក្រៅប្រទេស ដូចនេះសិស្ស-និស្សិត គ្រូ-សាស្រ្តាចារ្យសំណូមពរឲ្យក្រសួងមហាផ្ទៃ ធ្វើ Passport ឲ្យបានលឿន និងតម្លៃ ត្រឹមតែ ២០ដុល្លារឲ្យដូចកម្មករ ព្រោះបញ្ហានេះសិស្ស-និស្សិត គ្រូ-សាស្រ្តាចារ្យកម្ពុជាជាច្រើនធ្លាប់ ពន្យាពេល ឬមិនបានទៅក្រៅប្រទេសដោយសារតែបញ្ហាការធ្វើ Passport ។ នេះក៏ជាមូលហេតុមួយដែលធ្វើឲ្យខាតបង់នូវចំណេះដឹងរបស់ប្រជាពលរដ្ឋកម្ពុជាដែរ ។
៣. ការផ្តល់ Visa ស្នាក់នៅក្នុងប្រទេសកម្ពុជា របស់និស្សិតបរទេស ៖
ដើម្បីបន្តការសិក្សា ក្នុងរយៈពេលកន្លងមកមាននិស្សិតបរទេសតែងនិយាយពីតម្លៃក្នុងការធ្វើ Visa ស្នាក់នៅក្នុងប្រទេសកម្ពុជាគឺមានតម្លៃថ្លៃ ដែលធ្វើឲ្យពួកគេ មានការមិនសប្បាយចិត្ត និងមិនចង់ស្នាក់នៅសិក្សាក្នុងប្រទេសកម្ពុជា។ ចំណុចនេះសាកលវិទ្យាល័យបរទេសក៏សំណូមពរឲ្យក្រសួងមហាផ្ទៃពិចារណលើការផ្តល់ Visa ស្នាក់នៅដល់និស្សិតបរទេស ក្នុងតម្លៃសមរម្យណាមួយ ប្រទេសយើងអាចស្រូបយកនិស្សិតបរទេស មកសិក្សាបានកាន់តែច្រើនទៀត ដូចបណ្តាលប្រទេសផ្សេងៗ ។