ភ្នំពេញ ៖ កម្លាំង នគរបាល ខណ្ឌសែនសុខ ដឹកនាំបញ្ជាពីសំណាក់ លោក ម៉ក់ ហុង អធិការ នគរបាលខណ្ឌ បានបើកការ ស្រាវជ្រាវ និងធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ហើយឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ប្រដាប់អាវុធ នាពេលកន្លងទៅ។
ជនសង្ស័យ ទាំង២នាក់ ត្រូវបានចាប់ខ្លួន នៅក្នុង សហគមន៍ សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទីកន្លែងដែល ពួកគេលាក់ខ្លួន នៅទីនោះ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីមាន សកម្មភាពប្លន់ កើតឡើង ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ហើយករណីខ្លះ នៅក្នុងទឹកដី ខណ្ឌសែនសុខនោះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជាឲ្យកម្លាំង នគរបាលទាំង៩ខណ្ឌ និងកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវ តាមជំនាញ របស់ខ្លួន ដើម្បីតាមចាប់ ក្រុមចោរទាំងនោះ ។
ក្រោយពីទទួលបាន បទបញ្ជាពីថ្នាក់លើរួចមក អធិការ នគរបាលខណ្ឌ លោក ម៉ក់ ហុង បានដឹកនាំកម្លាំង នគរបាជំនាញ និងកម្លាំង នគរបាលមូលដ្ឋាន បើកការស៊ើបអង្កេត ទើបឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់មាន ឈ្មោះ ទូច ចំរើន អាយុ២៦ឆ្នាំ រស់នៅ សហគមន៍ សែនសុខ ។
ក្រោយការសួរនាំរួចមក កម្លាំងនគរបាល បានឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យប្លន់ ដ៏សកម្មភាពម្នាក់ទៀតមាន ឈ្មោះ លឹម ហេង អាយុ២៦ឆ្នាំ នៅក្នុងសហគមន៍សែនសុខ កាលពីវេលាម៉ោង ប្រមាណ ៨៖៣០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវលំលេខ២១៧ សង្កាត់ឃ្មួញ ហើយសមត្ថកិច្ច បានរកឃើញស្លាកលេខ ម៉ូតូជាច្រើន និងដកហូតកាំភ្លើង ខ្លីមួយដើមម៉ាកកា៥៩ ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ស្ថិតក្រោមការសាកសួរ បន្តទៀត ថាតើពួកគេជាប់ពាក់ព័ន្ធ និងសកម្មភាពប្លន់ នៅកន្លែងណាខ្លះ៕