ភ្នំពេញ ៖ នយោបាយការបរទេស របស់សហរដ្ឋអាម៉េរិក ដែលគេចាត់ទុកថា ជាប្រទេសមហាអំណាច សេដ្ឋកិច្ច និងយោធានៅលើលោកនោះ ត្រូវបានបើកកកាយឲ្យដឹងជាសាធារណៈ ធ្វើឲ្យបណ្តាប្រទេស ជាច្រើននៅលើពិភពលោក មានការភ្ញាក់ផ្អើល ។
ប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានបើកកកាយពីនយោបាយការបរទេសរបស់ ខ្លួននេះ ប្រាប់ដល់សិស្សនាយទាហានជាន់ខ្ពស់ សហរដ្ឋអាម៉េរិក ដែលកំពុងរៀននៅសាលាយោធា West Point កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅនេះ ។
ការសម្រេចចិត្ត បើកកកាយកិច្ចការនយោបាយការបរទេសរបស់ខ្លួន ដែលគេចាត់ទុកថា ជាកិច្ចការ សម្ងាត់របស់ជាតិនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋការរបស់លោក អូបាម៉ា រងនូវការរិះគន់ពីអ្នកនយោបាយ ក្នុងស្រុករបស់ខ្លួន ជាពិសេសសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដែលបានចំអកឲ្យថា លោក អូបាម៉ា មិនបានចេញសេចក្តីសម្រេចជាក់ស្តែង ដើម្បីបង្ហាញថា ជំហរអាម៉េរិកក្នុងពិភពលោក មានសារៈសំខាន់នោះទេ ។
ខាងក្រោមនេះ ជាខ្លឹមសារអត្ថបទពាក់ព័ន្ធការថ្លែងសុន្ទរកថារបស់លោក អូបាម៉ា នៅសាលាយោធា West Point ដែលត្រូវបានវិទ្យុបារាំងអន្តរជាតិ ផ្សាយជាខេមរភាសា (RFI)លើកយកមកផ្សាយកាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ ដែលមានចំណងជើងថា « អន្តរាគមន៍យោធាប្រញាប់ប្រញាល់លែងជាជម្រើសនយោបាយការបរទេសសម្រាប់លោកអូបាម៉ា »
ភ្នំពេញ ៖ កាលពីថ្ងៃពុធ ទី២៨ ខែឧសភា កន្លងទៅ នៅសាលា នាយទាហានជាន់ខ្ពស់អាម៉េរិក West Point ក្រុងញូវយក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានលើកលម្អិត ពីយុទ្ធសាស្ត្រនយោបាយការបរទេសអាម៉េរិក សម្រាប់ឆ្នាំក្រោយៗទៀត មុនពេលលោកត្រូវបញ្ចប់អាណត្តិនៅជិតចុងឆ្នាំ២០១៦ ។
លោក អូបាម៉ា បានព្រមានពីការប៉ុនប៉ង ធ្វើអន្តរាគមន៍យោធា បែបប្រញាប់ប្រញាល់ ដោយលើកឡើងថា តាំងពីសម័យសង្គ្រាមលោកលើកទី២មក កំហុសឆ្គងរបស់អាម៉េរិក មិនមែនបណ្តាលមកពីភាពអត់ ធ្មត់ទេ តែគឺមកពីបំណងប្រញាប់ប្រញាល់ ចុះទៅធ្វើការផ្សងព្រេងយោធា ដោយមិនបានគិតពីផលវិបាកជាមុន ។ លោកអូបាម៉ាលើកឡើងបែបនេះ គឺដើម្បីឆ្លើយតប នឹងមតិមួយចំនួនដែលតែងរិះគន់ថា នយោ បាយការបរទេសអាម៉េរិក មានភាពទន់ជ្រាយ ឬក៏ថា អាម៉េរិកមិនសូវហ៊ានមាត់ក ប្រឈមនឹងរុស្ស៊ី ឬក៏ ចិន ក្នុងដំណោះស្រាយបញ្ហាអន្តរជាតិកន្លងមកឡើយ ។
