Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិចារណកថាៈ មូលហេតុ នៃវិនាសកម្ម ឈើប្រណីត នៅកម្ពុជា

$
0
0

មកដល់ពេលនេះ ឈើប្រណីត ក្នុងប្រទេសកម្ពុជា ជាពិសេស ឈើគ្រញូង ស្ទើរតែរលាយផុត ពូជពីទឹកដី កម្ពុជាទៅ ហើយដោយសារ តែកាប់បំផ្លាញ យ៉ាងពេញបន្ទុក ពីក្រុមជនល្មើស ដែលគិតគូរ តែផលប្រយោជន៍ ផ្ទាល់ខ្លួន ។ កន្លងមក ព្រៃឈើ នៅក្នុងខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តកោះកុង ជាដើមសំបូរ ទៅដោយឈើគ្រញូង ប៉ុន្តែឥឡូវនេះ សូម្បីតែគល់គ្រញូង ឬប្ញស គ្រញូងក៏គ្មាន សល់ដែរ ។ ប្រការនេះមកពី ប្រទេសចិន ដែលមានសន្ទុះ សេដ្ឋកិច្ចរីកចម្រើនខ្លាំង ត្រូវការវត្ថុប្រណីត ដែលផលិត ចេញពីឈើគ្រញូង ហេតុនេះហើយ ទើបឈើគ្រញូងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេស មួយចំនួនទៀត នៃតំបន់ ទន្លេមេគង្គ ត្រូវប្រឈមនឹងវិនាសកម្មគួរឲ្យ សោកស្តាយ ។ នៅពេលដែលឈើគ្រញូង រលាយស្ទើរផុតពូជនៅកម្ពុជា គឺក្រុមឈ្មួញទុច្ចរិត បានបញ្ចុះបញ្ចូលឲ្យពល រដ្ឋខ្មែររស់នៅតំបន់ព្រំដែន ដូចជានៅខេត្តឧត្តរមានជ័យ ជាដើម ចូលទៅកាប់ឈើគ្រញូង នៅលើទឹកដីថៃក្នុងខេត្តស៊ីសាកេត និងខេត្តសុរិន្ទធ្វើឲ្យទាហាន ឈុតខ្មៅការពារ ព្រំដែនថៃ បាញ់សម្លាប់ជាច្រើន នាក់ក្នុងមួយឆ្នាំៗ ។

