ព្រះសីហនុៈ នារីម្នាក់ជានិស្សិត នៃសកលវិទ្យាល័យបញ្ញាសាស្ត្រភ្នំពេញ បានលង់ទឹកសមុទ្រស្លាប់នៅឆ្នេរអូរឈើទាល ។ នគរបាលមូលដ្ឋានបានប្រាប់ថា ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ០៩និង១០នាទីព្រឹក នៅឆ្នេរអូរឈើទាល ទល់មុខភោជនីយដ្ឋាន សួស្តី ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ហើយជនរងគ្រោះមានឈ្មោះ ឯក ស្រីលីន ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរជានិស្សិត ឆ្នាំទី៣ នៅសកលវិទ្យាល័យ បញ្ញាសាស្ត្រ ភ្នំពេញ ផ្នែកទេសចរណ៍ មានស្រុកកំណើតមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ បណ្តាលមកពីលង់ទឹក ។
ប៉ុន្តែបើសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះទំនងជាមានវិបត្តិផ្លូវចិត្ត ហើយមានប្រើប្រាស់គ្រឿងញៀនផងដែរ ព្រោះគេឃើញមានស្នាមអារដៃជា ច្រើនកន្លែង ។ សាក្សីដដែលបានបន្តថា ទំនងជានារីរងគ្រោះមានវិបត្តិផ្លូវចិត្ត ហើយត្រូវបានបុរសម្នាក់ជាមិត្តភក្កិ បានជូនមកលំហែកម្សាន្ត នៅក្រុង ព្រះសីហនុ ដើម្បីរំសាយកង្វល់ ប៉ុន្តែមិននឹកស្មានថា នាងសម្រេចចិត្តសម្លាប់ខ្លួនយ៉ាងដូច្នេះឡើយ ។
ក្រោយកើតហេតុ សពនារីរងគ្រោះត្រូវបានគេ យកទៅតម្កាល់ទុក នៅវត្តឥន្ធញ្ញាណ ហៅវត្តក្រោម រហូតដល់រសៀលថ្ងៃនេះ ត្រូវបងប្អូនមកទទួលយកត្រឡប់ ទៅ ស្រុកកំណើតនៅឯខេត្តសៀមរាមរួចហើយ ៕