Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំងនគរបាល ខេត្ដព្រៃវែង តាមចាប់ ចោរប្លន់ម្នាក់ ក្រោយធ្វើសកម្មភាព នៅស្រុកព្រះស្ដេច

$
0
0

ព្រៃវែង ៖ ក្រោយពីមានករណីចូលទៅ ភ្ជង់និងប្លន់យកទ្រព្យសម្បត្ដិពីប្រជាពលរដ្ឋ នៅស្រុកព្រះស្ដេច កាលពីយប់ថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០១៤ រហូតដល់មានការបាញ់ត ដៃគ្នា រវាងក្រុមចោរ និងសមត្ថ កិច្ចរហូតស្លាប់ ចោរម្នាក់នៅកណ្ដាលវាលស្រែរួចមក កម្លាំង នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ដព្រៃវែង សហការជាមួយកម្លាំងនគរ បាលតាមបណ្ដាស្រុក បានបើកការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ តាមជំនាញរបស់ខ្លួន រហូតដល់តាមចាប់ជនសង្ស័យម្នាក់ កាលពី ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ខណៈ ដែលជនសង្ស័យរូបនេះ បាននឹងកំពុងសម្ងំ លាក់ខ្លួន នៅផ្ទះរបស់ខ្លួន ក្នុងភូមិព្រៃអន្លង់ ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង។

អធិការនគរបាលស្រុកព្រះស្ដេច លោក ទ្រី សេងហៀង បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល តាមទូរស័ព្ទឱ្យដឹងថា ជន សង្ស័យម្នាក់ ពិតជាត្រូវបានចាប់ខ្លួនពីសំណាក់ កម្លាំងនគរបាលរបស់លោក សហការជាមួយ កម្លាំងនគរបាលស្រុកកំពង់ត្របែក ហើយ ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យរូបនេះ តែម្ដង ។

សូមបញ្ជាក់ថា ប្រតិបត្តិការចាប់ ជនសង្ស័យបានម្នាក់ទៀត មានឈ្មោះ មឿក ផា អាយុ៤៨ឆ្នាំ ខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាលខេត្តព្រៃវែង លោក ស្រេង ជា និងស្នងការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ លោក សេង សុភក្រ័ តាមរយះការបញ្ជា ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាល ការិយាល័យបច្ចេកទេស រួមសហការជាមួយកម្លាំងនគរបាលស្រុកព្រះស្តេច និងកម្លាំងនគរបាលស្រុកកំពង់ត្របែក។

យ៉ាងណាក៏ដោយ បក្ខពួកផ្សេងទៀត ដែលបាននិងកំពុងរត់គេចខ្លួននោះ ស្ថិតក្រោម ការតាមប្រមាញ់បន្ដ ទៀត ។

ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច បញ្ជាក់ថា ឈ្មោះផា ដែលជាអ្នកចូលរួមធ្វើ សកម្មភាពជាមួយ បក្ខពួក របស់ខ្លួនទាំង៦-៧នាក់ផ្សេងទៀត ហើយជនសង្ស័យម្នាក់ បានស្លាប់ ក្រោយពីមានការបាញ់ តដៃជាមួយ ក្រុមសមត្ថកិច្ច ។

សូមបញ្ជាក់ថា ក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន៧នាក់ បានចូលធ្វើសកម្មភាពភ្ជង់និងបាញ់ម្ចាស់ផ្ទះ រងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្ដិ ដូចជា ចិញ្ជៀន កាបូបលុយ និងទូរស័ព្ទ កាលពីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅភូមិ អម្ពិល ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្ដ ព្រៃវែង ដែលក្រុមប្រតិបត្ដិការ បង្ក្រាបក្រុម ចោរប្លន់របស់កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង និង កម្លាំង នគរបាលស្រុកព្រះស្ដេច ជាលទ្ធផល ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល បាញ់បណ្ដាល ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ រីឯបក្ខពួកផ្សេងទៀត បាននឹងកំពុង រត់គេចខ្លួន ប៉ុន្ដែជន សង្ស័យខ្លះអាចត្រូវ របួសផងដែរ ។

