កណ្តាលៈ ជនសង្ស័យម្នាក់ ដែលគេស្គាល់ថា ឈ្មោះសុខ បញ្ញា ហៅតូញ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានកម្លាំង សមត្ថកិច្ច ធ្វើការឃាត់ខ្លួន ពីបទប្រើហិង្សា ដោយយកដែក កាវឡាក់វាយទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ ។
ប្រភព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យៀន សុផល ត្រូវជាប្រពន្ធជនសង្ស័យ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ សុខ បញ្ញា ហៅតូញ ត្រូវជាប្តីជនរងរងគ្រោះ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង១៨និង២០នាទី ជនសង្ស័យ(ត្រូវជាប្ដី) បានទៅហៅប្រពន្ធរបស់ខ្លួន នៅផ្ទះរបស់ឈ្មោះអ៊ឹម ឆុន ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ពេលនោះជនរងគ្រោះ មិនព្រមទៅទេ ព្រោះខ្លាចប្ដីវាយធ្វើបាប ដោយសារកន្លងមកជនសង្សយ័ត្រូវជាប្ដីធ្លាប់វាយធ្វើបាបច្រើនលើក ច្រើនសារមកហើយ។ ពេលនោះជនសង្ស័យខឹងក៏ស្ទុះទៅច្របាច់កជនរងគ្រោះ បណ្ដាលអោយជនរងគ្រោះដួលទៅនឹងដី ភ្លាមនោះជនរងគ្រោះក៏ក្រោកឈរ ស្រាប់តែជនសង្ស័យ យកដែកកាវឡាក់ ប្រវែង ០.៦២ម៉ែត្រមកវាយក្បាល ជនរងគ្រោះ (ត្រូវជាប្រពន្ធ) មួយដែកកាវឡាក់ បណ្ដាលអោយបែកហូរឈាម នឹងដួលទៅលើដីម្តងទៀត។
បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជន សង្ស័យ ឈ្មោះសុខ បញ្ញា ហៅតូញ ភេទប្រុស បញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយតែម្តង។
បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាលរបួសនៅមន្ទីរពេទ្យ៕