ភ្នំពេញ៖ កម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” ឬ "Hear My Song" បានធ្វើការបញ្ឈប់ទទួលពាក្យ កាលពីថ្ងៃទី៣០ មេសា កន្លងទៅនេះហើយ ដោយកម្មវិធីនឹងជ្រើសរើសយក បទចម្រៀងជាស្នាដៃ តែងនិពន្ធថ្មីលេខធ្លោ ១០នាក់ប៉ុណ្ណោះ ដើម្បីឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ ចង់ដឹងទេ នរណាខ្លះនឹងក្លាយជាបេក្ខភាពទាំង ១០ រូប ក្នុងកម្មវិធី Hear My Song 2014?
មន្ត្រីគម្រោងកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” កញ្ញា សួន ពលិកា ប្រាប់ថា កម្មវិធី Hear My Song បានឆ្លងផុតដំណាក់កាលទី១ហើយ ដោយក្នុងនោះ កម្មវិធីនឹងបិទបញ្ចប់ការទទួលពាក្យ របស់បេក្ខជន បេក្ខនារីនៅថ្ងៃ ៣០ ខែមេសា ស្អែកនេះ។
នៅបន្ទាប់ពីឈប់ទទួលពាក្យ របស់បេក្ខជនពីគ្រប់មជ្ឈដ្ឋានហើយ គណៈកម្មការផ្ដល់ពិន្ទុសម្រេច វិនិច្ឆ័យស្នាដៃបទចម្រៀងតែងនិពន្ធ ថ្មីទាំងអស់ ដែលបេក្ខជន បេក្ខនារីបានផ្ញើចូលរួមប្រកួត ក្នុងកម្មវិធីខាងលើ ហើយក្នុងនោះ គឺជ្រើសរើសយកតែស្នាដៃ បទចម្រៀងថ្មី ១០ ប៉ុណ្ណោះ ដើម្បីឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
កញ្ញា សួន ពលិកា បញ្ជាក់ថា “មកទល់ថ្ងៃនេះ យើងសង្កេតឃើញថា មានបេក្ខជនជាច្រើនបានដាក់ពាក្យ ប្រកួតប្រជែងក្នុងកម្មវិធីរបស់ យើងជាពិសេសសប្ដាហ៍ចុងក្រោយនេះ។ ក៏ប៉ុន្តែគណៈកម្មការរបស់យើងវិនិច្ឆ័យ ជ្រើសរើសយកចម្រៀងថ្មីដែល លេចធ្លោ ១០ ប៉ុណ្ណោះ ដើម្បីឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រ”។
ប្រធានគម្រោងខាងលើបានបន្តថា នៅថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខ គណៈកម្មការទាំងអស់ក្នុងកម្មវិធី Hear My Song នឹងបើកការប្រជុំ ហើយនឹងវិនិច្ឆ័យជ្រើសរើសវីដេអូចម្រៀង ដែលល្អបំផុតទាំង ១០ ដើម្បីស្វែងរកជយលាភីពីលេខ ១ ដល់លេខ ៣។ ក្រោយពីជ្រើសរើសបាន បេក្ខភាពទាំង ១០ នាក់ ហើយ គណៈកម្មការកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” នឹងជួបជាមួយបេក្ខភាពដើម្បីណែនាំ កែតម្រូវទំនុកភ្លេង និង ចម្រៀងទាំងនោះបន្ថែមទៀត ដើម្បីត្រៀមប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
ក្នុងនោះផងដែរ Sabay TV នឹងថតយកសកម្មភាព នៃការហ្វឹកហាត់បំប៉នសមត្ថភាព និងការសម្ដែងរបស់បេក្ខភាព ដើម្បីឱ្យមហាជនទូទៅបោះឆ្នោតគាំទ្រ។ កម្មវិធី Hear My Song នឹងដាក់ឱ្យប្រិយមិត្ត មិត្តៗយុវវ័យបោះឆ្នោតគាំទ្របេក្ខជន បេក្ខនារីខ្លួនពេញចិត្តរយៈពេលមួយខែ គឺចាប់ពីថ្ងៃទី ១៧ ខែ មិថុនា ដល់ថ្ងៃទី ១៨ខែកក្កដា ឆ្នាំ២០១៤។
កញ្ញា សួន ពលិកា បានបន្តទៀតថា ប្រិយមិត្ត និង មិត្តៗយុវវ័យអាចបោះឆ្នោតគាំទ្របេក្ខជន បេក្ខនារីដែលខ្លួនពេញចិត្តបាននៅលើ sabay.tv និង តាមរយៈប្រព័ន្ធទូរស័ព្ទ។ ជយលាភី ៣នាក់ចុងក្រោយ នឹងទទួលបានប្រាក់រង្វាន់ដូចជា ជយលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ ទូរសព្ទដៃ Nokia មួយគ្រឿង និងការចុះកុងត្រា១ឆ្នាំជាមួយ Sabay Music ។
ជយលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ ២ ពាន់ដុល្លារ ទូរស័ព្ទដៃ Nokia មួយគ្រឿង និង ការចុះកុងត្រា១ឆ្នាំជាមួយ Sabay Music ហើយជយលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ ១ពាន់ដុល្លារ ទូរស័ព្ទដៃ Nokia មួយគ្រឿង និង ការចុះកុងត្រាមួយឆ្នាំជាមួយ Sabay Music ដូចគ្នា។ ចំពោះការ ផ្ដល់ពិន្ទុកម្មវិធី ”ស្ដាប់ចម្រៀងរបស់ខ្ញុំ” ត្រូវបានមន្ត្រីគម្រោងខាងលើប្រាប់ថា ចែកចេញជា ៣ផ្នែក គឺផ្នែកទីមួយ ក្រុមគណៈកម្មការនឹងផ្ដល់ពិន្ទុឱ្យបេក្ខជន បេក្ខនារី ៣០ ភាគរយ ផ្នែកទីពីរ គឺការបោះឆ្នោតលើ sabay.tv និង ការបោះឆ្នោតតាមប្រព័ន្ធទូរស័ព្ទ បេក្ខជន បេក្ខនារីទទួលបាន ៤០ ភាគរយ និង ផ្នែកទីបី បេក្ខជន បេក្ខនារីត្រូវ បោះឆ្នោតឱ្យគ្នាទៅវិញទៅមក ក្នុងនោះពិន្ទុទទួលបានគឺ ៣០ភាគរយ។
កម្មវិធី Hear My Song ចាប់ផ្ដើមទទួលពាក្យពីបេក្ខជន បេក្ខនារី កាលពីថ្ងៃទី ៣០ ខែមីនា កន្លងទៅ ហើយនឹងត្រូវបញ្ចប់ការទទួលពាក្យថ្ងៃស្អែកនេះ។ នេះជារដូវកាលទីពីរហើយរបស់កម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” បន្ទាប់ពីកម្មវិធីខាងលើរៀបចំឡើងដោយទទួលបានជោគជ័យជាខ្លាំងកាល ពីឆ្នាំ២០១៣កន្លងទៅ។
Hear My Song ឆ្នាំ២០១៤ បានចុះធ្វើការប្រគំតន្ត្រីរបស់ខ្លួនជាច្រើន ក្នុងរាជធានីភ្នំពេញ ក្នុងនោះទទួលបានការគាំទ្រជាខ្លាំង ពីស្រទាប់មិត្តៗយុវវ័យ និងមហាជនទូទៅចំពោះការបណ្ដោះ និងលើកទឹកចិត្តការតែងនិពន្ធ បទចម្រៀងថ្មីនៅកម្ពុជា។
“ស្ដាប់ ចម្រៀងរបស់ខ្ញុំ” ឬ “Hear My Song” ទទួលការផ្ដួចផ្ដើមគំនិតពីក្រសួងព័ត៌មាន និងបានការសហការគាំទ្រ រហូតដល់ចុះហត្ថលេខា យោគយល់គ្នាជាមួយស្ថាប័ន មួយចំនួនទៀតរួមមាន គឺទី១ ក្រសួងព័ត៌មានខ្លួនឯង ក្រុមហ៊ុន Sabay Digital Corporation មជ្ឈមណ្ឌលតន្ត្រី Madison និង ក្រុមហ៊ុន TY KEA Co.,Ltd។ កម្មវិធីនេះក៏ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Smart ,Coca Cola , Nokia និង Tous Les Jours ផងដែរ៕