Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តីនគរបាលចំណុះ ស្នងការរដ្ឋានខេត្ត កំពង់ធំ ផ្គុំគ្នាប្តឹងស្នងការ ផាន់ សុផេង ទៅថ្នាក់លើ

$
0
0

កំពង់ធំ ៖ ក្រសួងមហាផ្ទៃ គួរពិចារណា ហើយឈានទៅ ដល់ការផ្លាស់ប្ដូរ ស្នងការ នគរបាល ខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ផ្កាយ១ ផាន់ សុផេង ដោយសារតែ មន្ដ្រីនគរ បាលក្រោមឱវាទ នៅតាមបណ្ដាឃុំ និងតាម បណ្ដាស្រុក បានផ្ទុះការតវ៉ា ជាបន្ដបន្ទាប់ តាមរយៈ ការសរសេរ ពាក្យបណ្ដឹងផ្ញើទៅ កាន់ថ្នាក់ដឹកនាំ ជាន់ខ្ពស់ ដូចជា ផ្ញើទៅកាន់ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ និងផ្ញើទៅកាន់លោក ហ៊ុន ម៉ាណែត សមាជិក គណៈកម្មាធិការ កណ្ដាល គណបក្ស ប្រជាជនកម្ពុជា ដោយរៀបរាប់ពី អំពើពុក រលួយ ការគាបសង្កត់ និងការដឹកនាំតាម រយៈរបៀបរបបផ្ដាច់ការ ក៏ដូចជា ការប្រកាន់ បក្ខពួកជាដើម ។

បើសិនជាក្រសួងមហាផ្ទៃ ពុំមានចំណាត់ ការ ក៏ដូចជាពិចារណា ដើម្បីផ្លាស់ប្ដូរថ្នាក់ដឹក នាំនគរបាលជាន់ខ្ពស់ នៅខេត្ដកំពង់ធំនេះទេ នោះនឹងធ្វើឱ្យមន្ដ្រី នគរបាល ក្រោមឱវាទ ទាំងអស់បាក់ ទឹកចិត្ដ និងគ្មានកម្លាំងធ្វើការ ដើម្បីបម្រើ ជូនជាតិមាតុភូមិ និងប្រជាពល រដ្ឋទៀតហើយ។

មន្ដ្រីនគរបាល ក្រោមឱវាទ បានចោទ ប្រកាន់ស្នងការនគរបាល រូបនេះ មិនត្រឹមតែ ស៊ីដាច់លុយ កូនចៅ របស់ខ្លួន នៅក្នុងបេសក កម្មនៃយុទ្ធនាការ ឃោសនា បោះឆ្នោត និងប្រាក់គោល នយោបាយស្ដីពី ភូមិ-ឃុំ មានសុវត្ថិ ភាពនោះទេ ប៉ុន្ដែមន្ដ្រី នគរបាល ក្រោមឱវាទ ទាំងនេះ ក៏បានទម្លាយរឿងរ៉ាវ ជាច្រើនទៀត ដូចជា ករណីលោកស្នងការ កាងឈ្មួញរកស៊ី ឈើខុសច្បាប់ ថែមទាំងចាប់ យករថយន្ដ និងវត្ថុតាង ជាឈើគ្រញូង ទៅលាក់ទុកជាដើម ។

យោងតាមពាក្យបណ្ដឹង ជាបន្ដបន្ទាប់ រហូតមកដល់ចុង ខែមេសា ឆ្នាំ២០១៤ បាន បង្ហាញឱ្យឃើញថា មន្ដ្រីនគរបាលទូទាំង ខេត្ដកំពង់ធំ ពិតជាលែងត្រូវការ មេដឹកនាំ រូបនេះទៀតហើយ អំឡុងពេល ស្ថានការណ៍ បច្ចុប្បន្ន ត្រូវការកងកម្លាំង សមត្ថកិច្ចទាំង នគរបាល និងអាវុធហត្ថ ជាចាំបាច់ក្នុងការ រក្សាសន្ដិសុខ ស្ថិរភាពសង្គម និងសណ្ដាប់ធ្នាប់ និងប្រជាពលរដ្ឋ ទូទៅ ដូច្នេះបើ មន្ដ្រីនគរបាល អស់ជំនឿលើ ការដឹកនាំ របស់ថ្នាក់លើ គឺពួក គាត់គ្មានកម្លាំង ចិត្ដនឹងចង់បន្ដការងារ តទៅ ទៀតឡើយ។

