បន្ទាយមានជ័យ៖ ភ្លៀងលាយ ខ្យល់យ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ បានធ្វើឲ្យ ផ្ទះប្រជាពលរដ្ឋ នៅស្រុកស្វាយចេក ចំនួន១២ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និងខ្លះទៀតប៉ើងដំបូល ។
មន្រ្តីនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ចាប់ពីវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ ស្រាប់តែមានបាតុភូតភ្លៀងលាយខ្យល់ មួយយ៉ាងខ្លាំង បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ នៅតាមភូមិ មួយចំនួន ត្រូវដួលរលំ និងប៉ើងដំបូល ។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយពីផ្ទះប្រជាពលរដ្ឋ ត្រូវរងការបំផ្លាញនោះ ក៏មានដងទង់ជាតិ ចំនួន២វត្ត ក៏ត្រូវបំផ្លាញផងដែរ។ ជាមួយគ្នានេះ បាតុភូតធម្មជាតិខាងលើ ក៏ធ្វើឲ្យប៉ះពាល់ដល់ សាលាបឋមសិក្សា សារង្គ២ខ្នងផងដែរ។
យ៉ាងណាក៏ដោយ ក្រោយទទួលព័ត៌មាន និងសេចក្តីរាយការណ៍ ខាងលើនេះភ្លាម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ បានបញ្ជា និងណែនាំឲ្យ កម្លាំងនគរបាលស្រុក និងតាមបណ្តាឃុំ ចុះជួយអន្តរាគមន៍ និងជួសជុល ផ្ទះប្រជាពលរដ្ឋ ទាំងនោះឡើងវិញជាបន្ទាន់ ដើម្បីឲ្យពួកគាត់អាចបន្តស្នាក់អាស្រ័យដូចធម្មតា ៕