ខេត្តបន្ទាយមានជ័យៈ ស្រីអ្នកលក់ផ្លែឈើម្នាក់ បានបាត់ចៅប្រុស អាយុ ៦ឆ្នាំខណៈរូបគាត់កំពុងលក់ផ្លែឈើឲ្យម៉ូយ នៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៩និង៣៥នាទី ព្រឹកថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១២ ស្រី្តរូបនោះបានស្រែកឲ្យគេឯងជួយ ដោយនិយាយថា ចៅប្រុសរបស់គាត់ត្រូវគេចាប់ដាក់ រថយន្តយកទៅបាត់ ខណៈគាត់កំពុងលក់រវល់។
ជុំវិញការភ្ញាក់ផ្អើលនេះ លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួល បានព័ត៌មាននេះ លោកក៏បានចាត់កម្លាំង ល្បាតតាមគោលដៅនីមួយៗ ចុះអន្តរាគមន៍ ស្រាវជ្រាវករណីនេះភ្លាម ជាលទ្ធផល បានបង្ហាញថា វាជារឿងមិនពិត ដើមចមដំបូងស្រី្តចំណាស់នេះ បាននាំចៅមកផ្សារ ខណៈដែលគាត់រវល់លក់ផ្លែឈើ ក៏មាន រថយន្តមួយមកចតក្បែរ ហើយចៅគាត់ក៏ដើរលេងម្តុំនោះដែរ មួយស្របក់ក្រោយ ស្រាប់តែបាត់ចៅប្រុសរបស់គាត់ ហើយ រថយន្តនោះក៏បាត់ដែរ ទើបស្រ្តីរូបនេះស្លន់ស្លោ ស្រែកឲ្យគេជួយ ថាមានគេចាប់ចៅរបស់គាត់ យកទៅបាត់។
លោក ហម ម៉ុត បានបន្តថា ក្រោយពីសមត្ថកិច្ចតាមរកអស់ រយៈពេលជិតមួយម៉ោង ក៏ប្រទះឃើញចៅប្រុស របស់គាត់រត់ចូល ទៅលេងជាមួយក្មេងប្រុសស្រី ក្នុងសាលារៀនមួយ ឈ្មោះថា សាលារៀនសង្រ្គោះកុមារទៅវិញ សមត្ថកិច្ចក៏នាំយកមកប្រគល់ ជូនក្រុមគ្រួសារវិញ។
ក្មេងប្រុសដែលបាត់ខ្លួនមាន ឈ្មោះ អ៊ុង ដារ៉ូ ភេទប្រុស អាយុ ៦ឆ្នាំ ស្រ្តីជាយាយ មានឈ្មោះ ប៊ី សូវ អាយុ ៥៩ឆ្នាំ រស់នៅក្នុង ភូមិឃុំកើតហេតុខាងលើ៕