កំពង់ឆ្នាំងៈ ម៉ាស៊ីនអត់ច្បាប់២កន្លែង ជ្រកក្រោមរូបភាព ជាដេប៉ូលក់ឈើកំពុង តែធ្វើសកម្មភាព អារច្រៀកឈើចុង១តឹកកន្លះ យ៉ាងគគ្រឹកគ្រេង ស្ថិតចំណុចគល់ស្ពានពោធិ៍ ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ ប្រភពពត៌មានបានអោយដឹងថា ទីតាំងខាងលើជាដេប៉ូលក់ឈើ ហើយម្ចាស់ដេប៉ូ បាន បំពាក់នូវគ្រឿងម៉ាស៊ីនសម្រាប់អារច្រៀកឈើ នៅខាងក្រោយដេប៉ូរបស់ខ្លួន ។ការអារច្រៀកឈើខាងលើជាប្រភេទឈើ មិនទាន់គ្រប់អាយុ ដែលមានទំហំចាប់ពីចុង១តឹក ដល់១តឹកកន្លះ ដែលឈ្មួញខាងលើអារជាប្រភេទឈើគ្រឿង ។ ឈើមូលទាំងអស់ដែលដឹកចូលអារច្រៀកក្នុង រោងម៉ាស៊ីន ខាងទាំងពីរកន្លែងខាងលើនេះ សុទ្ធសឹងជាឈើដែលឈ្មួញបានទិញនិងដឹកពី ភូមិសាស្ត្រឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ពាក់ព័ន្ធពត៌មានខាងលើនេះ នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះ នាយផ្នែករដ្ឋបាល ព្រៃឈើកំពង់ត្រឡាច លោក ឯម វិចិត្រ បានអោយដឹងថា ដេប៉ូឈើខាងលើជាដេប៉ូមានច្បាប់ ប៉ុន្តែការដាក់ម៉ាស៊ីន អារច្រៀកនោះគឺគ្មាន ច្បាប់អនុញ្ញាតទេ លោកនិងបញ្ជាអោយកូន ចៅចុះទៅត្រួតពិនិត្យមើលជាក់ស្តែង ។
មជ្ឈដ្ឋានទូទៅ បានរិះគន់ថាការ អារច្រៀកឈើមិនអាចធ្វើឡើងដោយស្ងាត់ៗគ្មានសំលេង និងលាក់បាំងភ្នែក មហាជន និងសមត្ថកិច្ចទូទៅបានឡើយ ការអារបានដោយរលូនបែបនេះ ប្រហែលជានាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាច និងសមត្ថកិច្ចពាក់ព័ន្ធ អាចត្រូវរ៉ូវជាមួយឈ្មួញទទួលលាភសក្ការៈ ដាក់ហោប៉ៅរួចទៅហើយក៍មិនដឹង៕