យោងតាមពាក្យបណ្ដឹង ជាបន្ដបន្ទាប់ របស់មន្ដ្រីនគរបាល ចាប់ពីអធិការរហូត ដល់នាយរង ប៉ុស្ដិ៍នគរបាល ខេត្ដកំពង់ធំចង់ ឱ្យថ្នាក់ដឹកនាំខាងលើ ប្ដូរស្នងការនគរបាល ខេត្ដកំពង់ធំនេះចេញ ដើម្បីស្ដារការងារនិង ប្រព័ន្ធគ្រប់គ្រង ឡើងវិញ ។

សូមបញ្ជាក់ថា ស្នងការនគរបាលខេត្ដ កំពង់ធំ លោកឧត្ដមសេនីយ៍ផ្កាយ ១ ផាន់ សុផេង ធ្លាប់រងការព្រមាន ជាលិខិតលាយ លក្ខ័អក្សរដាក់ ពិន័យពីលោកឧបនាយក រដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុង ករណីដែលស្នង ការរូបនេះមានការយឺតយ៉ាវ ក្នុងការបើកលុយ ទៅឱ្យមន្ដ្រី នគរបាល ក្រោមឱវាទ ដែលបានចូលរួម ក្នុងបេសកកម្ម ការពារសន្ដិសុខ នៃយុទ្ធនាការឃោសនា បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ និងយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ អាណត្ដិទី៥ កាលពីពេលកន្លងទៅ ។ បើទោះ បីលិខិតព្រមាន របស់រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ទៅលើស្នងការនគរបាល ខេត្ដកំពង់ធំរូប នេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានរយៈពេលជិតកន្លះឆ្នាំ ក៏ដោយនោះ ប៉ុន្ដែលិខិតនេះ ទើបនឹងត្រូវ បានបែកធ្លាយ កាលពីពេលថ្មីៗ កន្លងទៅនេះ ។

យោងតាមលិខិត ព្រមាន របស់លោក ឧបនាយករដ្ឋមន្ដ្រី ស ខេង បានដាក់វិន័យ ដោយរូបភាពព្រមាន ចំពោះលោកឧត្ដម សេនីយ៍ត្រី ផាន់ សុផេង អត្ដលេខ ០៤៩៥ ស្នងការ នៃស្នងការដ្ឋាន ខេត្ដកំពង់ធំដោយ មូលហេតុ ធ្វេសប្រហែស ខ្វះការទទួលខុស ត្រូវ ក្នុងការត្រួតពិនិត្យ មន្ដ្រីបេឡានាំដល់ ការយឺតយ៉ាវ ក្នុងការបើកប្រាក់ ឧបត្ថម្ភយុទ្ធ នាការឃោសនា បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៣ ឆ្នាំ២០១២ និងប្រាក់ ឧបត្ថម្ភយុទ្ធនា ការឃោសនា បោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ អាណត្ដិទី៥ ឆ្នាំ២០១៣ ។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បាន សម្រេចឱ្យ លោកឧត្ដមសេនីយ៍ផ្កាយ១ ផាន់ សុផេង ត្រូវកែប្រែនូវកំហុសឆ្គង និងអនុវត្ដ ឱ្យបានត្រឹមត្រូវ តាមវិន័យរបស់ កងកម្លាំង នគរបាលជាតិ ក្នុងករណី នៅតែប្រព្រឹត្ដខុស ឆ្គងទៀតនោះ នឹងត្រូវមាន វិធានការតាមផ្លូវ ច្បាប់ ។

