ភ្នំពេញ៖ មកដល់ថ្ងៃចន្ទនេះ ស្ថានភាពទូទៅ នៅតាមច្រកទ្វារ ព្រំដែនអន្តរជាតិ បាវិត ខេត្តស្វាយរៀង បានវិល មកសភាព ធម្មតាវិញហើយ ក្រោយជនជាតិចិន រស់នៅក្នុងប្រទេសវៀតណាម ផ្អាកសកម្មភាពចូលមក រស់នៅ បណ្ដោះអាសន្ន លើទឹកដីប្រទេសកម្ពុជា។
លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤នេះថា ជនជាតិចិនដែល សម្រុក មកប្រទេសកម្ពុជា កាលពីប៉ុន្មាន ថ្ងៃមុននោះ ឥឡូវពួកគេបានផ្អាក សកម្មភាពជាបណ្ដោះ អាសន្នហើយ បន្ទាប់ពីស្ថានភាពក្នុង ប្រទេសវៀតណាម មានភាពធូរស្រាល។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ជៀង អំ បន្តថា "មកថ្ងៃនេះ ជនជាតិចិន ដែលចូលមកទេសចរ និងសម្រាករស់នៅ ក្នុងខេត្តស្វាយរៀងនោះ យើងឃើញឥលូវនេះ ស្ងាត់ មិនមកច្រើន ដូចប៉ុន្មានថ្ងៃមុននោះទេ ហើយសភាពការណ៍ នៅតាមព្រំដែនក៏មានភាព ស្ងប់ស្ងាត់ដែរនៅថ្ងៃនេះ"។
បើតាមលោក ជៀង អំ នៅប៉ុន្មានថ្ងៃមុននេះ ជនជាតិចិនមកប្រទេសកម្ពុជា ក្នុងរូបភាពដំណើរ កំសាន្តផង សម្រាករស់នៅផង មានចំនួនជាង ១៦.០០០នាក់។
សូមបញ្ជាក់ថា ក្រោយផ្ទុះអំពើហិង្សានៅប្រទេសវៀតណាម ប្រឆាំងសកម្មភាពខួងយកប្រេង របស់ចិននៅ សមុទ្រ ចិន ភាគខាងត្បូង ជាតំបន់ជម្លោះជាច្រើន ប្រទេសនោះ រដ្ឋាភិបាលចិនបានបញ្ជូន កប៉ាល់ ៥គ្រឿងទៅកាន់ ប្រទេសវៀតណាម ដើម្បីជម្លៀសប្រជាជនរបស់ខ្លួន ដែលត្រូវបានឃាត់ខ្លួន ក្នុងការផ្ទុះការតវ៉ា ដោយហិង្សា ពីសំណាក់ ប្រជាជនវៀតណាម ។
កាលពីថ្ងៃម្សិលមិញនេះដែរ ក្រុមការងារតំណាងឲ្យ សាធារណរដ្ឋ ប្រជាមានិតចិន ដឹកនាំដោយជំនួយការ រដ្ឋមន្រ្តី ក្រសួងការបរទេសចិន លោក Liu Jianchao បានពិភាក្សាគ្នាលើកដំបូង ជាមួយសមភាគី នៃសាធារណរដ្ឋសង្គម និយមវៀតណាម ក្រោយពីមានការផ្ទុះអំពើហិង្សា លើជនជាតិចិន និងក្រុមហ៊ុន វិនិយោគរបស់ចិន នៅវៀតណាម កាលពីពេលថ្មីៗនេះ។
គួររម្លឹកឡើងវិញថា ប្រជាជនវៀតណាម រាប់ពាន់នាក់ បានផ្ទុះបាតុកម្មហិង្សា ដុតបំផ្លាញរោងចក្រ របស់ចិន ប្រមាណជា១៥ហើយ ពលរដ្ឋចិន ជាពិសេសចិនតៃវ៉ាន់ជាង ២០នាក់ ត្រូវបានស្លាប់ និងរងរបួសជាង ១០០នាក់ ផ្សេងទៀត ក្នុងរយៈពេលផ្ទុះបាតុកម្ម៣ថ្ងៃកន្លងមកនោះ ៕