កាលពីថ្ងៃពុធ ទី២៨ ខែឧសភា ថ្លែងក្នុងសុន្ទរកថា នៅសាលានាយទាហានជាន់ខ្ពស់អាមេរិក West Point ក្រុងញូវយក ប្រធានាធិបតីអាម៉េរិកបានលើកឡើងថា ក្នុងការលើកតម្កើងសន្តិភាព និងសេរីភាពនៅក្រៅទឹកដីសហរដ្ឋ អាម៉េរិក មិនមែនមានន័យថា គ្រប់បញ្ហាត្រូវតែឆ្លងកាត់ដំណោះស្រាយយោធាទេ ។ លោកអូបាម៉ាបន្ថែមទៀតថា « ទំព័រនៃសង្គ្រាម ដែលហួសទៅឆ្ងាយយូរលង់ហើយនោះ ត្រូវបានបិទហើយ ហើយសិស្សទាហាន ដែលចេញពីសាលា West Point ជំនាន់នេះ នឹងមិនត្រូវចេញទៅប្រយុទ្ធ ទើបទទួលបានសញ្ញាប័ត្រដូច្នេះទេ”។ នេះជាការលើកឡើង ដ៏គួរឲ្យកត់សម្គាល់របស់លោក អូបាម៉ា រហូតធ្វើឲ្យមានសំឡេងទះដៃខ្លាំងក្លា ស្វាគមន៍នឹងឃ្លាប្រយោគទាំងនេះ ។
ក្នុងការលើកលំអិត ពីនយោបាយការបរទេសអាម៉េរិក ក្នុងពិភពលោក លោក អូបាម៉ា បានបង្ហាញឲ្យ គ្រប់គ្នាឃើញថា ការប៉ុនប៉ងធ្វើអន្តរាគមន៍យោធាយ៉ាងទាន់ហន់ ដោយមិនបានគិតទុកមុននូវផលវិបាក មិនមែនជាជម្រើសអាម៉េរិក សម្រាប់ពេលអនាគតទេ ព្រោះថា សម្រាប់លោកអូបាម៉ា ភាពមិនចេះអត់ ធ្មត់ ដោយប្រើកម្លាំងយោធា ដោះស្រាយបញ្ហា គឺជាកំហុសឆ្គងរបស់អាម៉េរិកទាំងស្រុង ។ លោកអូបាម៉ា បន្ថែមទៀតថា មិនមែនថា យើងមានញញួរដ៏ល្អបំផុតក្នុងដៃ ទើបគ្រប់បញ្ហាគឺត្រូវតែជាដែកគោល ដែលត្រូវតែដំនោះទេ ។
លោក អូបាម៉ា លើកឡើងបែបនេះ គឺដើម្បីឆ្លើយតបនឹងការរិះគន់ ក្នុងស្រុកកន្លងមកថា នយោបាយការបរទេសអាម៉េរិក ក្រោមអាណត្តិ អូបាម៉ា មានភាពទន់ជ្រាយ អាម៉េរិកមិនហ៊ានធ្វើអន្តរាគមន៍យោធានៅស៊ីរី ឬក៏ថា អាម៉េរិកញញើតនឹងរុស្ស៊ី រហូតទុកឲ្យតំបន់គ្រីមេអ៊ុយក្រែន ធ្លាក់ក្នុងកណ្តាប់ដៃរុស្ស៊ីបានស្រួល ឬក៏ថា អាម៉េរិក បណ្តោយឲ្យចិនក្អកបានស្រេចក្បាលចិត្ត ក្នុងជម្លោះសមុទ្រចិន ជាមួយបណ្តាប្រទេសដៃគូអាម៉េរិកនៅអាស៊ី។
លោក ចន ម៉ាកខេន មកពីបក្សប្រឆាំង សាធារណរដ្ឋបានចំអកថា លោក អូបាម៉ា មិនបានចេញសេចក្តីសម្រេចជាក់ស្តែង ដើម្បីបង្ហាញថា ជំហរអាម៉េរិកក្នុងពិភពលោក មានសារៈសំខាន់នោះទេ ។
ថ្វីបើសង្គ្រាមរ៉ាំរ៉ៃ នៅស៊ីរី បានសម្លាប់មនុស្សជាង ១សែន៦ម៉ឺននាក់ រហូតមកដល់ពេលនេះ អាម៉េរិកបានបដិសេធ មិនធ្វើអន្តរាគមន៍យោធា ប្រឆាំងប្រធានាធិបតីអាសាដទេ។ ឆ្លើយតបការរិះគន់ចំពោះភាពទន់ជ្រាយនេះ លោកអូបាម៉ា លើកឡើងថា គ្មានចម្លើយណាងាយស្រួលដើម្បីដោះស្រាយបញ្ហាស៊ីរីឡើយ ។
