Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុនជប៉ុន បោះទុន ជាង៦១ម៉ឺនដុល្លារ បើកសិប្បកម្ម កែច្នៃអាហារ ផ្តល់ការងារ ជូនជនពិការ (មានវីដេអូ)

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនផលិត ចំណីអាហារហ្វាមីលៀ ខូអិលធីឌី របស់ជប៉ុន បានចាប់ដៃជាមួយ មជ្ឈមណ្ឌលជីវិត រស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ បោះទុនវិនិយោគជាង ៦១ម៉ឺនដុល្លារអាម៉េរិក បើកសិប្បកម្ម ខ្នាតតូច ផលិតនិងកែច្នៃផ្លែឈើ បន្លែ ទៅជាចំណីអាហារ។ សិប្បកម្មកែច្នៃអាហារនេះ នឹងផ្តល់ឱកាសការងារជាអាទិភាព ដល់ជនពិការនៅកម្ពុជា ដោយផ្ទាល់ប្រមាណ ២០នាក់ និងប្រយោលជាង ១.០០០នាក់ផ្សេងទៀត។

ក្រុមហ៊ុនហ្វាមីលៀ របស់ជប៉ុន និង មជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ បានហៅការបើក សិប្បកម្មកែច្នៃអាហារនេះថា ជាគម្រោង «លើកកម្ពស់សិទ្ធិ និង ការងារដល់ជនពិការ»។ គម្រោងមួយនេះមានរយៈ ៣ឆ្នាំ គិតចាប់ពីខែមីនា ឆ្នាំ២០១៤ ដល់ខែកុម្ភៈ ឆ្នាំ២០១៧។

គម្រោង ដែលគេរំពឹងថា ជួយផ្តល់ការងារ និងធ្វើឲ្យការរស់នៅ របស់ជនពិការនៅកម្ពុជា កាន់តែល្អប្រសើរនេះ ត្រូវ បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ដោយមានការអញ្ជើញចូលរួមពី លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, លោក ឯម ច័ន្ទមករា អគ្គលេខា ធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ, មន្រ្តីស្ថានទូតជប៉ុន, តំណាងទីភ្នាក់ងារ សហប្រតិបត្តិការ អង្គការ JICA, តំណាងក្រុមហ៊ុន ហ្វាមីលៀ ព្រមទាំងជនពិការ ជាច្រើននាក់ផ្សេងទៀត។

លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ បានថ្លែងថា ការ ចាប់ផ្តើមគម្រោង «លើកកម្ពស់សិទ្ធិ និងការងារដល់ជនពិការ» ដោយសារមើលឃើញ ពីសក្តានុពលផ្លែឈើ បន្លែ នៅក្នុងប្រទេសកម្ពុជា មានច្រើន តែខ្វះការកែច្នៃ។ ដូច្នេះគម្រោងនេះ នឹងធ្វើការកែច្នៃផ្លែឈើ ធ្វើជាដំណាប់ ឬធ្វើ ទឹកផ្លែ ឈើ និងទឹកធ្វើចេញពីបន្លែជាដើម។

លោក ម៉ី សាម៉ីត ដែលជើងទាំងពីររងនូវភាពពិការ តែបេះដូង និង សមត្ថភាពមិនពិការនោះ បានថ្លែងថា គម្រោង នឹងផ្តល់ការងារជូនពិការ នៅកម្ពុជាដោយផ្ទាល់ប្រមាណ ២០នាក់ និងដោយប្រយោល ១ពាន់នាក់ផ្សេងទៀត។
ជំរឿនប្រជាជនឆ្នាំ២០១៣ បានបង្ហាញថា ជនពិការនៅកម្ពុជា មានជាង ៣០ម៉ឺននាក់ ស្មើនឹង ២,០៦ភាគរយ នៃ ចំនួនប្រជាជនសរុប។ ជនពិការទោះបី គេមើលឃើញរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិ សកម្មភាព ជន ពិការ បានខិតខំធ្វើការងារជាច្រើន ដើម្បីសុខុមាលភាព និងសិទ្ធិរបស់ពួកគេយ៉ាងណាក្តី តែនៅមានជន ពិការជា ច្រើននៅតែប្រឈមនឹងបញ្ហា ព្រោះគ្មានការងារធ្វើរកកម្រៃ ចិញ្ចឹមជីវិតរបស់ពួកគេ។

កញ្ញា ហោ សីហា រស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងពេលអញ្ជើញចូលរួមក្នុង ពិធីបើកគម្រោងបានថ្លែងថា កញ្ញាសប្បាយចិត្តនៅពេល មានក្រុមហ៊ុនផ្តោតអារម្មណ៍ លើសុខទុក្ខរបស់ជនពិការ និងបង្កើតឡើង ដើម្បីផ្តល់ការ ងារជូនជនពិការ។ កញ្ញា រំពឹងថា នឹងមានក្រុមហ៊ុនបែបនេះ កាន់តែច្រើនឡើងនៅកម្ពុជា ជួយផ្តល់ឱកាសការងារ ជូន ជនពិការ ឲ្យបានកាន់តែច្រើនថែមទៀត។

