ភ្នំពេញ ៖ ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា នៅម៉ោងប្រមាណជា ៤ និង ៣០ នាទី រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤នេះ បានដឹកនាំតំណាងកម្មករ រោងចក្រអូសេអង់ ចំនួន ២៥ នាក់ ទៅដាក់ញ្ញត្តិនៅខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ដើម្បីស្នើ ឲ្យសម្តេច ជួយអន្តរាគមន៍ដល់កម្មករ ដែលបានផ្ទុះកូដកម្មអស់រយៈពេលជាង ១០ ថ្ងៃកន្លងមកនេះ។
លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោកបានយកញ្ញត្តិ ទៅដាក់នៅខុទ្ទកាល័យ សម្តេចរួចរាល់ហើយ ដែលក្នុងញ្ញត្តិនោះ មានពីរចំណុចសំខាន់ៗ ដើម្បីស្នើឲ្យ សម្តេចជួយដោះស្រាយ បញ្ហាឲ្យកម្មកររោងចក្រអូសេអង់ ។
ចំណុចទាំងពីរនោះរួមមាន ទី១-ក្រុមហ៊ុនត្រូវផ្តល់ប្រាក់១០០ភាគរយ ដល់កម្មករក្នុងអំឡុង ពេលរោង ចក្រផ្អាកការងារ និងទី២-គិតប្រាក់អត្ថប្រយោជន៍ផ្សេងៗឲ្យពួកកម្មករ បើរោងចក្រមានបំណងចង់ បិទទ្វារ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៤ នេះ ក្រុមកម្មកររោងចក្រអូសេអង់ បានលើកគ្នាមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈម្តងទៀត ដើម្បីដាក់ញ្ញត្តិឲ្យ លោករដ្ឋមន្រ្តីជួយដោះស្រាយ បញ្ហាពួកគេ ដែលទាមទារប្រាក់១០០ភាគរយ ក្នុងអំឡុងពេលក្រុមហ៊ុនផ្អាកការងាររយៈពេលមួយខែ ប៉ុន្តែ ខាងក្រសួងបានប្រាប់ទៅវិញថា នឹងលើកយកបញ្ហាទាំងអស់នេះ ទៅចរចាជាមួយសមាគមរោង ចក្រកាត់ដេរកម្ពុជា (GMAC)៕