ភ្នំពេញ ៖ ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ បានបញ្ជូន ជនសង្ស័យ២នាក់ ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ដោយជនសង្ស័យម្នាក់ គឺជាមុខសញ្ញា ដើរលួចកាច់កញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ពីជនសង្ស័យទី១។
មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា ក្រោយពីបានចាប់ខ្លួន និងសួរនាំ ព្រមទាំងបញ្ចប់ នីតិវិធីរបស់ខ្លួនរួចមក ការិយាល័យ បានបញ្ជូនជនសង្ស័យទាំងនេះ ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់។
មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យដែលជាមុខ សញ្ញាកាច់កញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋនោះមានឈ្មោះ ព្រំ ធី ហៅ ចយ អាយុ២៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ដោយឡែក ជនសង្ស័យដែលទទួលផល ចោរកម្មមាន ឈ្មោះ ឡុក សុខជា ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល បានបន្តថា ក្រោយពីមានបទបញ្ជាពី សំណាក់ស្នងការ នគរបាលរាជធានីភ្នំពេញ និងស្នងការរង ជួន ណារិន្ទ ឲ្យធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ក្រុមចោរដែលតែងតែ ធ្វើសកម្មភាព កាច់កញ្ចក់រួចមកនោះ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ នាយការិយាល័យ បានបើកការស៊ើបអង្កេត តាមជំនាញរបស់ខ្លួន រហូតដល់ ការចាប់ខ្លួន ជនសង្ស័យ ព្រុំ ធី ហៅចយ នៅក្បែរទីលាន ប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ ដោយរកឃើញវត្ថុតាង ជាក់ស្តែង នៅនឹងខ្លួនដូចជា កាំបិត១ ទួលឡឺវីស១ និងកញ្ចក់មួយគូរ ។
មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយពីចាប់ខ្លួន ជនសង្ស័យនេះរួច និងក្រោយការសួរនាំ កម្លាំងនគរបាល បានសុំគោលការ ពីលោកស្នងការ និងស្នងការរង ព្រមទាំងមានការ ឯកភាពពីតំណាង អយ្យការផងនោះ បានចុះទៅ ឆែកឆេរតូបលេខ២៥៩ របស់ជនសង្ស័យ ឡុក សុខជា ស្ថិតនៅតាមផ្លូវលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយរកឃើញ កញ្ចក់ចំនួន៤៤ ដែលជនសង្ស័យរូបនេះ គឺជាអ្នកទទួលទិញពីក្រុមចោរទាំងនោះ។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ។
សូមបញ្ជាក់ថា ជនសង្ស័យដែលត្រូវ ចាប់ខ្លួននេះ គឺជាក្រុមដែលតែងតែ ធ្វើសកម្មភាព កាច់កញ្ចក់រថយន្ត យ៉ាងសកម្មភាព ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដូច្នេះប្រជាពលរដ្ឋ ពិតជាសប្បាយចិត្តណាស់ នៅពេលឃើញ សមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនពួកគេ ៕