Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការ​ខេត្ត​កំពង់ចាម សម្រេច​ឃុំខ្លួន នាយរង​ផ្នែក​ការិយាល័យ​សណ្ដាប់​ធ្នាប់ ពីបទ​ប្រើ​អាវុធ​ខុសច្បាប់ និង​ចែកចាយ​គ្រឿងញៀន

$
0
0

- ជនសង្ស័យរូបនេះ ជាកូនប្រសាររបស់លោក ប៉ែន គ្រី អនុប្រធានការិយាល័យកណ្ដាល សណ្ដាប់ធ្នាប់
- ស្នងការខេត្តកំពង់ចាម សរសេរលិខិតទៅអគ្គស្នងការនគរបាលជាតិ ស្នើសុំបណ្ដេញចេញពីក្របខណ្ឌនគរបាល

កំពង់ចាម៖ នាយរងផ្នែកការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ឈ្មោះ សុខ ទិត្យសីហា ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម សម្រេចឃុំខ្លួន ដាក់ពន្ធនាគារនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះ ដោយជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់អាវុធខុសច្បាប់ និងចែកចាយគ្រឿងញៀន ដែលត្រូវបានកម្លាំងនគរបាល ក្រុងកំពង់ចាម ចាប់ខ្លួនកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះ លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួន ជនសង្ស័យ សុខ ទិត្យសីហា អាយុ ២៧ ឆ្នាំ មុខរបរ ជាមន្ដ្រីនគរបាល ស្នាក់នៅបច្ចុប្បន្ន ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដាក់ពន្ធនាគារ។

លោក ចៅក្រមបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានចោទប្រកាន់ ពីបទកាន់កាប់អាវុធ ដោយគ្មានលិខិតអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ តាមមាត្រា ៤៩០ ក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

ជាមួយនឹងការចេញដីកា បង្គាប់ឲ្យឃុំខ្លួន ជនសង្ស័យរូបនេះ ដែលត្រូវបានគេដឹងថា ជាកូនប្រសារ របស់លោក វរសេនីយ៍ទោ ប៉ែន គ្រី អនុប្រធានការិយាល័យកណ្ដាល សណ្ដាប់ធ្នាប់ខេត្តកំពង់ចាមនោះ លោក ឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាល ខេត្តកំពង់ចាម បានសម្ដែងការសាទរ ដែលតុលាការបានផ្ដល់កិច្ចសហការ យ៉ាងល្អជាមួយនគរបាលរបសលោក ពោលមិនលើកលែងចំពោះជនសង្ស័យរូបនេះ។

បើតាមលោក ឧត្តមសេនីយ៍ បែន រ័ត្ន ជនសង្ស័យ សុខ ទិត្យសីហា ជាប់ពាក់ព័ន្ធនឹងសកម្មភាព ជួញដូរអាវុធ (ទិញពីអ្នកនេះ ទៅលក់ឲ្យអ្នកនោះ) និងចែកចាយគ្រឿងញៀន ហើយមន្ដ្រីនគរបាលរូបនេះ ត្រូវបានថ្នាក់ដឹកនាំមុនៗ ហៅមកព្រមាន ប៉ុន្ដែមិនរៀងចាល ទើបលើកនេះ ក្នុងនាមលោកជាស្នងការ មិនលើកលែងឲ្យនោះឡើយ គឺចាត់វិធានការ តាមផ្លូវច្បាប់តែម្ដង។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា បើសិនពុំមានវិធានការចំពោះមន្ដ្រីនគរបាលរូបនេះទេ ធ្វើឲ្យមន្ដ្រីនគរបាលជាច្រើននាក់ផ្សេងទៀត នៅក្នុងអង្គភាព មិនសប្បាយចិត្ត ប៉ះពាល់អារម្មណ៍ធ្វើការ ពីព្រោះពេលឃើញនគរបាលរូបនេះ ជួញដូរអាវុធខុសច្បាប់ និងចែកចាយគ្រឿងញៀន ហើយពេលខ្លះត្រូវទទួលបានស័ក្ដិពាក់ទៀតនោះ គឺជាការប៉ះពាល់សតិអារម្មណ៍យ៉ាងខ្លាំង។

ជាមួយនឹងករណីនេះ ស្នងការនគរបាលខេត្តកំពង់ចាម នឹងសរសេរលិខិត ទៅកាន់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ដើម្បីបណ្ដេញមន្ដ្រីនគរបាលរូបនេះ ចេញពីក្របខណ្ឌ។

