ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ តំណាងក្រុមហ៊ុនកាល់តិច និងបុគ្គលិក ដែលបានធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែនោះ បានជួបប្រជុំគ្នា ប៉ុន្ដែនៅតែពុំមានលទ្ធផលល្អ ដោយភាគីខាងបុគ្គលិកកាល់តិច មិនទទួលយកតាមសំណើ របស់ភាគីក្រុមហ៊ុន។
នៅក្នុងលទ្ធផលនៃជំនួបនោះ ត្រូវបានឲ្យដឹងថា ការស្នើសុំឡើងប្រាក់បៀវត្សរ៍ រហូតដល់ទៅ ១៦០ដុល្លារក្នុងមួយខែ ពីសំណាក់បុគ្គលិកនោះ ភាគីក្រុមហ៊ុននឹងយកទៅសិក្សា ពិនិត្យមើល រយៈពេល ២-៣ខែទៀត ឯចំណុចមួយទៀត ការទាមទារឲ្យមាន ប្រាក់ខែទី១៣នោះ ភាគីក្រុមហ៊ុនបានអះអាងថា ប្រាក់រង្វាន់នោះ ក្រុមហ៊ុនបានផ្ដល់ឲ្យជារៀងរាល់ខែ ដល់បុគ្គលិកគ្រប់ៗគ្នាអស់ហើយ។
ពាក់ព័ន្ធនឹងកិច្ចពិភាក្សាទាំងពីរចំណុចនោះ ត្រូវបានបុគ្គលិកកាល់តិច ថ្លែងឲ្យដឹងថា ពួកគេមិនអាចទទួលយក នូវការលើកឡើងរបស់ភាគី ក្រុមហ៊ុននោះបានទេ។