រតនគិរី ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី សហការជាមួយ កម្លាំងរដ្ឋបាល ព្រៃឈើខេត្ត ដឹកនាំដោយព្រះរាជអាជ្ញារង ម៉ម វណ្ណដា នៅរសៀល និងល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ នេះ បានចុះទៅឡោមព័ទ្ធ ផ្ទះជនជាតិវៀតណាម មួយកន្លែង ស្ថិតនៅ សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលលួចស្តុក ឈើគ្រញូង ជាច្រើនដុំ ។
សេចក្តីរាយការណ៍ ពីមន្រ្តី នគរបាល ដែលបានចូលរួម នៅក្នុង ប្រតិបត្តិការ ខាងលើនេះបានឲ្យ ដឹងថា ម្ចាស់ផ្ទះជនជាតិវៀតណាមខាងលើនេះ តែងតែនាំឈើ ទៅកាន់ ប្រទេសវៀតណាម ហើយមិនខ្លាច នឹងសមត្ថកិច្ចណា នោះឡើយ ។
ក្នុងប្រតិបត្តិការ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ខណៈម្ចាស់ផ្ទះមាន ឈ្មោះ ភៀន បានរត់គេចខ្លួនបាត់។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បាន បញ្ជាក់អំពីចំនួនឈើ នៅឡើយទេ ខណៈកំពុងរាប់នៅឡើយ ៕