ដោយឡែក ប្រធានាធិបតីអាម៉េរិកបានសន្យា បង្កើនការគាំទ្រ ដល់ក្រុមប្រឆាំងស៊ីរីដែលកំពុងប្រយុទ្ធនឹងប្រធានាធិបតីអាសាដ។ យោងតាមប្រភពជិតដិតនឹងសំណុំរឿងស៊ីរី គម្រោងគាំទ្រក្រុមប្រឆាំងស៊ីរីនេះ នឹងឡើងទៅដល់សភាក្នុងពេលឆាប់ៗនេះហើយ។ លោកអូបាម៉ា ចង់បង្ហាញថា កន្លងមក ប្រសិនបើអន្តរាគមន៍យោធា គឺជាជម្រើសតែមួយគត់នៅស៊ីរី នោះអាម៉េរិកនឹងធ្វើអន្តរាគមន៍យោធាជួយរំដោះប្រជាជនស៊ីរីជាក់ជាមិនខាន។ ប៉ុន្តែ អាម៉េរិក ក៏មិនមែនខ្វាក់ភ្នែក រហូតមើលមិនឃើញថា ជនផ្តាច់ការស៊ីរីកំពុងតែទម្លាក់គ្រាប់បែកបំផ្លាញស៊ីរី ទុកឲ្យប្រជាជនស៊ីរីរស់ក្នុងភាពអត់ឃ្លាននោះដែរ។ លោកអូបាម៉ា ប្រាប់ទៀតថា គ្មានដំណោះស្រាយ យោធាណាមួយ អាចកំចាត់ភាពឈឺចាប់របស់ប្រជាជនស៊ីរីបានទេ ក្នុងអនាគតឆាប់ៗ ខាងមុខនេះ ។
ក្នុងការការពារនយោបាយ ការបរទេសអាម៉េរិក លោក អូបាម៉ា បន្ថែមទៀតថា អាម៉េរិកកំពុងទប់រុស្ស៊ីក្នុងសំណុំរឿងអ៊ុយក្រែន ហើយអាម៉េរិកក៏នឹងបង្ហាញតម្លាភាពឲ្យឲ្យកាន់តែខ្ពស់ ក្នុងការប្រើប្រាស់យន្ត ហោះដ្រូនគ្មានមនុស្សបើកផងដែរ ។
ប្រឈមនឹងការវិវត្តន៍ នៃគំរាមកំហែងនានា ក្នុងពិភពលោក ដែលឈានទៅរកភាពស្មុគស្មាញ នយោ បាយ អាម៉េរិករបស់លោក អូបាម៉ា ពេលនេះ គឺជានយោបាយ នៃការតស៊ូប្រយុទ្ធប្រឆាំងក្រុមភេរវជននានា ដែលជាប់ពាក់ព័ន្ធជាមួយក្រុមអាល់កៃដា ។ ការបណ្តុះបណ្តាលហ្វឹកហាត់ ការជួយជាហិរញ្ញវត្ថុដល់បញ្ញវន្តតាមបណ្តាប្រទេស ដែលកំពុងរងការគំរាមកំហែងពីក្រុមភេរវជន គឺមានចែងក្នុងនយោបាយអាម៉េរិករួចមកហើយ ហើយត្រូវបានលោក អូបាម៉ា លើកយកមកអួត យកមកការពារ ដើម្បីឆ្លើយតបការ រិះគន់ចំពោះនយោបាយរដ្ឋាភិបាលអាម៉េរិក ។ ជាក់ស្តែង ការហ្វឹកហាត់របស់កងកម្លាំងសន្តិសុខនៅ យេមែន ដែលបានបញ្ចេញសកម្មភាព វាយលុកក្រុមអាល់កៃដានោះ ឬក៏ការជួយដល់ប្រតិបត្តិការ យោធាបារាំងនៅម៉ាលី ឬក៏ការគាំទ្រកងកម្លាំងចម្រុះ ដើម្បីការពារសន្តិភាពក្នុងប្រទេសសូម៉ាលីជាដើម ។
ក្នុងសុន្ទរកថា នៅសាលានាយទាហានជាន់ខ្ពស់ West Point កាលពីថ្ងៃពុធ ទី២៨ ខែឧសភា លោកអូបាម៉ា បានស្នើបង្កើតមូលនិធិមួយ ក្នុងទឹកប្រាក់ ៥ពាន់លានដុល្លារ សម្រាប់បេសកកម្មប្រឆាំងអំពើភេរវកម្ម ។
សរុបសេចក្តីមកវិញ លោក អូបាម៉ា នៅតែប្រកាន់ជំហរថា នយោបាយការបរទេសរបស់លោកគឺជានយោបាយសន្តិភាព គឺដំណោះស្រាយបែបការទូតបែបសន្តិវិធី។ ដើម្បីជួយប្រទេសផ្សេងៗដែលរងបញ្ហាភេរវកម្ម ឬក៏សង្គ្រាមនោះ មធ្យោបាយទប់ស្កាត់ដោយប្រើអន្តរាគមន៍យោធាបែបប្រញាប់ប្រញាល់ មិនមែនជាដំណោះស្រាយដ៏ល្អដ៏ម៉ឹងម៉ាត់ដ៏រឹងមាំ ដូចការគិតរបស់ជនមួយចំនួនទេ។ វាមានតែធ្វើឲ្យ ជាតិមួយ កាន់តែរងភាពហិនហោច ឈឺផ្សាថែមទៀតប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការចូលរួមជួយបណ្តុះបណ្តាលបញ្ញវន្តក្នុងស្រុក ឲ្យមានសមត្ថភាពពេញលេញ ដើម្បីស្រោចស្រង់ប្រទេសរងគ្រោះ វាគឺជាជម្រើសដ៏ប្រសើរ ជាផ្លូវដើរឆ្ពោះទៅរកសុខសន្តិភាព ៕