កំពង់ចាម៖ បុរសម្នាក់ត្រូវបានដែគូបុកប៊ីយែ របស់ខ្លួន យកដងកឺ រុកភ្នែកបណ្ដាលឲ្យខ្វាក់ម្ខាង ក្រោយពីពួកគេ បានទាស់ទែងពាក្យសម្ដី ពេលកំពុងលេង កាលពីវេលាម៉ោងប្រមាណ ១២៖៣០នាទី រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម។
មន្ដ្រីនគរបាលស្រុកបាធាយ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្ក បាននាំគ្នាលេងបុកប៊ីយែ ដោយភ្នាល់ដាក់លុយ ១០០០-២០០០រៀល ស្រាប់តែពេលកំពុងលែងនោះ ក៏កើតជម្លោះ មិនដឹងថា មូលហេតុអ្វីពិតប្រាកដ ទើបជនបង្កដែលជាភាគីម្ខាង បានយកដងកឺ រុកភ្នែកដៃគូរបស់ខ្លួន បណ្ដាលឲ្យបែកគ្រាប់ភ្នែកម្ខាងខ្វាក់តែម្ដង។
មន្ដ្រីនគរបាលបានបន្ដទៀតថា ក្រោយបង្កហេតុរួច ជនសង្ស័យ បានរត់គេចដោយឡើងទៅលើផ្ទះម្ដាយរបស់ខ្លួន ប៉ុន្ដែពេលដែលកម្លាំងនគរបាល ទៅឡោមព័ទ្ធ ត្រូវបានស្រ្ដីជាប្រពន្ធធ្វើការរារាំង មិនឲ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួនប្ដីនោះទេ។ ក្រោយពីស្ដ្រីជាប្រពន្ធ រារាំងយ៉ាងដូច្នេះ អធិការនគរបាលស្រុកបាធាយ បានសុំគោលការណ៍ភ្លាមៗ ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន ទើបលោកស្នងការ បានសុំការឯកភាព ពីព្រះរាជអាជ្ញា រួចហើយ កម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនស្រី្ដជាប្រពន្ធ ពីបទរារាំងសមត្ថកិច្ច។ ដោយឡែកកម្លាំងសមត្ថកិច្ចផ្សេងទៀត បាននឹងកំពុងធ្វើការឡោមព័ទ្ធ កន្លែងដែលជនល្មើសលាក់ខ្លួន ដើម្បីយកទៅផ្ដន្ទាទោស តាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ ពីអត្តសញ្ញាណរបស់ជនល្មើស និងជនរងគ្រោះនៅឡើយទេ ដោយសារតែជាប់រវល់ នៅក្នុងប្រតិបត្តិការ ចាប់ជនបង្ករូបនេះ៕