ហោ សីហា ពីលើរទេះរុញ ដែលជាមិត្តដ៏ស្និទ្ធស្នាលរបស់កញ្ញា ពេលបំលាស់ទីគ្រប់ពេលវេលានោះ បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដោយក្តីរីករាយថា «ខ្ញុំសប្បាយចិត្ត និងរីករាយ ពេលឃើញមានក្រុមហ៊ុននេះ ខ្ញុំចង់ ឃើញមានក្រុមហ៊ុនបែបនេះ កាន់តែច្រើនថែមទៀត ដើម្បីផ្តល់ការងារជូន ជនពិការបានកាន់តែច្រើន អាច រកប្រាក់កម្រៃ ចាយវាយដោយខ្លួនឯង មិនចង់ចាយវាយលុយកាក់ ឪពុកម្តាយទៀតទេ»។

កញ្ញា ហោ សីហា បានថ្លែងថា បើក្រុមហ៊ុនអាចបណ្តុះបណ្តាល ជំនាញដល់ជនពិការថែមទៀត នោះជននឹងរឹតតែ សប្បាយចិត្ត។

បុរសពិការជើងទាំងសងខាង មកពីខេត្តកំពង់ចាម លោក គីម រ៉ាត់ ក៏បានសម្តែងការសាទរ និងសប្បាយចិត្តផងដែរ ពេលឃើញមានក្រុមហ៊ុន ដំបូងគេនៅកម្ពុជា ចាប់ផ្តើមគិតពីការផ្តល់ ការងារជូនជនពិការ។

លោក គីម រ៉ាត់ បានបន្តថា ក្នុងនាមរូបលោកជាកសិករស្រាប់ បើមានក្រុមហ៊ុនបែបនេះ លោកនឹងអាចបង្កើនការ ដាំដុះកសិផលផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុន ហើយអាចបង្កើនប្រាក់ចំណូល បានច្រើនជាងមុន។

លោក បាបា ថេណេជី តំណាងក្រុមហ៊ុន ផលិតចំណីអាហារហ្វាមីលៀ បានថ្លែងថា លោកនាំយកនូវបច្ចេកទេស ទំនើប មកពីប្រទេសជប៉ុន និងប្រើជំនាញ របស់ក្រុមហ៊ុន ដែលមានពិសោធន៍ ច្រើនឆ្នាំមកនោះ កែច្នៃនូវចំណី អាហារ ដ៏មានគុណភាព និងរស់ជាតិឆ្ងាញ់ លើទឹកដីកម្ពុជា។

លោក បាបា ថេណេជី បានថ្លែងការចាប់អារម្មណ៍ថា ផ្លែស្វាយនៅកម្ពុជា គឺផ្លែឈើដ៏មានឱជារស ហើយរូបលោក តែងបរិភោគវាជារៀងរាល់ថ្ងៃ។ បើតាមលោក បាបា ថេណេជី ផ្លែស្វាយនេះ គេនឹងកែច្នៃជាអាហារ ដ៏មានឱជារស ហើយអាចជួយផ្តល់ការងារ កាន់តែច្រើនជូនជនពិការ។

លោក បាបា ថេណេជី ក៏បានអំពាវនាវ ឲ្យពលរដ្ឋកម្ពុជា គាំទ្រស្នាដៃរបស់ជនពិការ។ ការជួយទិញនូវផលិតផល របស់ជនពិការ គឺជាការជួយលើកទឹកចិត្តដ៏ធំធេង សម្រាប់ការរស់នៅរបស់ជនពិការ។

លោក ម៉ី សាម៉ីត បានថ្លែងថា ដើម្បីឲ្យគម្រោងលើកកម្ពស់សិទ្ធិ និងការងារជនពិការទទួល បានជោគជ័យ លោក បានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធជួយសម្រួល និង ផ្តល់នូវកិច្ចអន្តរាគមន៍ផ្សេងៗ ដូចជាការ ជួយផ្សព្វផ្សាយ ការផ្តល់ព័ត៌មាន ឬការផ្គត់ផ្គង់ដំណាំកសិកម្មជាដើម...។

លោក ម៉ី សាម៉ីត បានថ្លែងបន្តថា៖ «ដើម្បីជោគជ័យ ដំបូងបំផុតយើងពិតជាត្រូវការចំាបាច់ ការបណ្តុះបណ្តាលធន ធានមនុស្សនៅក្នុងការអនុវត្តន៍គម្រោងដោយផ្ទាល់។ ក្នុងនោះយើងក៏សូមអំពាវនាវ ទៅដល់ស្ថាប័នពាក់ព័ន្ធក្រុម និងក្រុមហ៊ុនឯកជនជួយគាំទ្រផងដែរ»។ «យើងក៏សូមឲ្យប្រជាពលរដ្ឋចាប់ផ្តើមគិតគូរជួយលើកកម្ពស់ជនពិការ។ កាគាំទ្រនូវស្នាដៃផលិតផល ធ្វើដោយជនពិការ ចូលចំណែកយ៉ាងខ្លាំងជួយដល់ជនពិការ»។