តាមរបាយការណ៍ របស់ទីភ្នាក់ងារអន្តរជាតិ ស្តីពីបរិស្ថាន (EIA) ដែលចេញផ្សាយ កាលពីពេលថ្មីៗនេះ បានលាត ត្រដាងថា វិនាសកម្មព្រៃឈើ នៅកម្ពុជា គឺដោយសារតែប្រទេសចិន មានតម្រូវការគ្រឿង សង្ហារឹមដែលផលិត ចេញពីឈើ ប្រណីត និងធ្វើពាណិជ្ជកម្មឈើប្រណីត នៅតំបន់ ទន្លេមេគង្គ រួមមានប្រទេសវៀតណាម កម្ពុជា ថៃ និងភូមាជាដើម ។ បើតាមរបាយការណ៍នោះបានឲ្យដឹងថា ចិនគឺជាប្រទេស តែមួយគត់ ដែលមានអាជ្ញាប័ណ្ណក្នុងការ នាំចូល ឈើពីប្រទេស នៅក្នុងតំបន់ទន្លេមេគង្គដែលគិតជាទឹកបា្រក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ។ ឈើដែល ប្រទេសចិនត្រូវការបំផុត គឺ ឈើគ្រញូង និងឈើក្រហមសម្រាប់ផលិតគ្រឿង សង្ហារឹមប្រភេទហុងមុ ដែលមានតម្លៃ ខ្ពស់ កប់ ពពក ហើយមាន តែមហា សេដ្ឋី និងសេដ្ឋីក្នុងប្រទេសចិន ទើបមានលទ្ធភាពទិញគ្រឿង សង្ហារឹមដ៏មានតម្លៃ ទាំងអស់នោះ ។ ជាក់ស្តែងតាមរបាយ ការណ៍មួយបាន ឲ្យដឹងថា គ្រែផលិតពីឈើគ្រញូង មួយត្រូវបានគេលក់ ក្នុងតម្លៃ ដល់ទៅជាង១លានដុល្លារអាម៉េរិកនៅទី ក្រុងសៀងហៃប្រទេសចិន ព្រោះអ្នក មានក្នុងប្រទេសចិន និយមគ្រឿងសង្ហារឹមផលិតពីឈើ ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅក្នុងប្រទេសកម្ពុជា សមត្ថកិច្ច រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធធ្លាប់ បង្រ្កាប រថយន្តយីឌុបដឹកជញ្ជូន ឈើប្រណីតរាប់រយម៉ែត្រ គូបចេញពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចូលមកខេត្ត សៀមរាប ដែលឈើប្រណីតទាំងនោះ មានតម្លៃរាប់ លានដុល្លារ ។ មិនតែប៉ុណ្ណោះនៅតាម ផ្លូវជាតិលេខ៦ក្នុងខេត្តសៀម រាប និងខេត្តកំពង់ធំ ក៏ដូចជាតាមផ្លូវជាតិលេខ៥ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានបង្ក្រាបរថយន្តទំ នើបៗដឹកជញ្ជូនឈើប្រណីតយកទៅលក់ នៅប្រទេសវៀតណាមតាមច្រកព្រំដែន ខេត្តកំពង់ចាម ច្រកបន្ទាយចក្រីខេត្ត ព្រៃវែង និងច្រកជ្រៃធំ ខេត្តកណ្តាលជាដើម ។ ថ្វីបើសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា ចេញបទបញ្ជាឲ្យមានការទប់ស្កាត់ បទល្មើសដឹកជញ្ជូនឈើប្រណីត ទាំងក្នុងស្រុក និងចេញទៅ ក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏ក្រុមជនល្មើសនៅ តែហ៊ាន បំពានយ៉ាងគឃ្លើនដដែល ។ ប្រការនេះតម្រូវឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមទៀត ព្រោះបច្ចុប្បន្នបទល្មើសដឹក ជញ្ជូនឈើប្រណីត និងសង្គ្រាមឈើប្រណីតប្រឡាក់ឈាមនៅតែកើតឡើង គួរឲ្យព្រួយបារម្ភដដែល ។

នៅក្នុងរបាយការណ៍ របស់ទីភ្នាក់ងារអន្តរជាតិ ស្តីពីបរិស្ថានបានឲ្យដឹងថា ប្រទេសចិន គឺជាប្រទេសតែមួយគត់ ដែលមានលេខកូដពន្ធគយ នាំចូលឈើពីប្រទេស ក្នុងតំបន់ទន្លេមេគង្គ ហើយក៏ជាប្រទេសលេចធ្លោ ជាងគេក្នុងការ ធ្វើពាណិជ្ជកម្ម នាំចូលឈើពីប្រទេសតំបន់ ទន្លេមេគង្គ រួមមាន ឡាវ វៀតណាម ថៃ កម្ពុជា និងភូមា ហើយការផ្គត់ផ្គង់ ឈើដល់ ប្រទេសចិន ក៏អាចជាមូលហេតុនៃវិនាសកម្ម ឈើប្រណីតក្នុងប្រទេស កម្ពុជាដែរ ។ របាយការណ៍បានឲ្យ ដឹង ទៀតថា គិតពីឆ្នាំ២០០០ ការដឹកឈើទៅប្រទេសចិនមានជាង ១,៦លានម៉ែត្រគូប ក្នុងនោះជិតពាក់កណ្តាល គឺជាឈើគ្រញូង ដែលមានតម្លៃប្រមាណ ២៤០០លានដុល្លារអាម៉េរិក ។ មានរបាយការណ៍មួយបានឲ្យដឹងថា ការដឹកឈើចេញពីកម្ពុជា ទៅប្រទេសចិន តាមច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ក្នុងមួយថៃមានប្រមាណ ៣០កុងតឺន័រ ដែលមានតម្លៃដល់ទៅ រាប់លានដុល្លារ ។ នេះមិនទាន់គិតដល់ការនាំឈើ ប្រណីតចេញទៅប្រទេស វៀតណាម តាមច្រកព្រំដែន និងច្រករបៀង ក្នុងខេត្តកំពង់ចាម ក្រចេះ រតនគីរី និងមណ្ឌលគីរីយ៉ាងច្រើនសន្ធឹក សន្ធាប់ក្នុងមួយថ្ងៃៗនោះទេ ជាពិសេសឈើគ្រញូង ធ្នង់ បេង និងនាងនួនជាដើមស្ទើរ តែរលាយអស់ពីព្រៃស្រុកខ្មែរ ទៅហើយ ។

