ប៊ីប៊ីស៊ី៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះធម្មជាតិទឹកជំនន់ កាលពីសប្តាហ៍មុននៅ ភាគខាងជើងប្រទេស អាហ្វហ្គានីស្ថាន នៅពេលនេះកើនឡើងដល់ ១៥០នាក់ហើយ ខណៈប្រជាជនរាប់ពាន់នាក់ទៀត កំពុងដង្ហោយហៅរកជំនួយ។
យោងតាមគេហទំព័រ ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ថា តំបន់មួយចំនួនក្នុងប្រទេសនេះ នៅតែត្រូវកាត់ផ្តាច់ទំាងស្រុង ដោយមិនទាន់អាចផ្តល់ជំនួយទៅបាន ដោយសារតែផ្លូវធ្វើដំណើរត្រូវកាត់ផ្តាច់។
អភិបាលខេត្ត ជូចាន់ លោក ប៊យមួរូដ គុយយីនលី បានប្រាប់ទីភ្នាក់ងារ BBC ថា ប្រជាជនរាប់ពាន់នាក់ កំពុងរស់នៅតាមតង់ បន្ទាប់ពីផ្ទះដែលធ្វើអំពើដីឥដ្ឋ ត្រូវទឹកជំនន់បំផ្លាញ។
លោកបន្តថា អ្នកស្លាប់នៅក្នុងខេត្តរបស់លោក បានកើនឡើងដល់ ៧០នាក់ហើយ។ ដោយឡែកមន្រ្តីមកពីខេត្ត ដែលរងការវាយប្រហារដោយ ទឹកជំនន់ពីរផ្សេងទៀត ក៏បានលើកឡើងផងដែរថា ចំនួនអ្នកស្លាប់ដែលគេបានរកឃើញ បន្តបន្ទាប់បានកើនឡើងដល់ ៣១នាក់ និងនៅខេត្តមួយទៀត គឺ ៤៣នាក់។
ចំណែកជំនួយវិញ អភិបាលខេត្ត ជូចាន់ បានលើកឡើងថា ខេត្តរបស់លោកបានទទួលជំនួយ គិតជាទឹកប្រាក់ចំនួន ១៨.០០០ដុល្លារហើយពីរដ្ឋាភិបាល ហើយរដ្ឋាភិបាលសន្យា នឹងបន្តផ្តល់ជំនួយចំនួន ៣៦.០០០ដុល្លារទៀត។
សមាជិកសភាក្នុងស្រុកមួយរូបគឺលោក សាអ៊ីត អាន់វ៉ា សៅដេត បានប្រាប់ BBC ថា នៅស្រុកចំនួនពីរ ក្នុងខេត្ត សាអ៊ីពុល នៅតែត្រូវកាត់ផ្តាច់ពី ពិភពខាងក្រៅនៅឡើយ ដោយប្រជាជននៅទីនោះ មិនទាន់បានទទួលជំនួយនៅឡើយទេ។
លោកបន្តថា ទឹកជំនន់យ៉ាងគំហុគកាលពីសប្តាហ៍មុន បានធ្វើឲ្យប្រជាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លំាង ដោយសារប្រជាជនរាប់រយនាក់ បានជាប់នៅលើដំបូលផ្ទះ ដោយត្រូវការជំនួយជាចាំបាច់ ពីកងកម្លំាងឧទ្ធម្ភាគចក្រ៕