ភ្នំពេញៈ មន្រ្តីកម្ពុជា បានសម្តែង ការព្រួយបារម្ភ ចំពោះ ការជួញដូរផ្លូវភេទ ដល់ពលករខ្មែរ នាពេលកន្លងមក ដែលបានជ្រក នៅក្រោមស្លាក ការឆ្លងដែន ដោយខុសច្បាប់ ទៅធ្វើការ នៅក្រៅប្រទេស ។
ក្នុងជំនួបជាមួយ លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ លោកស្រី ជូ ប៊ុនអេង បានមាន ប្រសាសន៍ថា “កន្លងមកយើង បានសិក្សាឃើញថា បញ្ហាជួញដូរមនុស្ស បានជ្រកក្រោមស្លាក ការធ្វើទេសន្តរប្រវេស្តន៍ ដូច្នេះអ្វីដេលយើងព្យាយាមធ្វើ គឺចូលរួម បង្កាទប់ស្កាត់ និងដោះស្រាយបញ្ហាសេសសល់” ។
ជាមួយគ្នានេះ លោកអ៉ិត សំហេង បានមានប្រសាសន៍ថា ទេសន្តរប្រវេស្តន៍បានក្លាយជាប្រធានបទ ក្តៅគគុកមួយ ជាពិសេស ក្រោយការបោះឆ្នោត ដែលលេចឡើង នូវបញ្ហា ពលករតាមផ្ទះនៅម៉ាឡេស៊ី ពលករនៅប្រទេសថៃ ជាដើម។
ប៉ុន្តែលោកក៏បានលើកឡើងដែរថា ក្រសួងកំពុងដោះស្រាយបញ្ហា ទេសន្តរប្រវេស្តន៍ទាំងនោះ ដោយរៀបចំឱ្យ ពលករទាំងអស់ ដែលទៅធ្វើការងារនៅក្រៅប្រទេស មានលក្ខណៈស្របច្បាប់ឡើងវិញ រួមទាំងការបង្កើតច្រក ចេញចូលតែមួយ ដើម្បីបង្កាទប់ស្កាត់ការឆបោកជាដើម ។
លោកមានប្រសាសន៍ថា “ការជ្រើសរើសពលករទាំងអស់ ទោះបីជាជ្រើសរើសដោយឯកជន ឬក៏ជ្រើសរើស ដោយក្រសួង គឺចូលមកតាមច្រក របស់ក្រសួងតែមួយ បានន័យថា នៅតាមខេត្តនានា មិនអនុញ្ញាឱ្យ នរណាម្នាក់ ឬអង្គការណាមួយ ទៅដើរជ្រើសរើសតាមតែចិត្តទេ ។ អ្នកទៅជ្រើសរើសត្រូវមាន លិខិតសម្គាល់ខ្លួន មានលិខិត អនុញ្ញាត ឯកសណ្ឋាន ហើយត្រូវតែចូលទៅតាមច្រកចេញចូលតែមួយ របស់មន្ទីរការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត ហើយដោយមានការគ្រប់គ្រង ដោយអាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់” ៕