ព្រះសីហនុ៖ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំតូច សាលាខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំស្តីពី បញ្ហាបឹងព្រែកទប់ ដែលត្រូវធ្វើយ៉ាងណា ដើម្បីរក្សាបឹងធម្មជាតិនេះឲ្យបានគង់វង្ស រវាងប្រតិភូក្រសួង បរិស្ថានដឹកនាំ ដោយ លោក ស៊ូ សូវុធ និងលោក ប៉ុន សារឿន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្រ្តីរួមដំណើរ ជាមួយលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងមន្រ្តីមន្ទីរជំនាញនានា ចំណុះឲ្យសាលាខេត្តព្រះសីហនុ ជាច្រើនរូបទៀត ។
បន្ទាប់ពីបានឧទ្ទេសនាម សមាជិកចូលរួមទាំងពីរក្រុមរួចភ្លាម លោក ស៊ូ សូវុធ អនុរដ្ឋលេខា ធិការក្រសួងបរិស្ថាន ក៏ចាប់ផ្តើម កម្មវិធីប្រកាសហេតុផល ដែលលោកដឹកនាំប្រតិភូ មកខេត្តព្រះសីហនុនេះ ស្រាប់តែ លោក ហែម សារឿន ប្រធាន មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានបែរ ក្រោយមកសាកសួរ អ្នកសារព័ត៌មាន ដែលកំពុងអង្គុយក្នុងសាលប្រជុំនោះថា តើ អញ្ជើញមកពីខាងណា? ភ្លាមនោះអ្នកសារព័ត៌មានក៏ឆ្លើយថា ជាអ្នកកាសែត ស្រាប់តែពេលនោះ លោក ហែម សារឿន ច្រឡោតតូងភ្លាម ក៏ស្រែកសួរស្ទើរភ្លាត់សំឡេងមកទៀតថា ខាងណាអញ្ជើញឲ្យមក ? ក្រុមអ្នកសារព័ត៌មានតបទៅវិញថា អត់មាននរណាអញ្ជើញឲ្យមកទេ ! ហើយយើងខ្ញុំ គ្រាន់តែមកយកព័ត៌មានធម្មតាៗប៉ុណ្ណោះ ។ ដោយមិនអស់ចិត្ត ស្រាប់តែ លោក ហែម សារឿន បានក្រោកឈរ ហើយស្រែកសួរទៅកាន់លោក ឈិត សុខុន អភិបាលខេត្ត ដែលកំពុងអង្គុយទល់មុខ លោកថា តើគួរអនុញ្ញាតឲ្យអ្នកសារព័ត៌មាន អង្គុយនៅទីនេះបានដែរឬទេ ? បើគ្មានអ្នកហៅផងនោះ? ពេលនោះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានតបទៅលោក ហែម សារឿន វិញថា អ្នកសារព័ត៌មាន សិទ្ធិគេធំណាស់ រឿងអីគេស្តាប់ យើងប្រជុំមិនបាន ? ណាមួយខ្ញុំជាមនុស្សស្អាតស្អំ ហើយការប្រជុំនេះ មិនមានអ្វីលាក់បាំង ឬអាថ៌កំបាំងអ្វីឡើយ ឲ្យគេ
អង្គុយស្តាប់ចុះ ។
បន្ទាប់ពីត្រូវ លោកអភិបាលខេត្តថាឲ្យដូច្នេះ គេឃើញលោក ហែម សារឿន បន្ទន់ឥរិយាបថរបស់ខ្លួន ដោយអង្គុយចុះវិញ ដោយគ្មានការខ្មាសអៀនអ្វីបន្តិចឡើយ ចំពោះអាកប្បកិរិយាអសីលធម៌របស់ខ្លួន ដែលបាននិយាយកាត់ប្រសាសន៍លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែលកំពុងមានប្រសាសន៍ទៅកាន់អង្គប្រជុំនោះ ។
គេមិនដឹងថា លោក ហែម សារឿន មានបញ្ហាអ្វីនោះឡើយ ព្រោះតាំងពីព្រឹក ខណៈដែលប្រតិភូចុះមកពិនិត្យ នៅទីតាំងបឹង ព្រែកទប់ គេឃើញលោក ហែម សារឿន ហាក់មានការលឹបលរ និងមិនព្រមចុះពីរថយន្ត ដើម្បីចង្អុលបង្ហាញឲ្យថ្នាក់ដឹកនាំ ក្រសួងរបស់ខ្លួន យល់ជ្រួតជ្រាបនោះទេ បែរជានៅក្នុងរថយន្តធ្វើព្រងើយ ហើយពេលខ្លះចុះពីរថយន្តភ្លាម ក៏រត់ឡើងរថយន្ត វិញ ហាក់បីដូចជា មានការខ្លាចញញើតអ្វីម៉្យាង រហូតដល់មានប្រតិភូមួយចំនួន មានការរអ៊ូរទាំយ៉ាងខ្លាំង ចំពោះអាកប្បកិរិយា របស់គាត់នោះ ។
ក្នុងនាម ជាថ្នាក់ដឹកនាំមន្ទីរមួយរូប គេមិនដឹងថា តើលោក ហែម សារឿន មានចំណេះវិជ្ជា និងចេះច្បាប់នៃព្រះរាជាណាចក្រ កម្ពុជាយើងបានជ្រៅជ្រះដែរឬទេ? តាមការរៀបរាប់ខាងលើនេះ គប្បីលោក ហែម សារឿន គួរព្យាយាមសិក្សាច្បាប់បន្ថែម ទៀតឲ្យបានច្រើន ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរមួយរូប ដែលមិនដឹងអ្វីសោះនោះ ហើយក៏គួរកែប្រែឥរិយាបថបែបហ្នឹងចោល ទៅ វាហួសសម័យ កាលទៅហើយ ។ ខណៈដែលរាជរដ្ឋាភិបាល កំពុងតែធ្វើកំណែទម្រង់ស៊ីជម្រៅ ចំពោះមន្រ្តីដូចជា អស់លោកនេះណាស់ ។
យើងខ្ញុំ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងការផ្តល់សុភវិនិច្ឆ័យ នៃការឲ្យតម្លៃខ្ពស់ ចំពោះប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានពីសំណាក់លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាត ឲ្យអ្នកសារព័ត៌មានយើង បានចូលរួម ស្តាប់ការប្រជុំនេះ តាំងពីដើមដល់ចប់ផងដែរ ៕