ខេត្តបន្ទាយមានជ័យ៖ រោងម៉ាស៊ីនកែច្នៃស្រូវ អង្ករ កម្ពុជា កូរ៉េ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ ត្រូវ បានសម្ភោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២២ វិច្ឆិកា២០១២នេះ។
ពិធីនេះត្រូវបានប្រារព្ធ ធ្វើឡើងក្រោមអធិបតីភាព លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ និងលោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ ក្រៅពីនេះក៏មានការអញ្ជើញចូលរួម ពីអស់ លោក លោកស្រី មន្ត្រីរាជការ មកពីអង្គភាព ស្ថាប័នពាក់ពន្ធ័ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ។
លោក យឹម ឆៃលី បានថ្លែងថា រោងម៉ាស៊ីននេះ សាងសង់អស់ទឹកប្រាក់វិនិយោគចំនួន ២លានដុល្លារសហរដ្ឋអាមេរិក ដែល វិនិយោគ សម្រាប់សាងសង់រោងចក្រម៉ាស៊ីនកែច្នៃ ស្រូវ អង្ករនេះ ក្រោមជំនួយពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។
លោកបានបន្តថា រោងម៉ាស៊ីននេះ អាចផលិតបានត្រឹមតែ ៣តោនទៅ៥តោន ក្នុង១ម៉ោង ហើយក៏វាជា រោងម៉ាស៊ីន លើកដំបូង បំផុត របស់កូរ៉េ ដែលជាជំនួយឥតសំណង និងជាសមានចិត្តដ៏ល្អប្រពៃ និងមានតម្លៃធំធេងបំផុត សម្រាប់រដ្ឋាភិបាល និង ប្រជាជនកម្ពុជា ពិសេសសម្រាប់ជួយសម្រួល ដល់ការសម្ងួតស្រូវ ស្តុកស្រូ វនិងទីផ្សារស្រូវ អង្កររបស់ប្រជាកសិករ យើងនៅតំបន់នេះ៕