Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អង្គការ JICA ដែលអស់សង្ឃឹម​ នឹងគម្រោង ជួយស្តារ បឹងព្រែកទប់ ប្រហែល មានសង្ឃឹម ឡើងវិញ

$
0
0

ភ្នំពេញ៖ អង្គការ JICA ដែលមានគម្រោងជួយស្ដារបឹងព្រែកទប់ នៅខេត្តព្រះសីហនុ ហើយបានបញ្ឈប់ទៅវិញ ដោយសារមានបញ្ហាជនខិលខូច ចាក់ដីលុបរំលោភយកបឹងនោះ ប្រហែលជាមានសង្ឃឹមឡើងវិញ ក្នុងការជួយស្តារនេះ។

គេហទំព័រដើមអម្ពិល បានផ្សព្វផ្សាយអំពីបញ្ហាតំបន់បឹងព្រែកទប់ ជាបឹងស្តុកទឹកសាប នៅខេត្តព្រះសី ហនុ ជាច្រើនប្រធានបទរួចមកហើយ ដែលបឹងនេះមានគម្រោងស្ដារជាយូរមកហើយ បន្ទាប់ពីបានសិក្សាលំអិតរួចរាល់កន្លងមក ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយសារមានបញ្ហា។

Photo by DAP-News

យោងតាមកាសែតកម្ពុជាថ្មី ចុះផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ដោយដកស្រង់សំដីរបស់មន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា អង្គការ JICA ជប៉ុន ដែលបានសិក្សា អំពីគម្រោងស្តារបឹងព្រែកទប់ ដែលជាអាងស្តុកទឹកសាបរួចរាល់អស់ហើយនោះ និងរង់ចាំ តែធ្វើសកម្មភាពស្តារ ទំនងជាត្រូវផ្អាកទៅវិញ បើសិនជាភាពស្មុគ្រស្មាញនៅជុំវិញបឹង មិនមានការដោះស្រាយ ឲ្យបានច្បាស់លាស់ទេនោះ ពីព្រោះ អ្វីដែលកំពុងកើតមានឡើង បែបអនាធិបតេយ្យក្នុងបឹងព្រែកទប់នេះ វាជាផលប៉ះពាល់ដល់គម្រោងស្តារបឹង។

ប្រភពព័ត៌មានដដែលបានបន្តថា គោលដៅនៃការស្តារ បឹងព្រែកទប់ឡើងវិញរបស់អង្គការ JICA នេះ គឺចង់រក្សាការពារបឹងព្រែកទប់ឲ្យបាន គង់វង្ស យូរអង្វែងសម្រាប់ ការផ្គត់ផ្គង់ទឹកសាបតែមួយគត់ ក្នុងក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន និងអនាគត ហើយគម្រោងនេះ អង្គការជប៉ុន JICA បាន សិក្សាលំអិតរួចហើយស្តីពី ផលប៉ះពាល់ អនាម័យ និងបរិស្ថាន និងមិនអនុញ្ញាតឲ្យមានការរស់នៅ សង់ផ្ទះសម្បែងជុំវិញមាត់បឹង ប៉ុន្តែសម្រាប់ ពេលនេះ ដីនៅជុំវិញ មាត់បឹងត្រូវបានគេឃុបឃិតគ្នា ចេញបណ្ណកម្មសិទ្ធិកាន់កាប់អស់ទៅហើយ ព្រមទាំងចាក់ដីលុបគ្មានញញើត កោតក្រែង និង គ្មានសេចក្តីអៀនខ្មាសអ្វីទេ គឺវាផ្ទុយទៅនឹងគម្រោង ដែលបានសិក្សាគិតទុកជាមុន។ ដូចនេះ ផែនការស្តារ បឹងព្រែកទប់របស់ អង្គការជប៉ុន JICA ទំនងជាត្រូវផ្អាកវិញ។

