កំពត៖ នៅរង្វង់មូលទុរេន ទីរួមខេត្តកំពត នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ មានព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដឹកនាំដោយលោកឣភិបាល ខេត្ត ខូយ ឃុនហ៊ួរ ប្រមូលជួបជុំគ្នា ធ្វើការដង្ហែក្បួន ដើម្បីគោរពថ្ងៃបុណ្យពិសាខបូជា សំដៅរំលឹកគុណូបការ: ទៅដល់ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ប្រសូត្រ-ត្រាសដឹង និងបរិនិព្វាន។
មនុស្សនៅទូទាំងសកលលោក ឣ្នកកាន់សាសនាព្រះពុទ្ធទាំងឣស់ មិនថាឡើយជនជាតិឣ្វីទេ សុទ្ធតែគោរពនូវថ្ងៃពិសាខបូជានេះ ចំនឹងថ្ងៃទី១៥កើត ខែពិសាខ ឆ្នាំមមី ឆស័ក-ពុទ្ធិស័ក២៥៥៨។ ដោយឡែកនៅប្រទេសកម្ពុជាវិញ ពលរដ្ឋខ្មែរតែងតែ គោរពនៅថ្ងៃបុណ្យពិសាខបូជានេះ ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។
ការដង្ហែនេះដែរ គឺសំដៅឆ្ពោះទៅជួបជុំស្មឹងស្មាធិ គោរពព្រះសម្មាសម្ពុទ្ធ នៅឯទីលានក្នុងវត្ត "ជ័យឧដុង្គ" ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ក្រាំងឣម្ពិល ក្រុងកំពត ខេត្តកំពត៕