លោក ម៉ី សាម៉ីត បានថ្លែងរំពឹងទុកថា ៣ឆ្នាំក្រោយ គម្រោងនេះ នឹងសម្រេចបាននូវលទ្ធផលមួយចំនួនដូចជា៖ ជួយអភិវឌ្ឍដំណើរការផលិតផលក្នុងវិស័យកសិកម្ម តាមរយៈការងារជនពិការអាចធ្វើបាន, បង្កើតផែនការសម្រាប់ ដំណើរការផលិតផលកសិកម្ម, កសាងគំរូសាកល្បងមួយសម្រាប់កែច្នៃផលិតផលកសិកម្ម ដូចជាធ្វើដំណាប់ ផ្លែឈើ ស្ងួត បង្អែម ទឹកផ្លែឈើ ជាដើម។ល។ និងធ្វើការផ្សព្វផ្សាយផលិតផល កសិកម្មជាមួយនឹងការផ្តល់ ការងារ ដល់ជនពិការ និងផ្តល់សិទ្ធិអំណាចដល់ជនពិការ និង ការបង្កើតគោលការណ៍ណែនាំសម្រាប់ ការធ្វើឲ្យបរិស្ថាន ការងារ គ្មានឧបសគ្គ ដោយឆ្ពោះទៅរកការផ្តល់ការងារដល់ជនពិការ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

លោក សែម សុខា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់គម្រោង និងសកម្មភាព ក្នុងទិសដៅដោះ ស្រាយ តម្រូវការចាំបាច់ជាមូលដ្ឋានរបស់ជនពិការ ដូចមានចែងនៅក្នុងច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិ ជនពិការ។

លោក បានថ្លែងថា «ខ្ញុំសូមផ្តល់ការលើកទឹកចិត្តចំពោះគម្រោង ដែលអាចស្រូបទាញកម្លាំងពលកម្មជនពិការ ដោយ ដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងសកម្មភាពរបស់ខ្លួន ហើយបង្កលក្ខណៈងាយស្រួលដល់ជនពិការក្នុង កន្លែងធ្វើការងារ»។

លោក សែម សុខា បានរំលឹកដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ត្រូវគោរពអត្រាចូលបម្រើការងាររបស់ជនពិការ គឺ ២ភាគរយ សម្រាប់ក្រសួងស្ថាប័នរដ្ឋ និងមួយភាគរយសម្រាប់វិស័យឯកជន។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា រូបលោក គាំទ្រនូវគម្រោងរបស់ក្រុមហ៊ុនផលិតចំណីអាហារ ហ្វាមីលៀ ខូអិលធីឌី និងមជ្ឈមណ្ឌលជីវិតដោយឯករាជ្យ នៃ ជនពិការរាជធានីភ្នំពេញ និងចង់ឃើញជនពិការមានលទ្ធភាពបង្កើតការងារខ្លួនឯង។

លោកបានថ្លែងផងដែរថា គម្រោង «លើកកម្ពស់សិទ្ធិ និងការងារជនពិការ» នេះ គឺស្របទៅនឹងផែនការជាតិស្តីពី ជនពិការឆ្នាំ២០១៤-២០១៨ ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ជនពិការ។

លោក ឯម ច័ន្ទមករា បានបន្តថា ដើម្បីជួយឲ្យគម្រោងទទួលបានជោគជ័យ និងមានប្រសិទ្ធភាព អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងសហការយ៉ាងស្អិតល្មួតជាមួយមជ្ឈមណ្ឌល ជីវិតដោយ ឯករាជ្យ នៃជន ពិការរាជធានីភ្នំពេញ ក្នុងការចុះសិក្សាត្រួតពិនិត្យ និងជួយស្វែងរកទីផ្សារ សម្រាប់ផលិតផល ទាំងនៅកម្ពុជា ក៏ដូចជានៅក្នុងប្រទេសជប៉ុន។

លោកអគ្គលេខាធិការវ័យក្មេង និងតែងតែគាំទ្រយ៉ាងសកម្មភាព ជាមួយសកម្មភាព របស់ជនពិការរូបនេះ បានថ្លែង រំពឹងទុកផងដែរ គម្រោងនេះ នឹងជួយឲ្យជនពិការបង្កើនចំណេះជំនាញរបស់ខ្លួន បង្កើនចំណូល កាត់បន្ថយភាពក្រី ក្រ និងជួយឲ្យជីវភាពកាន់តែល្អប្រសើរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក បាបា ថេណេជី តំណាងក្រុមហ៊ុន ផលិតចំណីអាហារហ្វាមីលៀ

Photo by DAP-News

លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបសំណេះសំណាលជាមួយជនពិការ

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>