Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចាប់ខ្លួននាយរងផ្នែក សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម ពីបទចែកចាយ គ្រឿងញៀន

$
0
0

- ជនសង្ស័យជា កូនប្រសាររបស់លោក ប៉ែន គ្រី នាយការិយាល័យកណ្តាល សណ្តាប់ធ្នាប់ខេត្តកំពង់ចាម

កំពង់ចាមៈ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម បានចុះធ្វើរដ្ឋបាល ហើយឈាន ទៅដល់ការឃាត់ខ្លួន មន្ត្រីនគរបាលម្នាក់ ដែលមានតួនាទី ជានាយរងផ្នែកការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម  ពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន យ៉ាងសកម្មនាពេលកន្លងទៅ។

បើទោះបីពេលចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងនគរបាលមិនបានរកឃើញ ថ្នាំញៀន នៅជាប់នឹងខ្លួន ក៏ដោយនោះ ប៉ុន្តែកម្លាំងនគរបាល បានរកឃើញឧបករណ៍ សម្រាប់ជក់ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងកាំភ្លើងខ្លីមួយដើម ដែលបាញ់គ្រាប់លីតកង់។

មន្ត្រីនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជា ពីសំណាក់ស្នងការនគរបាល ខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ បែន រ័ត្ន រួចមកលោកសោម ផាត អធិការនគរបាលក្រុងបាន ដឹកនាំកម្លាំងជាច្រើននាក់ ចុះធ្វើរដ្ឋបាលនៅតាមទីតាំងជាច្រើន នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ នេះទើបឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យនេះតែម្តង។

មន្ត្រីនគរបាលខាងលើបានបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវចាប់ខ្លួន រួមនិងវត្ថុតាងជាក់ស្តែងនោះ មានឈ្មោះ សុខ ទិត្យសីហា គឺជាមន្ត្រីនគរបាល មានតួនាទី ជានាយរងផ្នែកការិយាល័យ សណ្តាប់ធ្នាប់ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលខាងលើបានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះ ត្រូវបានស្នងការមុនៗ ធ្លាប់ធ្វើការព្រមានជាច្រើនលើក ច្រើនសាររួចមកហើយ ប៉ុន្តែនៅតែមិនរាងចាល ទំនងជាជនសង្ស័យ រូបនេះអាងអំណាចរបស់ឪពុកក្មេក គឺលោក ប៉ែន គ្រី មានតួនាទី ជានាយការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ខេត្ត កំពង់ចាម។ ប៉ុន្តែនៅពេលនេះ ដោយមានបញ្ជាយ៉ាងម៉ើងម៉ាត់ពីសំណាក់ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍បែន រ័ត្ន ជនសង្ស័យដែលជាកូនប្រសារ របស់លោកប៉ែន គ្រី នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយគ្មានការយោគយល់នោះឡើយ។

សូមរំលឹកផងដែរថា កូនប្រុសបង្កើត របស់លោកប៉ែន គ្រី ម្នាក់ រួមជាមួយ បក្ខពួក២នាក់ផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួន ក្រោយពីដេញកាប់យុវជន ៤នាក់ តាមដងផ្លូវយ៉ាងអាណាធិបតេយ្យ កាលពីពេលថ្មីៗនេះ ក្នុងនោះបក្ខពួករបស់គេ ៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ពីសំណាក់កម្លាំង នគរបាល ហើយត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចហើយនោះ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងកំពង់ចាម បានបញ្ជាក់ទៀតថា ក្រោយពីចាប់ខ្លួន ជនសង្ស័យ សុខ ទិត្យសីហា រួចមក កម្លាំងនគរបាល ដែលមាន ការឯកភាព តាមផ្លូវច្បាប់ពីតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម កម្លាំងនគរបាលបានចុះឆែកឆេរផ្ទះជនសង្ស័យរូបនេះ ដោយរកឃើញវត្ថុតាងមួយចំនួនទៀត ដែលអាចជាប់ពាក់ព័ន្ធ នឹងសកម្មភាពលួច ឬប្លន់ ប៉ុន្តែត្រូវរង់ចាំការសួរចម្លើយ និងស្រាវជ្រាវបន្តទៀត។

សូមបញ្ជាក់ ចាប់តាំងពីលោកបែន រ័ត្ន ត្រូវបានថ្នាក់ដឹកនាំតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ក្នុងរយៈពេលប៉ុន្មានខែមកនេះ លោកបានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចចាប់ខ្លួនមន្ត្រីនគរបាល៣នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាករណីទី១ ដុតសម្លាប់មិត្តភក្តិខ្លួនឯង រួចប្លន់យកទ្រព្យសម្បត្តិ នៅក្រុងកំពង់ចាម ករណីទី២ រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ក្នុងរថយន្ត នៅស្រុកជើងព្រៃ និងករណីទី៣ គឺមុខសញ្ញាចែកចាយ គ្រឿងញៀននេះតែម្តង។

បច្ចុប្បន្នជនសង្ស័យ សុខ ទិត្យសីហា រួមជាមួយបក្ខពួកម្នាក់ទៀត ត្រូវបានឃុំខ្លួន និងសួរនាំបន្តទៀត នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីកសាងសំណុំ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>