ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាន ក្រុមក្មេងទំនើង ដេញកាប់ និងគប់ តាមបណ្តោយផ្លូវ៤៨០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បណ្តាឲ្យរងរបួសហូរឈាម ជាច្រើនកន្លែង នៅម៉ោងប្រមាណ ២២ និង៥៥ នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នេះ។
សាក្សីនៅកន្លែងកើតហេតុ មិនបានបញ្ជាក់ពីមូលហេតុ នៃអំពើហិង្សាបង្កដោយ មនុស្សមួយក្រុម នាំគ្នាដេញ កាប់ និងគប់ដំថ្មទៅលើយុវជនរូបនោះទេ ប៉ុន្តែគាត់បានបញ្ជាក់ថា យុវជនរូបនេះរងរបួសជាច្រើន កន្លែង ព្រោះឃើញហូរឈាមជាច្រើន បន្ទាប់ពីរងការកាប់ និងគប់ដោយដុំថ្មពីសំណាក់ក្មេងទំនើងមួយក្រុម។
សាក្សីនៅកន្លែងកើតហេតុបានបន្តទៀតថា មិនត្រឹមតែយុវជនរូបនេះទេ កម្លាំងនគរបាលល្បាត ពីររូបរបស់ប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏រៀបនិងត្រូវដុំថ្មរបស់ ក្រុមក្មេងទំនើងមួយក្រុមនេះផងដែរ ប៉ុន្តែសំណាងល្អ នគរបាលទាំងនោះបានគេចរួច។
រហូតមកទល់ពេលនេះ កម្លាំងនគរបាលនៅមិនទាន់អាចប្រាប់អត្តសញ្ញាណជនរងគ្រោះបាននៅឡើយទេ ហើយចំពោះហេតុការណ៍ នៃអំពើហិង្សានេះ ក៏មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយដែរថា បណ្តា មកពីមូលហេតុអ្វី ព្រោះកម្លាំងនគរបាលត្រូវធ្វើការស៊ើបអង្កេតសិន៕