Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលករខ្មែរ សម្រុកចេញពីថៃ ដោយខ្លាចពី បញ្ហាសុវត្ថិភាព ក្រោយយោធា គ្រប់គ្រងប្រទេស(មានវីដេអូ)

$
0
0

បន្ទាយមានជ័យ ៖ ក្រោយពីប្រទេសថៃ ត្រូវបានគ្រប់គ្រង ដោយរបបយោធា រួចមក នៅតាមបណ្តា ព្រំដែនរវាង ប្រទេសកម្ពុជា និងថៃ មានការរឹតបណ្តឹង ខ្លាំងឡើងៗ ជាពិសេសនោះ គឺការធ្វើដំណើរ ចូលប្រទេសថៃតែម្តង ទាំងច្រកទ្វារអន្តរជាតិ និងច្រករបៀង ដែលទាំងនេះ បង្ហាញនូវការព្រួយបារម្ភ មួយទៀត ជាពិសេស ចំពោះប្រជាពលរដ្ឋខ្មែរ ដែលរកស៊ី និងធ្វើការនៅ ក្នុងប្រទេសថៃដោយខុសច្បាប់ ។

ជាក់ស្តែង កត្តានយោបាយ នៅក្នុងប្រទេសថៃ ដែលដឹកនាំដោយ របបយោធាខាងលើនេះ បានធ្វើឲ្យពលករខ្មែរ ទាំងប្រុស ទាំងស្រី ទាំងចាស់ ទាំងក្មេង មិនថាធ្វើការនៅ តាមខេត្តណានោះទេ បាននាំគ្នាសម្រុក ចេញពីថៃ ដូចទឹកបាក់ទំនប់ ដោយបានធ្វើដំណើរ តាមរថយន្តជាច្រើនគ្រឿង និងតាមច្រកទ្វារ មួយចំនួន ទាំងនៅខេត្តបន្ទាយមានជ័យ និងនៅខេត្តបាត់ដំបង។

ការលំហូរចូលមក ស្រុកកំណើតខាងលើនេះ ត្រូវបានគេរាយការណ៍ថា ខ្លះត្រូវបានអាជ្ញាធរថៃ និងសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញ ចំពោះពលករខ្មែរទាំងឡាយណា ដែលធ្វើការដោយ ខុសច្បាប់ និងកត្តាមួយទៀតនោះ គឺប្រជាពលរដ្ឋខ្មែរ ខ្លួនឯង មានការភ័យខ្លាច ពីសុវត្ថិភាព ក្រោយពីម្ចាស់ផ្ទះជួល មិនធានាចំពោះការស្នាក់នៅ របស់ពួកគេ។

ការសម្រុកចេញពីថៃ តាមរថយន្តជាច្រើនគ្រឿង ខាងលើនេះ ត្រូវបានគេឃើញមានកើតឡើងកាលពី យប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ និងបន្តមកដល់ រសៀល និងយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤នេះ។

មន្រ្តីអាវុធហត្ថ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា បើគិតពីចំនួន ពលករខ្មែរ ដែលមកខ្មែរវិញ ចាប់តាំងពីយប់ថ្ងៃទី៩ ខែមិថុនា រហូតដល់ម៉ោង ប្រមាណ ១០ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ មានប្រមាណ១ម៉ឺននាក់ ទៅហើយ ដោយធ្វើដំណើរ តាមរថយន្តជាង ៥០គ្រឿងឯណោះ ហើយការធ្វើដំណើររបស់ ពួកគេនេះ គឺឆ្លងកាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ។

ដោយឡែក ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ប្រមាណ ៣៖២០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤នេះ ចំនួនពលករខ្មែរ ដែលធ្វើដំណើរមក ប្រទេសកម្ពុជា មានប្រមាណ ៧០០នាក់ តាមរថយន្តចំនួន១៧គ្រឿង ។

បើតាមលោកឧត្តមសេនីយ៍ ស្នងការ មូលហេតុ ដែលនាំឲ្យពលករខ្មែរសម្រុក ចេញមកវិញនេះ គឺក្រោយពីម្ចាស់ផ្ទះជួល របស់ពួកគាត់មិនបានធានាសុវត្ថិភាព ក្នុងការរស់នៅ របស់ពួកគាត់ ។

ស្នងការនគរបាលរូបនេះ បានបញ្ជាក់ថា ក្រោយពីបានធ្វើដំណើរ មកដល់ក្រុងប៉ោយប៉ែត ហើយកម្លាំងនគរបាល របស់លោក នៅក្រុងប៉ោយប៉ែត និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការសម្របសម្រួល ហើយអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

ដោយឡែក សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល នៅច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា ចំនួនពលករ ដែលធ្វើដំណើរ តាមច្រកមួយនេះ ក៏បានកើតឡើង ជាហូហែរដែរ ។ មន្រ្តីនគរបាល នៅច្រកទ្វារមួយនេះ បានបញ្ជាក់ថា ចំនួនពលករដែលឆ្លងកាត់ មកស្រុកខ្មែរវិញ ទាំងក្មេង ទាំងចាស់ ទាំងស្រី ទាំងប្រុស មានជិត៣០០នាក់ ។

ជាមួយនឹងការវិលត្រឡប់ មកស្រុកកំណើតវិញដោយសារតែ វិបត្តិនយោបាយ នៅក្នុងប្រទេសខាងលើនេះ មានការព្រួយបារម្ភថា ពលករទាំងនេះអាចប្រឈមមុខនឹងការ អត់ការងារធ្វើ ហើយបើមានការងារធ្វើ តែទទួលបានប្រាក់ខែមិនច្រើន ដូចអ្វីដែលពួកគេបានធ្វើនៅ ក្នុងប្រទេសថៃ ៕

ពលករខ្មែរដែលធ្វើដំណើរ តាមច្រកទ្វារ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ពលករខ្មែរដែល ធ្វើដំណើរតាមច្រកទ្វារភ្នំដី នៅស្រុកសំពៅលូន ខេត្តបាត់ដំបង


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>