ជាមួយគ្នានេះ ក៏មានការបែក ធ្លាយពាក្យបណ្ដឹង មួយច្បាប់ ដោយមានការផ្ដិតមេដៃ ពីសំណាក់អធិការ អធិការរង នាយនគរបាល ប៉ុស្ដិ៍ និងនាយរង នគរបាល ប៉ុស្ដិ៍ទូទាំងខេត្ដ កំពង់ធំ ជាច្រើននាក់ កាលពី ចុងឆ្នាំ២០១៣ ក៏បាន ប្ដឹងលោកឧត្ដមសេនីយ៍ ផាន់ សុផេង ទៅកាន់ លោក ហ៊ុន ម៉ាណែត ជាសមាជិក គណៈកម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជា ផងដែរ ជុំវិញអំពើពុក រលួយ និងការអនុវត្ដខុសពីតួនាទី ក៏ដូចជា គោលការណ៍ពីថ្នាក់លើ ។

នៅក្នុងពាក្យបណ្ដឹង ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទើប ទទួលបាន នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៤ បានបង្ហាញថា កូនចៅថ្នាក់ក្រោម ចាប់ពីថ្នាក់ អធិការដល់ នាយរង នគរបាលប៉ុស្ដិ៍បានប្ដឹង លោក ផាន់ សុផេង នូវអំពើពុករលួយ មួយចំនួន ដូចជា ការកិបកេងយកលុយ ឧបត្ថម្ភក្រៅ ម៉ោង ក្នុងកិច្ចប្រតិបត្ដិការ ចាប់តាំង អនុវត្ដគោល នយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលក្រសួង ផ្ដល់ឱ្យមន្ដ្រី នគរបាលប៉ុស្ដិ៍ រដ្ឋបាលក្នុង មួយខែ ១០ម៉ឺនរៀល ចាប់តាំងពី ឆ្នាំ២០១១ ដូច្នេះបូក សរុបជារួម គឺលោកស្នងការ បានស៊ីដាច់លុយ កូនចៅរហូតទៅ ដល់២១៨.៧០០.០០០រៀល ។

យោងតាមពាក្យបណ្ដឹង ដដែលនេះបាន បន្ដទៀតថា លុះដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ លោកស្នងការ ផាន់ សុផេង បាន ហៅនាយ ប៉ុស្ដិ៍ទាំង ៨១ ឡើងទៅស្នងការ ដ្ឋាននគរបាល ខេត្ដកំពង់ធំ បើកលុយឧបត្ថម្ភ ក្រៅម៉ោង ក្នុងកិច្ចប្រតិបត្ដិការ ចាត់តាំង អនុវត្ដគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ចំនួន៦០ម៉ឺនរៀល ក្នុងមួយប៉ុស្ដិ៍ ហើយ ឱ្យនាយប៉ុស្ដិ៍ ចុះហត្ថលេខា លើតារាង ២ ផ្សេងគ្នា តារាងទី១ ដាក់ចំនួន ទឹកប្រាក់៣០ ម៉ឺនរៀល និងតារាងទី២ ដាក់ចំនួនទឹកប្រាក់ ៦០ម៉ឺនរៀល ដូច្នេះសរុបទាំង២តារាង ស្មើ នឹង ៩០ម៉ឺនរៀល ប៉ុន្ដែ លោកស្នងការតាម រយៈកូនចៅ ជំនិតៗរបស់ខ្លួន បើកប្រាក់ជូន តែ ៦០ម៉ឺនរៀលប៉ុណ្ណោះ ដូច្នេះបាត់លុយ អស់ចំនួន ៣០ម៉ឺនរៀលបន្ថែមទៀត ។

