ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៣នាក់ ត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌ ខណ្ឌដូនពេញ ដេញចាប់បាន ជាបន្តបន្ទាប់ រហូតដល់ផ្ទុះអាវុធ មួយគ្រាប់ផងដែរ កាលពីវេលាម៉ោងប្រមាណ ៨៖៥០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅ ម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ក្រោយពីជនសង្ស័យ ទាំងនេះ បានធ្វើកម្មភាពឆក់កាបូប ពីនារីម្នាក់ តាមដងផ្លូវ ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឲ្យដឹងថា ខណៈនារីម្នាក់ កំពុងជិះម៉ូតូ ម៉ាកកូនទា ចេញពីហាង អ៊ុតសក់ តែម្នាក់ឯង តាមផ្លូវលេខ៤៩ លុះពេលមកដល់ កែងផ្សារតាប៉ាង ស្រាប់តែ លេចមុខ ជនសង្ស័យ ៣នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកស្មាស់ មកអែបខាងឆ្វេងធ្វើសកម្មភាព ឆក់កាបូបពីនារីរងគ្រោះ ។
ភ្លាមៗនោះ ស្រាប់តែត្រូវ ជនរងគ្រោះ ស្រែកឆោឡោ ធ្វើឲ្យមានការ ភ្ញាក់ផ្អើល ហើយគាប់ជួន កម្លាំងនគរបាល ដែលកំពុងចុះល្បាត នៅក្បែរនោះ ក៏ហក់ធាក់ឲ្យដួល និងបាញ់មួយគ្រាប់ ដើម្បីគំរាម ហើយចាប់ជនសង្ស័យ២នាក់ ខណៈជនសង្ស័យ ម្នាក់ទៀត លោតចូលទៅ ក្នុងបរិវេណអង្គភាព ប្រឆាំងអំពើពុករលួយ ក៏ត្រូវចាប់ខ្លួនបានពេលនោះតែម្តង ។
បើតាមសមត្ថកិច្ច នៅក្នុងកាបូប របស់ជនរងគ្រោះបានបាត់ ទូរស័ព្ទដៃមួយគ្រឿង។ យ៉ាងណាក៏ដោយ ជនសង្ស័យទាំង៣នាក់ ស្ថិតក្រោមការសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ក្រោយពីមានការណែនាំពីសំណាក់ លោកស្នងការ និងស្នងការទទួលផែនព្រហ្មទណ្ឌ ក្នុងការរក្សាសន្តិសុខ តាមមូលដ្ឋានរួចមក អធិការនគរបាល ខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំង នគរបាលតាមប៉ុស្តិ៍ ចុះល្បាតជាប្រចាំក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីជួយអន្តរាគមន៍ និងទប់ស្កាត់រាល់ បទល្មើសដែលកើតមានឡើង ។
ជាក់ស្តែង ដូចជាករណី ខាងលើនេះ ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល ដែលចុះល្បាតនៅក្បែរនោះ បានជួយទាន់ពេលវេលា ៕