ភ្នំពេញ៖ ក្នុងប្រជុំកំពូលអាស៊ានលើកទី២៤ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០១៤ ក្រៅពីលទ្ធផលសំខាន់ៗជាច្រើននោះ បញ្ហាវិបត្តិនៅក្នុងប្រទេសថៃ ក៏បានក្លាយទៅ ជាបញ្ហារួមនៅក្នុងប្រជុំកំពូលអាស៊ាននេះផងដែរ។
ឆ្លើយតបបញ្ហាវិបត្តិនយោបាយដ៏ហ្វឹកវរនៅក្នុងប្រទេសថៃនេះ បានជំរុញឲ្យកិច្ចប្រជុំកំពូលអាស៊ានបានចេញសេច ក្តីថ្លែងការណ៍រួម ដោយអំពាវនាវឲ្យថ្នាក់ដឹកនាំ និងអ្នកនយោបាយប្រទេសថៃ រួមគ្នាដោះស្រាយវិបត្តិដោយសន្តិវិធី កុំឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត ធ្វើយ៉ាងណានាំប្រទេសមួយនេះ វិលទៅប្រក្រតីភាពឡើងវិញ។ សេចក្តី ប្រកាសរួមមួយនេះ បានធ្វើឡើងនៅក្រោយពេលមានការស្នើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅព្រលានយន្តហោះពេលអមដំណើរសម្តេចតេជោ ហ៊ុន សែន ត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាននាប្រទេសមីយ៉ាន់ម៉ា នៅវេម៉ោងជាង៨យប់ថ្ងៃទី១១ ខែឧសភា បានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងប្រជុំចំនួន៤ដាច់ដោយឡែកពីគ្នា គឺកិច្ចប្រជុំចំហ ចង្អៀត និងកិច្ចប្រជុំជាមួយ ដៃគូពាក់ព័ន្ធផ្សេងៗទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រមុខដឹកនាំប្រទេសជាសមាជិកអា ស៊ានទាំងអស់ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ។ សម្តេចនា យករដ្ឋមន្រ្តីកម្ពុជា ក៏បានស្នើឲ្យកិច្ចប្រជុំកំពូលអាស៊ាននេះ ចេញសេចក្តីថ្លែងការណ៍រួមមួយឆ្លើយតបទៅនឹងបញ្ហា ដ៏វឹកវរក្នុងប្រទេសភូមិផងរបងជាមួយកម្ពុជាមួយនេះ។
ជាលទ្ធផលមេដឹកនាំប្រអាស៊ានទាំង១០ បានឯកភាពគ្នា ព្រមទាំងចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះវិបត្តិ នយោបាយនៅក្នុងប្រទេសថៃតែម្តង។
សូមបញ្ជាក់ថា វិបត្តិនយោបាយនៅក្នុងប្រទេសថៃ បានឈានដល់ភាពវឹកវរកាន់តែខ្លាំងឡើង បន្ទាប់ពីលោកស្រី យីងឡាក់ ត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែងកាលពីថ្ងៃសុក្រ កន្លងទៅនេះ។ ក្រុមអ្នកតវ៉ាបាននាំគ្នាចូល កាន់កាប់ស្ថានីយ៍ទូរទស្សន៍មួយចំនួន មិនឲ្យធ្វើការផ្សព្វផ្សាយព័ត៌មានអ្វីទាំងអស់ គ្រាដែលកម្លាំងប្រដាប់ត្រូវបាន គេដាក់ពង្រាងយ៉ាងតឹងរឹងកណ្តាលទីក្រុងបាងកក៕