ពាក្យបណ្ដឹងនេះបានបន្ដថា បញ្ហាមិន ប្រក្រតីនៅ ក្នុងតារាងនោះ គឺទាំងអ្នកធ្វើ តារាង ទាំងនាយ ការិយាល័យផែន គណនេយ្យ ទាំង លោកស្នងការរង និងស្នងការផ្ទាល់ខ្លួន បានចុះហត្ថលេខា លើតារាងនោះ ដោយមិន បញ្ជាក់អំពីត្រីមាស និងឆ្នាំ ជាពិសេសទៅ ទៀតនោះ គឺមិនបានចុះថ្ងៃខែឆ្នាំឡើយ ។

ជាមួយគ្នានេះ មន្ដ្រីនគរបាល ជើងក្រោម ក៏បានចោទ លោកស្នងការថា មានបំណង កិបកេងលុយ ក្នុងបេសកកម្ម ការពារសន្ដិសុខ សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោត មិនមែនមកពីការ ធ្វេសប្រហែសនោះឡើយ ប៉ុន្ដែដោយសារតែ មានពាក្យបណ្ដឹងទៅ ថ្នាក់លើ ពីសំណាក់មន្ដ្រី នគរបាលជើងក្រោម នោះ ទើបលោកស្នងការ ចែកលុយទៅឱ្យ មន្ដ្រីនគរបាលវិញ ។

មន្ដ្រីនគរបាលទាំងនេះ ក៏បានអះអាង ទៀតថា ការដឹកនាំរបស់ លោកស្នងការ កំពង់ធំ ជារបៀបការដឹកនាំ បែបផ្ដាច់ការ ប្រើអំណាចគាបសង្កត់ ថ្នាក់ក្រោម ប្រកាន់ បក្ខពួកនិយម គិតតែពីផល ប្រយោជន៍ផ្ទាល់ ខ្លួន ធ្វើបាបកម្លាំង ដែលមិនមែន ជាបក្ខពួក របស់ខ្លួន ដែលធ្វើឱ្យកម្លាំង ក្រោមឱវាទមាន ភាពភ័យខ្លាច សតិអារម្មណ៍ មិននឹងនរ គ្មាន ស្មារតីក្នុងការបំពេញ ភារកិច្ច អស់ជំនឿលើ ការដឹកនាំ ហើយស្ថាប័ន ជុំវិញខេត្ដក៏មាន ការព្រួយបារម្ភ ដោយសារតែ អំណាចរបស់ លោកស្នងការ ។

ដោយឡែក សម្រាប់ការ ដឹកនាំរបស់ ស្នងការខេត្ដកំពង់ធំ រូបនេះ ក៏ត្រូវបានមន្ដ្រី នគរបាលក្រោមឱវាទ មួយចំនួនទៀតបាន ទម្លាយផងដែរថា លោកស្នងការបានលក់ សៀវភៅ ក ២ ក្នុងតម្លៃ ៧.០០០រៀល និង សៀវភៅ ក ៤ តម្លៃ ២០.០០០រៀល ទៅ ដល់អធិការដ្ឋាន នគរបាល តាមបណ្ដាស្រុក -ក្រុង ។

ជុំវិញបញ្ហា មិនប្រក្រតីមួយនេះ បាន កើតឡើងតាមរយៈលិខិត មួយច្បាប់ ដែលស្នើ ឡើងពីនាយការិយាល័យ នគរបាលស្ថិតិអត្ដ សញ្ញាណប័ណ្ណ លោកវរសេនីយ៍ត្រី យឿង សេរីវុឌ្ឍី ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ ដែល ដាក់ជូនទៅ លោកស្នងការ ផាន់ សុផេង សុំគោលការណ៍ ផ្ដល់សៀវភៅ ស្នាក់នៅក២ ហើយតាមរយៈការ ស្នើសុំខាងលើនេះ ស្នងការ លោក ផាន់ សុផេង បានចារឯកភាពកាល ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០០៩ ។

