សៀមរាប : នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ លោក សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជា ប្រធានក្រុមការងារ ចុះជួយស្រុកក្រឡាញ់ បានអញ្ជើញ ជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយក្រុម ប្រឹក្សាឃុំ ក្នុងស្រុកក្រឡាញ់ និងប្រកាសបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ។
លោក សៀង ណាំ បានមានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុកខណ្ឌអាណត្តិទី២ ដែលបានចាប់ផ្តើម ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ក្នុងស្រុកក្រឡាញ់ មកនេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្នុងបរិយាកាសសេរី អព្យាក្រិត្យ អហិង្សា និងសុវត្ថិភាព ។
ក្នុងឱកាសនោះដែរ លោកក៏បានសម្ដែងនូវអំណរគុណ ចំពោះសមាជិកបក្សគ្រប់លំដាប់ថ្នាក់ ក្រុមការងារ បេក្ខជន និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានគាំទ្រកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៤-២០១៩ និងបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការឃោសនា របស់គណបក្ស ។
លោកបានបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវជឿទុកចិត្ត ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើជាតិ មាតុភូមិ ព្រោះថា ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ គឹមានតែគណបក្សប្រជាជាជនកម្ពុជា មួយគត់ដែល បានដឹកនាំការតស៊ូ សង្គ្រោះជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ បាននាំមកនូវសុខសន្តិភាព ពេញ លេញ ជូនប្រជាជន ហើយបានប្រកាន់ខ្ជាប់ នូវនយោបាយសន្តោសប្រណី ផ្សះផ្សា បង្រួបបង្រួមជាតិ និង បានស្តារ កសាងប្រទេសឡើងវិញ ពីលេខសូន្យ រហូតដល់ មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន ។ លោកក៏បាន អំពាវនាវ ដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែងទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវគោរពតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ របស់គណបក្សត្រូវត្រួតពិនិត្យ និងយកទៅជាប់ជា មួយនូវអត្តសញ្ញាណ សម្រាប់បម្រើការបោះឆ្នោត និងសូមអញ្ជើញទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជន កម្ពុជា ដែលមានរូបទេវតាជាសញ្ញាសម្គាល់ មានលំដាប់លេខរៀងទី២ ក្នុងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា កុំបីខាន នៅថ្ងៃអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ ៕