កំពង់ធំ ៖ ស្នងការនគរបាល ខេត្តកំពង់ធំ លោក ផាន់ សុផេង បានចោទប្រកាន់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា បានទទួលប្រាក់ពី ប្រធានរដ្ឋបាល សាលាខេត្តកំពង់ធំម្នាក់ ជាថ្នូរនឹងការជួយ ផ្សាយព័ត៌មាន រិះគន់ទៅលើ រូបលោក ពាក់ព័ន្ធនឹងអំពើពុករលួយ មួយចំនួន ដែលកូនចៅប្តឹង ជាពិសេស ជាប់ពាក់ព័ន្ធ និងការយឺតយ៉ាវ ក្នុងការបើកលុយ ទៅឱ្យមន្ដ្រីនគរបាលក្រោមឱវាទ ព្រមទាំងលិខិតព្រមានរបស់ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃផងដែរ ។
ការថ្លែងចោទប្រកាន់ដ៏ខ្លាំងក្លាបែបនេះ របស់លោក លោក ផាន់ សុផេង ធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៤នេះ នៅ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ ។
មន្រ្តីនគរបាលម្នាក់ ដែលចូលរួមក្នុងកិច្ច ប្រជុំខាងលើ បានថ្លែងឲ្យដឹងថា លោកស្នងការ បាននិយាយចោទប្រកាន់ ប្រធានរដ្ឋបាល សាលាខេត្តកំពង់ធំ លោក ឡង គីសឹង ជាមួយនឹង អង្គភាពព័ត៌មាន ដើមអម្ពិល បានស៊ុមគ្រលំគ្នា ឲ្យចុះផ្សាយអំពើពុករលួយ និងអំពើមិនប្រក្រតី មួយចំនួន របស់ស្នងការខេត្តកំពង់ធំ ជាថ្នូរនឹងផ្តល់ប្រាក់ ៥០០ដុល្លារ ដល់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ។
មន្រ្តីនគរបាលរូបនោះបានថ្លែងបញ្ជាក់ធ្ងន់ៗថា លោកស្នងការបានពោលពាក្យចោទ ប្រធានរដ្ឋបាល សាលាខេត្តកំពង់ធំរូបនោះ បានសន្យា ផ្តល់លុយ ដល់អង្គភាព ព័ត៌មានដើមអម្ពិល ទី១ ៖ ៥០០ដុល្លារសម្រាប់ការចុះផ្សាយព័ត៌មាន ទី២៖ ប្រសិនមានការដកពីតំណែងផ្តល់ប្រាក់ ១៥០០ដុល្លារ នឹងទី៣៖ ផ្តល់ប្រាក់ ៣០០០ដុល្លាសម្រាប់ ការចាប់លោកស្នងការដាក់ពន្ធនាគារ ។
ពាក់ព័ន្ធនឹងការករណីចោទ ប្រកាន់យ៉ាងធ្ងន់ធ្ងរបែបនេះ ពីសំណាក់លោកស្នងការនគរបាល ខេត្តកំពង់ធំ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សូមបដិសេធយ៉ាង ដាច់អហង្ការ ចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបែបនេះ ហើយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលសូមបញ្ជាក់ថា គ្រប់បុគ្គលិកគ្រប់ផ្នែកទាំងអស់ បូករួមទាំងសហការីប្រចាំតាមបណ្តាខេត្តទាំងអស់របស់ ដើមអម្ពិល ដែលកំពុងបំរើការងារ ពុំដែលបានស្គាល់ លោកប្រធានរដ្ឋបាល សាលាខេត្តកំពង់ធំនោះទេ និងមិនដែលបានទទួលប្រាក់មួយសេនណាឡើយ ពីមន្រ្តីសាលាខេត្តកំពង់ធំ ព្រមទាំងស្នើសុំឲ្យ បង្ហាញភស្តុតាង ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះផង ។