Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ ធម្មលិខិត លាស់ ឡាយ យាងចូល ១០០ព្រះវស្សា

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកុមារភាពជាក្មេងវត្ត រួមនិង ភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចសុគន្ធវារី ប្រគេនសម្តេច ព្រះធម្មលិខិត លាស់ ឡាយ ក្នុងព្រះជន្មាយុ ៩៩ ព្រះវស្សា យាងចូល ១០០ ព្រះវស្សា នៅវត្តសន្សំកុសល។

ពិធីបុណ្យចម្រើនព្រះជន្មប្រគេនសម្តេចព្រះធម្មលិខិត លាស់ ឡាយ ដើម្បីជាការតបស្នងសងគុណ និងបំពេញ កត្តញ្ញូតាធម៌នេះ ក៏មានការនិមន្តចូលរួមពីសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចសង្ឃ នន្ទ ង៉ែត មន្រ្តីសង្ឃជាន់ ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន នាក់ផ្សេងទៀត។

មុននឹងចាប់ផ្តើមស្រោចសុគន្ធវារី សម្តេចតេជោ  ហ៊ុន សែន បានមានប្រសាសន៍គូសបញ្ជាក់ថា ពិធីបុណ្យចម្រើន ព្រះជន្មប្រគេនសម្តេចព្រះធម្មលិខិត លាស់ ឡាយ ទាំងរូបសម្តេច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសិស្សគុណ និងពុទ្ធបរិស័ទជិតឆ្ងាយ បានបំពេញនូវកុសល និងបានធ្វើជាសិស្សដ៏កត្តញ្ញូរបស់ព្រះអង្គ។

បន្ទាប់ពីការថ្លែងសំណេះសំណាល សម្តេចព្រះសង្ឃរាជ ទេព វង្ស និង សម្តេចសង្ឃ នន្ទ ង៉ែត បាននិមន្តស្រោច ស្រង់ព្រះសុគន្ធវារី ថ្វាយសម្តេច ព្រះធម្មលិខិត លាស់ ឡាយ បន្ទាប់មកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញស្រោចស្រង់ព្រះសុគន្ធវារីប្រគេនសម្តេចព្រះធម្មលិខិត លាស់ ឡាយ ជាក្រោយ ។           

សម្តេច ព្រះធម្មលិខិត លាស់ ឡាយ ទោះបីព្រះជន្ម១០០ព្រះវស្សាហើយក្តី តែបញ្ញាស្មារតីរបស់ព្រះអង្គ នៅរឹងមាំ និងចងចាំបានល្អប្រសើរ។

សម្តេចព្រះធម្មលិខិត លាស់ ឡាយ បានប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ.ស ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្តកណ្តាល។

កុមារភាព លាស់ ឡាយ បានរៀនអក្សរពីសំណាក់បិតាចេះអានបានខ្លះៗ ទើបមាតាបិតា ឲ្យទៅសិក្សាអក្សរនៅវត្តស្បែង ក្នុងសំណាក់ព្រះគ្រូ សុមេធង្ករ ព្រះនាម ឯក គាំ ជាចៅអធិការវត្តស្បែង។ លុះអាយុ ១២ឆ្នាំ មាតាបិតា បានឲ្យកុមារ លាស់ ឡាយ បួសជាសាមណេរ ក្នុងសំណាក់ព្រះគ្រូសុមេធង្ករ ឯក គាំ ដែលជាព្រះឧបជ្ឈាយ៍។ ក្នុងឆ្នាំ១៩៦៥ ក្រសួងធម្មការ បាននិមន្តភិក្ខុ លាស់ ឡាយ ឲ្យទៅសិក្សាអប់រំ ផ្នែកគរុកោល្យ នៅសាលាពុទ្ធិកវិទ្យា ល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ ចំនួន១ខែ រួចក្រសួងបានចេញសញ្ញាប័ត្រវិក្រិត្យការគរុកោសល្យ ឲ្យបង្រៀនបាលីថ្នាក់ពិសេស ក្នុងវត្តមហាមន្ត្រីម្តងទៀត។

ក្រោយមកក្រសួង បានចេញបសំសនិយប័ត្រ ប្រគេនមួយទៀត ជាការលើកទឹកចិត្ត និងសម្តេចព្រះសង្ឃរាជ ជួន ណាត បានតែងតាំងងារ ជាព្រះគ្រូ ឃោសាភិត័ត្ន ជាឋានានុក្រមសង្ឃថែមទៀត។ ឆ្នាំ១៩៧០ គណៈសង្ឃវត្តមហាមន្ត្រី បានជ្រើសតាំងជាប្រធាន នៃគណៈសង្ឃ សម្រាប់វត្តមហាមន្ត្រី។

ឆ្នាំ១៩៧៥ ពួកប្រល័យពូជសាសន៍ បាននិរទេសភិក្ខុ លាស់ ឡាយ យកទៅផ្សឹកនៅវត្តមណ្ឌប ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឆ្នាំ១៩៧៨ ពួកទមិឡឥតសាសនា បានយកបណ្ឌិត លាស់ ឡាយ ទៅសម្លាប់រហូតដល់ទៅពីរ ដងនៅឡពាងធារី ប៉ុន្តែដោយគុណបុណ្យបារមី ជួយថែរក្សាការពារបណ្ឌិត លាស់ ឡាយ បានរួចខ្លួនពីការសម្លាប់ វិញ ដោយពួកវាប្រញាប់យករថយន្ត ទៅដឹកទាហាន ព្រះចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កំពុងធ្វើការសម្រុកចូលមកយ៉ាងខ្លាំងក្លា។ ឆ្នាំ១៩៧៩ បណ្ឌិត លាស់ ឡាយ បានចូលមកភ្នំពេញវិញ ហើយបានបំពេញឧប សម្បទាជាថ្មី នៅវត្តសន្សំកុសល សង្កាត់លេខ៥ ក្រុងភ្នំពេញ រួចបានបំពេញជាភិក្ខុភាព ពេញលក្ខណៈនៅវត្តឧណ្ណាលោម ដោយព្រះវិន័យធរ ទេព វង្ស ជាព្រះឧបជ្ឈាយ៍។

ក្នុងព្រះជន្មរបស់ព្រះអង្គបានកសាងនូវស្នាព្រះហស្ថជាច្រើន ដោយបានរៀបរៀងសៀវភៅធម៌ចំនួន ១៦ប្រភេទ និងកសាងសមិទ្ធផលបានយ៉ាងច្រើនផ្សេងទៀត សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា នៅវត្តមហាមន្ត្រី និងវត្តសន្សំកុសល៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>