យោងតាម លិខិតមួយនេះ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន នៅ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ បានបង្ហាញ ថា ដោយក្រសួង ផ្ដល់ឯកសារពុំទាន់គ្រប់គ្រាន់ តាមសំណូមពរចាំបាច់ នៅមូលដ្ឋាន និងដោយ ពិនិត្យឃើញ មានក្រុមគ្រួសារជាច្រើន ដែលពុំទាន់មានសៀវភៅ ស្នាក់នៅ ប្រើប្រាស់ ឬ មានសៀវភៅស្នាក់ នៅប្រើប្រាស់ហើយ តែត្រូវបាត់បង់ខូចគុណភាព មិនអាចប្រើប្រាស់ ក្នុងការបំពេញ បែបបទ រដ្ឋបាលផ្សេងៗ តាមការកំណត់នៃច្បាប់ នោះ ការិយាល័យ នគរបាលស្ថិតិ អត្ដសញ្ញាណប័ណ្ណ បានរៀបចំបោះពុម្ព សៀវភៅស្នាក់ នៅតាមគំរូ របស់ក្រសួង ត្រឹមត្រូវ និងសុំការ សម្រេច គោលការណ៍ កំណត់តម្លៃលើសៀវ ភៅស្នាក់នៅ មួយសន្លឹក៧០០០រៀល ដើម្បី ជួយសម្រួលដល់វិស័យ បោះពុម្ព ដឹកជញ្ជូន និងចំណាយផ្សេងៗ ។

ចំពោះការ សុំគោលការណ៍ និងមានការ សម្រេច ពីស្នងការនគរបាល ខេត្ដកំពង់ធំ លើបញ្ហានេះ ត្រូវបានមន្ដ្រីនគរបាលមួយរូប នៅខេត្ដកំពង់ធំ បាននិយាយថា ការដែល ស្នងការអនុញ្ញាត ឱ្យបោះពុម្ពប័ណ្ណស្នាក់នៅ តាមគំរូរបស់ក្រសួងនោះ គឺខុសហើយ ករណីនេះគឺស្នើនឹងក្លែងឯកសារ ហើយថ្នាក់ ដឹកនាំ ពុំអនុញ្ញាតឱ្យធ្វើបែបនេះទេ មានតែ ចេញសេចក្ដីណែនាំមិនអនុញ្ញាត ។ កាលពីដើមឆ្នាំ ២០១២ ក៏មានពាក្យ បណ្ដឹងមួយច្បាប់ថែមទៀត ដែលប្ដឹងទៅ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ពីភាព មិនប្រក្រតីរបស់ ស្នងការនគរបាល រូបនេះ ផងដែរ ។

យោងតាមពាក្យបណ្ដឹង ដែលធ្វើឡើង ពីសំណាក់មន្ដ្រីនគរបាល ខេត្ដកំពង់ធំជា ច្រើននាក់ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១២ បានជម្រាបជូនថ្នាក់ដឹកនាំ សាលាឧទ្ធរណ៍ ថា “លោកស្នងការជាថ្នាក់ដឹកនាំមួយរូប ដែលមានចរិតគិតតែ ពីផលប្រយោជន៍ផ្ទាល់ ខ្លួន ជាពិសេសរឿង ពុករលួយពាក់ព័ន្ធរឿង ឈ្មួញរកស៊ីគ្រប់ ប្រភេទខុសច្បាប់ ផ្ទុយពី អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាបទបញ្ជា យ៉ាងតឹងរឹង ក្នុងនាមជាថ្នាក់ដឹក នាំកំពូល សមត្ថកិច្ចនគរ បាលខេត្ដ លោកស្នងការ ពុំគិតពង្រឹងបញ្ហា ច្បាប់ បែរជាអនុវត្ដ បញ្ច្រាសទិសដាក់ ពង្រាយកម្លាំង គ្រប់គោលដៅ ដើម្បីប្រមូល ថវិកាគាបសង្កត់ ប្រជាពលរដ្ឋ អនុញ្ញាតឱ្យ ឈើចេញ ជាថ្នូរនឹងដុល្លារ ”។

