បាត់ដំបងៈ កម្លាំងអាវុធហត្ថស្រុកមោងឫស្សី បានឃាត់ខ្លួនមុខសញ្ញា កាច់ក ម៉ូតូ២នាក់ និងរឹបអូសបាន ៣គ្រឿង កាលពីវេលា ម៉ោង១១ និង ៣០នាទី ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខឡឥដ្ឋ តាមបណ្តាយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរាមគន់ ឃុំគារស្រុកមោងឫស្សី រួចកសាង សំណុំរឿងបញ្ជូនខ្លួន មកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
លោកវរសេនីយ៍ត្រី ប៉ោ សុខឃាង មេបញ្ជាការអាវុធហត្ថ ស្រុកមោងឫស្សី បានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខឡឥដ្ឋ តាមបណ្តាយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរាមគន់ ឃុំគារស្រុកមោងឫស្សី មានករណីកាច់សោ ក យកម៉ូតូ ជន រងគ្រោះ បានចំនួន២គ្រឿង ភ្លាមៗនោះកម្លាំងបានទទួលដំណឹង ហើយក៏បានដឹកនាំកម្លាំងចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និង រឹបអូសបានម៉ូតូចំនួន២គ្រឿង នាំយកមកសាកសួរបានចម្លើយ ទើបរាយការណ៍មកកម្លាំងអាវុធហត្ថខេត្ត ដើម្បីសហការគ្នាចុះឆែកឆេរ នៅផ្ទះជួល របស់ជនសង្ស័យ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានរកឃើញម៉ូតូ១គ្រឿងទៀត និងវត្ថុតាងមួយចំនួន ដែលជន សង្ស័យលាក់ទុក នាំយកមកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់មាន ៖ទី១ ឈ្មោះ សូត្រ រ័ត្ន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃពពែល ឃុំ.ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងទី២ឈ្មោះ សាន់ ស៊ីម៉ី ភេទស្រី អាយុ២១ឆ្នាំ ជាកម្មការិនីកាត់ដេររោងចក្រនៅភ្នំពេញ មានទីលំនៅភូមិពងទឹក ឃុំគំរូ ស្រុកមេមត់ ខេត្តកំពង់ចាម។
លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានបញ្ជាក់ថា បន្ទាប់ពីបានស្តាប់ចម្លើយ សារភាព របស់ជនសង្ស័យរួចមក ការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងទៅតុលាការខេត្ត ដើម្បី ចាត់ការបន្តតាមច្បាប់។ ចំណែកម៉ូតូទាំង៣គ្រឿង ដែលរឹបអូសបានសមត្ថកិច្ច បានប្រគល់ទៅឲ្យម្ចាស់ដើមវិញ នៅពេលក្រោយ៕