Photo by DAP-News

ប៉ុន្តែមកដល់ពេលនេះ អង្គការ JICA របស់ជប៉ុន ប្រហែលជាមានសង្ឃឹមឡើងវិញ ក្នុងស្ដារបឹងព្រែកទប់ នៅខេត្តព្រះសីហនុ ពីព្រោះរាជរដ្ឋាភិបាល កម្ពុជា បានបញ្ជូនអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានចំនួនពីរ រូប គឺលោក ស៊ូ សូវុធ និងលោក ប៉ុន សារឿន ឲ្យចុះទៅពិនិត្យដីនៅតំបន់បឹងព្រែក ទប់នេះ។ តាមប្រភពពីភ្នាក់ងារ របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំនៅខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅ ខេត្តនេះ ដែលស្រឡាញ់ភាពស្អាតស្អំ និងយុត្តិធម៌ មានសង្ឃឹមយ៉ាងខ្លាំងទៅលើអនុរដ្ឋលេខាធិការទាំងពីរ ក្នុងការជួយបឹងព្រែកទប់ ពីព្រោះលោក ជាមន្ត្រីអប់រំផ្នែកបរិស្ថាន ហើយក៏មិនធ្វើឲ្យរាជរដ្ឋាភិបាល និងក្រសួងបរិស្ថានអស់សង្ឃឹមដែរ។ ប្រភពក្រៅផ្លូវការ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្រហែលទុកឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នេះតែ ៥១គ្រួសារ ស្មើនឹង១១០ក្បាលដី ដែលមានទីលំនៅ ជាក់ ស្តែងមុនគេជាយូរមកហើយប៉ុណ្ណោះ ភាគច្រើនជាគ្រួសារមន្ត្រីអង្គភាពរដ្ឋាករទឹក ស្ថិតនៅជិតវត្តឥត្តញ្ញណ និងជិតអង្គភាពរដ្ឋាករទឹក ដែលនៅ ឆ្ងាយ ពីបឹងព្រែកទប់ ក្រៅពីនេះ គឺរាជរដ្ឋាភិបាលយកវិញទាំងអស់។

តាមរបាយការណ៍ របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រភពទឹករបស់អង្គភាពរដ្ឋាករទឹក គឺមានបឹងព្រែកទប់ទំហំ ១៥ហិកតា អាចស្តុកទឹកបាន ៥០ម៉ឺនម៉ែត្រគូប ហើយបឹងនេះ តែងតែរីងស្ងួតនៅចុងខែមីនា ធ្វើឲ្យមានការខ្វះខាតទឹកប្រើប្រាស់ក្នុងតំបន់ ខណៈដែលតម្រូវការទឹកនៅតំបន់នេះ ក្នុងខែប្រាំង ក្នុងមួយថ្ងៃមានចំនួន ១៣ពាន់ម៉ែត្រគូប។ 

ទៅអនាគត ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ កើតកូនពូនជាចៅ ពិតណាស់គឺកើនឡើងចំនួន ចំណែកភ្ញៀវទេសចរណ៍ក៏កើនឡើងដែរ ដូច្នេះ អាជ្ញាធរដែនដី ក៏ដូចមន្ត្រីជំនាញ ត្រូវស្តារផ្ទៃបឹង ពង្រីកបន្ថែម និងទុកផ្ទៃរងទឹកភ្លៀងឲ្យកាន់តែច្រើនថែមទៀត មិនគួរបោកប្រាស់រាជ រដ្ឋាភិបាល ដោយបំប៉ោងតួលេខគ្រួសារ និងក្បាលដីដ៏ច្រើន រហូតដល់ ២៣០ក្បាលដី ដោយចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីនៅតាមមាត់បឹង ដូចបច្ចុប្បន្ននេះ ឡើយ។ មន្ត្រីខិលចូច មានលោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ, លោក ប្រាក់ ស៊ីហារ៉ា អភិបាលរងខេត្តព្រះសីហនុ, លោក ហ៊ុន ភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ, លោក ហេង ហ៊ុយ ជាឈ្មួញអ្នកមានទ្រព្យសម្បត្តិ នៅខេត្ត ព្រះសីហនុ។