សូមបញ្ជាក់ថា កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម បានចុះធ្វើរដ្ឋបាល ហើយឈាន ទៅដល់ការឃាត់ខ្លួន មន្ត្រីនគរបាលម្នាក់ ដែលមានតួនាទី ជានាយរងផ្នែកការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម  ពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន យ៉ាងសកម្មនាពេលកន្លងទៅ។

បើទោះបីពេលចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងនគរបាលមិនបានរកឃើញ ថ្នាំញៀន នៅជាប់នឹងខ្លួន ក៏ដោយនោះ ប៉ុន្តែកម្លាំងនគរបាល បានរកឃើញឧបករណ៍ សម្រាប់ជក់ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងកាំភ្លើងខ្លីមួយដើម ដែលបាញ់គ្រាប់លីតកង់។

មន្ត្រីនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជា ពីសំណាក់ស្នងការនគរបាល ខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ បែន រ័ត្ន រួចមកលោកសោម ផាត អធិការនគរបាលក្រុងបាន ដឹកនាំកម្លាំងជាច្រើននាក់ ចុះធ្វើរដ្ឋបាលនៅតាមទីតាំងជាច្រើន នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ នេះទើបឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យនេះតែម្តង។

មន្ត្រីនគរបាលខាងលើបានបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវចាប់ខ្លួន រួមនិងវត្ថុតាងជាក់ស្តែងនោះ មានឈ្មោះ សុខ ទិត្យសីហា គឺជាមន្ត្រីនគរបាល មានតួនាទី ជានាយរងផ្នែកការិយាល័យ សណ្តាប់ធ្នាប់ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលខាងលើបានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះ ត្រូវបានស្នងការមុនៗ ធ្លាប់ធ្វើការព្រមានជាច្រើនលើក ច្រើនសាររួចមកហើយ ប៉ុន្តែនៅតែមិនរាងចាល ទំនងជាជនសង្ស័យ រូបនេះអាងអំណាចរបស់ឪពុកក្មេក គឺលោក ប៉ែន គ្រី មានតួនាទី ជានាយការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ខេត្ត កំពង់ចាម។ ប៉ុន្តែនៅពេលនេះ ដោយមានបញ្ជាយ៉ាងម៉ើងម៉ាត់ពីសំណាក់ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍បែន រ័ត្ន ជនសង្ស័យដែលជាកូនប្រសារ របស់លោកប៉ែន គ្រី នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយគ្មានការយោគយល់នោះឡើយ។

សូមរំលឹកផងដែរថា កូនប្រុសបង្កើត របស់លោកប៉ែន គ្រី ម្នាក់ រួមជាមួយ បក្ខពួក២នាក់ផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួន ក្រោយពីដេញកាប់យុវជន ៤នាក់ តាមដងផ្លូវយ៉ាងអានាធិបតេយ្យ កាលពីពេលថ្មីៗនេះ ក្នុងនោះបក្ខពួករបស់គេ ៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ពីសំណាក់កម្លាំង នគរបាល ហើយត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចហើយនោះ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងកំពង់ចាម បានបញ្ជាក់ទៀតថា ក្រោយពីចាប់ខ្លួន ជនសង្ស័យ សុខ ទិត្យសីហា រួចមក កម្លាំងនគរបាល ដែលមាន ការឯកភាព តាមផ្លូវច្បាប់ពីតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម កម្លាំងនគរបាលបានចុះឆែកឆេរផ្ទះជនសង្ស័យរូបនេះ ដោយរកឃើញវត្ថុតាងមួយចំនួនទៀត ដែលអាចជាប់ពាក់ព័ន្ធ នឹងសកម្មភាពលួច ឬប្លន់ ប៉ុន្តែត្រូវរង់ចាំការសួរចម្លើយ និងស្រាវជ្រាវបន្តទៀត។

សូមបញ្ជាក់ ចាប់តាំងពីលោកបែន រ័ត្ន ត្រូវបានថ្នាក់ដឹកនាំតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ក្នុងរយៈពេលប៉ុន្មានខែមកនេះ លោកបានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចចាប់ខ្លួនមន្ត្រីនគរបាល៣នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាករណីទី១ ដុតសម្លាប់មិត្តភក្តិខ្លួនឯង រួចប្លន់យកទ្រព្យសម្បត្តិ នៅក្រុងកំពង់ចាម ករណីទី២ រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ក្នុងរថយន្ត នៅស្រុកជើងព្រៃ និងករណីទី៣ គឺមុខសញ្ញាចែកចាយ គ្រឿងញៀននេះតែម្តង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>