ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យ គ្រឿងញៀនក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤នេះ បានចុះបង្ក្រាបទីតាំង ជួញដូរគ្រឿងញៀន ដ៏ធំមួយកន្លែង ស្ថិតនៅផ្លូវបែកជា៥ ក្បែរស្ថានីយប្រេងតូតាល់ ផ្ទះ 170E1 តាមបណ្ដោយផ្លូវ ៤៣០ កែងផ្លូវ ១៧៣ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ដោយបានឃាត់ខ្លួន បានជនសង្ស័យចំនួន ៥នាក់ និងវត្ថុតាំងថ្នាំញៀនមួយចំនួនធំ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពី កម្លាំងជំនាញនៃការិយាល័យ គ្រឿងញៀនក្រុងភ្នំពេញ ដឹកនាំដោយលោក សៀង សុង ព្រះរាជអាជ្ញារង សាលាដំបូងក្រុងភ្នំពេញ បានចុះប្រតិបត្តិការបង្រាបទីតាំងជួញដូរ និងប្រើប្រាស់ថ្នាំញៀនដ៏ធំ ស្ថិតនៅទីតាំងផ្ទះ 170E1 តាមបណ្ដោយផ្លូវ ៤៣០ កែងផ្លូវ ១៧៣ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ជាក់ស្តែង ។
លោកបន្តថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន ៥នាក់ ស្រី ២ ប្រុស ៣ ខណៈពេលដែលពួកវាកំពុងជក់ និងជួញដូថ្នាំញៀន នៅចំណុចទីតាំងខាងលើ បញ្ជូនទៅការិយាល័យ គ្រឿងញៀនក្រុងភ្នំពេញ ដើម្បីសាកសួរនិងមានវិធានការទៅតាមផ្លូវច្បាប់។ វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានមានថ្នាំញៀនចំនួន ៥កញ្ចប់ សំភារៈប្រើប្រាស់សម្រាបជក់មួយចំនួន។
ជនសង្ស័យទាំង ៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ទី១ឈ្មោះ សែន សុវណ្ណារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅកើតហេតុ លេខ ១៧០E1 ផ្លូវ១៧៣ កែង ផ្លូវ៤៣២ ក្នុងភូមិ៤ ក្រុម២៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ជាមេខ្លោង ។ ទី២ឈ្មោះ អ៊ុច សុខណា អាយុ ៣៣ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិសន្សំកុសល ទី៣ឈ្មោះ ជាតិ តួ ភេទប្រុស អាយុ ២៦ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ ទី៤ឈ្មោះ ថន ម៉ាឌីណា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរអ៊ុតសក់ និងទី៥ឈ្មោះ ចាន់ ស្រីពេជ្រ អាយុ ១៩ឆ្នាំ មុខរបរអ៊ុតសក់ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃការិយាល័យ គ្រឿងញៀនក្រុងភ្នំពេញ បញ្ជូនទៅកាន់ការិយាល័យ ដើម្បីសាកសួរ និងមានវិធានការទៅតាមផ្លូវច្បាប់៕