ពាក្យបណ្ដឹង របស់មន្ដ្រី នគរបាលខាងលើ ក៏បានលើកឡើង ពីករណីរកស៊ីឈើខុស ច្បាប់មួយ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១២ ដែលមានបញ្ជាពីព្រះរាជអាជ្ញា ប៉ែន សារ៉ាត ឱ្យកម្លាំងរដ្ឋបាលព្រៃឈើចុះ ចាប់ឈើគ្រញូង ក្នុងប៉ុស្ដិ៍នគរបាលចំណារ ក្រោម នៃអធិការដ្ឋាន នគរបាល ស្រុកស្ទោង ដោយរឹបអូសបានឈើគ្រញូង តម្លៃរាប់ម៉ឺន ដុល្លារ ដែលការ លាក់ទុកឈើ គ្រញូងនេះគឺ មន្ដ្រីនគរបាលនោះ មានខ្នងបង្អែកពីលោក ស្នងការ ។ មន្ដ្រីនគរបាលទាំងនេះ បានបង្ហាញការ ឈឺចាប់ទៀតថា មកទល់ពេលនេះ មុខសញ្ញា រកស៊ីឈើ ស្នងការនគរបាលខេត្ដ ពុំឈឺឆ្អាល និងដាក់ទោស ដល់មន្ដ្រីនគរបាលដែល ប្រព្រឹត្ដទាំងនោះទេ គឺនៅស្ងៀមស្ងាត់តែម្ដង។

ដោយឡែក ករណីមួយទៀត នៅស្រុក សន្ទុក នគរបាលចាប់ ឈើគ្រញូងចំនួន ៥ កំណាត់ យកទៅរក្សាទុក នៅអធិការនគរ ដ្ឋាននគរបាលស្រុក ដោយមានការចូលរួម ពីរដ្ឋបាលព្រៃឈើ ប៉ុន្ដែ ករណីនេះបែរជា លោកស្នងការ បញ្ជាឱ្យលោក ថោង ខេម រ៉េត និងបក្ខពួកឈ្មួញ ទៅទំនាក់ទំនងជា មួយលោក ពេជ្រ ថាល់ អធិការនគរបាល ស្រុកសន្ទុក យកឈើគ្រញូង ទាំងនោះដាក់ រថយន្ដធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-8979 និងរថយន្ដ ១គ្រឿង ទៀត ម៉ាក លុច្សស៊ីស ៤៧០ ពណ៌ស្ករ នៅ វេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១១ ហើយយកទៅ លក់ឱ្យឈ្មួញ បានលុយរាប់ម៉ឺនដុល្លារ ។

នៅក្នុងករណី លួចវត្ថុតាង នៅក្នុងបទ ល្មើសព្រៃឈើនេះ ធ្វើឱ្យមន្ដ្រី នគរបាល ក្រោមឱវាទ មិនហ៊ាន តវ៉ានោះទេ ហើយ ជាមួយគ្នានេះ ស្នងការក៏បានបញ្ជាឱ្យ លោក ពេជ្រ ថាល់ អធិការនគរបាល ស្រុកសន្ទុក ហៅមន្ដ្រីនគរបាល ទៅប្រជុំនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១១ ដោយគំរាមមិនឱ្យ និយាយពី បញ្ហានេះឡើយ ។

ដោយឡែក មានពាក្យបណ្ដឹង មួយទៀត ដែលធ្វើឡើង ដោយនាយ និងនាយរងប៉ុស្ដិ៍ នគរបាល ទូទាំងខេត្ដកំពង់ធំ ចុះថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៤ ដោយដាក់ ជូនលោកឧប នាយករដ្ឋមន្ដ្រីស ខេង លើបញ្ហា មិនប្រក្រតី មួយចំនួនទៀត របស់លោក ផាន់ សុផេង ។