បឹងព្រែកទប់ តែងតែរីងស្ងួតនៅចុងខែមីនា នាំឲ្យខ្វះខាតទឹកសាបប្រើប្រាស់ វាសមល្មមសម្រាប់អាជ្ញាធរ និងមន្ត្រីជំនាញខិលខូច ខេត្តព្រះសីហនុ ដឹងខ្លួនក្នុងការស្តារ និងពង្រីកផ្ទៃបឹងហើយ ឬមួយចាំឲ្យដល់ពេលមានបញ្ហាដូច ខេត្តកោះកុង ទើបភ្ញាក់ខ្លួន? ខេត្តកោះកុង គឺជាខេត្តជាប់សមុទ្រ ដូចគ្នានឹងខេត្តព្រះសីហនុដែរ ដូច្នេះបញ្ហាត្រូវការទឹកសាបប្រើប្រាស់ ជាមានការលំបាកមិនខុសគ្នាឡើយ។ លិខិតរបស់ ក្រុមហ៊ុន អិល វ៉ាយ ភី (L.Y.P.) គ្រុប ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ជម្រាបជូនមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង បានឲ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតរបស់ រដ្ឋាករទឹកកោះកុង នឹងត្រូវផ្អាកជា  បណ្តោះអាសន្ន រង់ចាំទឹកស្រះកើនបន្តិច ទើបធ្វើការផលិតឲ្យប្រើប្រាស់ ប្រក្រតីឡើងវិញ។មូលហេតុខ្វះខាតទឹក គឺដោយសារតែបញ្ហាអាកាសធាតុ និងចំនួនអ្នកប្រើប្រាស់កើនឡើង ហើយទោះបីជាក្រុមហ៊ុន បានខិតខំផលិតទឹកស្អាត នៅស្រះរដ្ឋាករទឹកចាស់ មកជួយបន្ថែមមួយកន្លែងទៀត ក៏នៅតែខ្វះដែរ។ ការខ្វះទឹកស្អាតប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ ប្រជាពលរដ្ឋនៅខេត្តកោះកុង បានឲ្យដឹងថា មាន រយៈពេល៣ឆ្នាំជាប់ៗគ្នាមកហើយ រួចក្រុមហ៊ុនបានបូមទឹកស្រះ ដែលមានពណ៌ក្រហម ក្លិនស្អុយ ងួតទៅបណ្តាលឲ្យកើតរមាស់ នាំឲ្យ ប្រជាពលរដ្ឋ កើតជំងឺ និងប៉ះពាល់ដល់ការប្រកបមុខ របរចិញ្ចឹមជីវិតរបស់ពួកគាត់។

សូមរលឹកថា កាលអំឡុងពេលចូលរួមប្រជុំ ជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត តំណាងសាលា ដំបូងខេត្ត ព្រះរាជអាជ្ញា និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត នៅឯសាលប្រជុំ សាលាខេត្ត ព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤នេះ លោក ប៊ិន ឈិន ឧបនាយក រដ្ឋមន្រ្តី និងជា ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានណែនាំឲ្យលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ទើបឡើងជំនួសលោក ស្បោង សារ៉ាត ធ្វើយ៉ាងណា ត្រូវតែការពារបឹងព្រែកទប់ និងព្រៃនៅតំបន់ក្បាលឆាយឲ្យបាន ដោយទុកជាស្នាដៃទី១ នៃការគ្រប់គ្រងរបស់លោក ដោយធ្វើការសហការ ជាមួយសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតឲ្យបាន។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានសង្កត់ធ្ងន់ បញ្ជាក់ប្រាប់អង្គប្រជុំផងដែរថា កាលជំនាន់លោក ស្បោង សារ៉ាត នៅជាអភិបាលខេត្ត ព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ធ្វើការជេរស្តីច្រើនណាស់ គឺឲ្យតែពេលជួប គឺលោកនិយាយហើយពីរឿងហ្នឹង។

Photo by DAP-News

ក្នុងពិធីផ្លាស់ប្តូរអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ នៅឯ សាលប្រជុំធំ សាលាខេត្តព្រះសីហនុ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវតែថែរក្សា បឹងព្រែកទប់ និងព្រៃជុំវិញឲ្យបានល្អ បើថែរក្សាមិនបានទេ វារលាយហើយកំពង់សោមនោះ ។

លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដាច់ខាត ត្រូវរក្សាឲ្យបានចំពោះបឹងព្រែកទប់នេះ ព្រោះ ខេត្តព្រះសីហនុ គឺជាខេត្តទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ដោយសារកំណើនប្រជាពលរដ្ឋ មានការកើនឡើងជាលំដាប់ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែធ្វើដំណើរមកកំសាន្ត នៅក្រុងព្រះសីហនុយ៉ាងច្រើន។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា កន្លងមកក្រុងព្រះសីហនុ ជួបប្រទះរួចហើយ ពីកង្វះទឹកស្អាត ដោយត្រូវធ្វើយ៉ាងណា ពេល ភ្ញៀវទេសចរ មកមុជទឹកសមុទ្រ ហើយត្រូវមានទឹកស្អាត ងូតលាងសំអាតខ្លួនផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី បានលើកជាវិធានការថា ទី១- ហាមទៅប៉ះពាល់     បឹងព្រែកទប់ឲ្យសោះ, ទី២-ត្រូវមានវិធានការ ស្តារបឹងឡើងវិញផងដែរ ទើបអាចរក្សាទឹក និងព្រៃជុំវិញនោះបាន។ បើមិនដូច្នេះ ទេ ខេត្តនេះ នឹងលែងក្លាយទៅជា ប៉ូលសេដ្ឋកិច្ចទៀតហើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>