ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននិងកំពុងស្ថិតនៅ ប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រៀម ចូលរួម កិច្ចប្រជុំកំពូល អាស៊ាន លើកទី២៤ នៅទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា ដែលប្រារព្ធធ្វើឡើង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ ។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មួយក្រុម ទៅចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន កាលពីវេលាម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ ហើយជាង១ ម៉ោងក្រោយ សម្តេច និងគណៈប្រតិភូ បានធ្វើដំណើរ ទៅដល់ទីក្រុងណៃពីដោ ។
មុនចេញដំណើរ អមសម្តេចនាយករដ្ឋមន្រ្តី ទៅចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន លើកទី២៤ លោក ស៊្រី ថាមរុង្គ រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី បានមាន ប្រសាសន៍ប្រាប់ក្រុម អ្នកយកព័ត៌មានថា នៅក្នុងកិច្ចប្រជុំ នាពេលនេះ មេដឹកនាំអាស៊ានទាំង១០ គ្រោងពិភាក្សា លើចំណុចដែល នៅសេសសល់ ដើម្បីសម្រេចបានសហគមន៍អាស៊ានតែមួយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ ៕
រូបថត AKP