យោងតាមពាក្យបណ្ដឹង ដែលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានកាល ពីថ្ងៃទី០៨ ខែឧសភា មន្ដ្រីនគរបាលទាំង នេះ បានលើកឡើងពីការកិបកេង លុយឧបត្ថម្ភ ក្រៅម៉ោង នៅក្នុងកិច្ចប្រតិបត្ដិការចាត់ តាំង អនុវត្ដគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព ដែលក្រសួង ផ្ដល់ជូនដល់ប៉ុស្ដិ៍ នគរបាល ចំនួន ១០ម៉ឺនរៀលក្នុងមួយខែ ប៉ុន្ដែ លោក ផាន់ សុផេង និងបក្ខពួកបានស៊ី ដាច់លុយកាលពីឆ្នាំ ២០១១-២០១២ និង ដើមឆ្នាំ ២០១៣ ។

មន្ដ្រីនគរបាលទាំងនេះ ក៏បានលើកឡើង ពីការស៊ីដាច់លុយ នៃការបំពេញបេសកកម្ម ការពារសន្ដិសុខ នៃយុទ្ធនាការឃោសនា បោះឆ្នោត ហើយចាត់ទុកការដឹកនាំរបស់ លោកស្នងការរូបនេះ ធ្វើឡើងតាមរបៀប ផ្ដាច់ការ គាបសង្កត់ ប្រកាន់បក្ខពួកគិតតែ ពីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើបាបកងកម្លាំង ដែលមិនមែនជាបក្ខពួករបស់ខ្លួន ធ្វើឱ្យកង កម្លាំងទាំងនោះភ័យខ្លាចសតិអារម្មណ៍មិន នឹងន គ្មានស្មារតីក្នុងការបំពេញភារកិច្ចអស់ ជំនឿលើការដឹកនាំ ដូច្នេះសូមឱ្យលោកឧប នាយករដ្ឋមន្ដ្រី ស ខេង ប្ដូរមេដឹកនាំនេះ ចេញ ទើបពួកគេទាំងអស់គ្នាសុខចិត្ដ និង មានសេរីភាពក្នុងការបំពេញការងារឡើង វិញ ។

មន្ដ្រីនគរបាលមួយរូប ក៏បានលើកឡើង ផងដែរថា ស្នងការនគរបាលខេត្ដកំពង់ធំរូប នេះ ក៏ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើ ពុករលួយព្រមានយ៉ាងចាស់ដៃម្ដងរួចមក ហើយ ប៉ុន្ដែ នៅតែប្រព្រឹត្ដអំពើបែបនេះ ដដែល ។ ដូច្នេះវាដល់ពេលវេលាដែលថ្នាក់ ដឹកនាំគួរពិចារណា ផ្លាស់ប្ដូរតំណែងស្នងការ នគរបាលខាងលើនេះចេញ កុំឱ្យមានការផ្ទុះ តវ៉ាតទៅទៀត ។

មន្ដ្រីនគរបាលទាំងនេះ ក៏បានលើកឡើង ទៀតថា លោកស្នងការ មិនដែលចូលរួម ប្រជុំ នៅក្នុងកិច្ចប្រជុំ របស់ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ មូលដ្ឋាននោះឡើយ ។ ដោយឡែក មន្ដ្រីនៅក្នុងខេត្ដ ទាំងជួរកម្លាំង ប្រដាប់អាវុធ និងមន្ដ្រីស៊ីវិល ក៏គ្មាននរណា ម្នាក់ហ៊ាន ប្រឆាំងជាមួយលោកស្នងការ នោះទេ ដោយសារតែ អំណាចរបស់លោក ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ស្វាគមន៍ ជានិច្ច គ្រប់ពេលវេលានៃការ បកស្រាយ ពន្យល់ពីសំណាក់ ស្នងការនគរបាលខេត្ដ កំពង់ធំ លោកឧត្ដមសេនីយ៍ផ្កាយ ១ ផាន់ សុផេង ចំពោះពាក្យបណ្ដឹង និងការលើក ឡើងទាំងឡាយ របស់មន្ដ្រីនគរបាលនៅ ក្នុងខេត្ដកំពង់ធំទាំងនេះ៕

www.lookingtoday.com


Viewing all articles
Browse latest Browse all 8042

Trending Articles