ក្រចេះ ៖ ពីធីប្រកាសផ្ទេរ ចូលកាន់មុខតំណែងថ្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ក្រោមអធិបតីភាព លោកស្រី ចាន់ សុធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី២ ខែឧសភា នៅសាលប្រជុំសាលាខេត្តក្រចេះ ។
ពិធីនោះក៏មានកាអញ្ជើញចូលរួម ពីសំណាក់ លោក សរ ចំរ៉ុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក ប្រធានសាលាដំបូង លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តច្រើនរូបទៀត ។
លោក ទី សុវណ្ណថាល អតីតជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សៀមរាប ដែលត្រូវបានប្រកាសផ្ទេរ មកជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ បាន ធ្វើការប្ដេជ្ញាចិត្ត ចំពោះគណៈអធិបតីថា លោកនឹងខិតខំបន្តពង្រឹង ពង្រីកវិសាលភាព កិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរខេត្ត ស្រុកគ្រប់កម្លាំងសមត្ថកិច្ច ការិយាល័យយុត្តិធម៌ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាក្នុងការដោះស្រាយសំណុំរឿង ជូនប្រជាជន ឲ្យមានយុត្តិធម៌ដល់បុគ្គលគ្រប់រូប ចំពោះមុខច្បាប់។
លោក ស្រី ចាន់ សុធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជំរុញឲ្យស្ថាប័នអយ្យការ សាលាដំបូងខេត្តក្រចេះ ត្រូវធ្វើយ៉ាងណា ពង្រឹងនិងលើកកម្ពស់ឯករាជភាព របស់តុលាការ ដើម្បីធ្វើឲ្យគេមើលឃើញថា ជាបុគ្គលដែលមានភាពសុចរិត និងយុត្តិធម៌ ជៀសវាងឲ្យបាន នូវការទុកចោល និងមិនចាត់ការ ធ្វើឲ្យបាត់ឯកសារ ឬ សំណុំរឿងផ្សេងៗ ត្រូវផ្លាស់ប្ដូរ គឺប្រកាន់ខ្ជាប់នូវស្មារតី និងយកឧត្តមគតិជាតិជាខ្ពស់ ក្នុងការស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ គ្រប់រូប៕