សរុបសេចក្តីមកតម្រូវការ ឈើប្រណីតប្រភេទគ្រញូង ដើម្បីផលិតគ្រឿងសង្ហារឹមហុងមុ នៅក្នុងប្រទេសចិនអាច មូលហេតុនៃវិនាសកម្មឈើគ្រញូង និងឈើប្រណីតផ្សេងៗទៀតក្នុងប្រទេសកម្ពុជាផងដែរ ។ អ្វីដែលគួរឲ្យព្រួយ បារម្ភ នោះគឺរយៈពេល២ឆ្នាំកន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរ រាប់សិបនាក់ ត្រូវស្លាប់បាត់បង់ជីវិត ដោយសារពួក គេឆ្លងដែន ខុសច្បាប់ចូលទៅកាប់ឈើគ្រញូងលើទឹកដីថៃយកមកលក់ឲ្យក្រុមឈ្មួញទុច្ចរិត ។ ដូច្នេះដើម្បីទប់ ស្កាត់បញ្ហានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការបង្រ្កាបក្រុមឈ្មួញធំៗ ដែលរកស៊ីដឹកជញ្ជូន ឈើគ្រញូងខុសច្បាប់ ប្រកប ដោយប្រសិទ្ធភាពឲ្យ ស្របទៅតាមបទបញ្ជាលេខ០២ របស់រាជរដ្ឋាភិបាលក្នុង ការទប់ ស្កាត់បទល្មើសបំផ្លាញព្រៃឈើ ។ ជាពិសេសការ ទប់ស្កាត់បទល្មើសបំផ្លាញឈើប្រណីតក្នុងខេត្តមណ្ឌលគីរី តំបន់ ព្រៃឡង់ ខេត្តស្ទឹងត្រែង រតនគីរី ព្រះវិហារ និងខេត្តពោធិ៍សាត់ គឺជារឿងសំខាន់ បំផុត ព្រោះបច្ចុប្បន្នក្រុម ឈ្មួញ ទុច្ចរិតកំពុងបំផ្លាញព្រៃឈើនៅក្នុងខេត្ត ទាំងនេះយ៉ាងគឃ្លើនបំផុត ដោយពួកគេមិនខ្លាចច្បាប់ទម្លាប់ អ្វីទាំងអស់ ។ ជាក់ស្តែងបទល្មើសនៅក្នុងខេត្តរតនគីរី មណ្ឌលគីរី និងស្ទឹងត្រែងត្រូវបានបង្រ្កាបជាញឹកញាប់ ដែលជា ភស្តុតាង បង្ហាញថា ឈើប្រណីត ក្នុង ប្រទេសកម្ពុជានៅតែ ទទួលរងវិនាសកម្មយ៉ាង គួរឲ្យសោកស្តាយបំផុត ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>