ហេតុការណ៍ប្លន់ប្រដាប់អាវុធ ដែលបង្ក ឡើងដោយជនសង្ស័យខាងលើ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ហើយ កម្លាំងនគរបាលជាច្រើននាក់ បានដេញបង្ក្រាប រហូតដល់មានការបាញ់តដៃគ្នា នៅវេលា ម៉ោងប្រមាណ១១និង៣០នាទីយប់ថ្ងៃដដែល នេះ ។

ស្នងការរងនគរបាល និងជាប្រធានការិ យាល័យកណ្ដាលព្រហ្មទណ្ឌខេត្ដព្រៃវែង លោក សេង សុភក្រ័ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទឱ្យដឹងថា នៅ វេលាម៉ោងកើតហេតុខាងលើ ខណៈដែលជន រងគ្រោះមានប្ដី ប្រពន្ធ និងកូនតូចៗពីរបីនាក់ ដែលផ្ទះរបស់ពួកគាត់ ស្ថិតនៅឆ្ងាយពីគេពី ឯង ហើយកំពុងតែមើលទូរទស្សន៍នោះស្រាប់ តែជនសង្ស័យទាំងនេះ ប្រដាប់ដោយកាំភ្លើង ពីរបីដើម បានចូលទៅប្លន់ ។

លោកសេង សុភក្រ័ បានបញ្ជាក់ទៀតថា ពេលកំពុងចូលធ្វើសកម្មភាពប្លន់នៅផ្ទះជន រងគ្រោះនោះ ជនសង្ស័យមុនដំបូងមិនបាន បាញ់នោះឡើយ ពោលពួកវាបានយកកាំភ្លើង ភ្ជង់ជនរងគ្រោះ ជាពិសេសបុរសជាប្ដី ដែល ជាបង្គោលធំ ដោយពួកវាបានយកព្រនង់វ៉ៃ ជើង ដើម្បីឱ្យលុតជង្គង់ ហើយចងដៃចងជើង តាមក្រោយ ។ ប៉ុន្ដែជនរងគ្រោះជាមនុស្ស រហ័ស ក៏ទាញបណ្ដាច់ខ្សែករបស់ខ្លួន គ្រវែង ចោលទៅឆ្ងាយ ខណៈដែលជនសង្ស័យមិន បានចាប់អារម្មណ៍មើល ពេលនោះក្រុមចោរ បានគំរាមឱ្យជនរងគ្រោះដោះចិញ្ជៀន ដែល កំពុងពាក់នៅនឹងដៃ ចំនួន៣ជីឱ្យទៅពួកគេ រួចគំរាមឱ្យបើកទ្វារទូដើម្បីយកប្រាក់ ។

ស្នងការរងនគរបាលរូបនេះ បានបន្ដទៀត ថា ខណៈដែលជនសង្ស័យភ្លេចខ្លួនជនរង គ្រោះជាប្ដី ឈ្មោះសោ សុវណ្ណ អាយុ៤៥ឆ្នាំ បានលោតផ្លោះចេញពីផ្ទះរត់ទៅក្រោយ ហើយ លោតចូលទឹកស្រះឆ្លងទៅលើគោក ដីម្ខាងទៀត ។ នៅពេលដែលដឹងថា ជនរង គ្រោះ កំពុងតែរត់គេចខ្លួន ដោយហែលឆ្លង ទឹកស្រះ ទៅដីម្ខាង ពួកវាបានដេញហើយ បាញ់៣គ្រាប់ ប៉ុន្ដែសំណាងល្អ ពុំបានត្រូវ ជនរងគ្រោះបណ្ដាលឱ្យរងរបួសឬស្លាប់បាត់បង់ជីវិតនោះឡើយ ។

ក្រោយពេលដឹងថា ជនរងគ្រោះជាប្ដីបាន រត់គេចខ្លួននោះ ហើយខ្លាចបែកការណ៍ជន សង្ស័យទាំងនេះ បានគេចខ្លួនដោយប្លន់បាន តែចិញ្ជៀននៅពាក់នឹងដៃ ព្រមទាំងកាបូប លុយរបស់ជនរងគ្រោះតែប៉ុណ្ណោះ ។ នៅ ក្នុងហេតុការណ៍ប្លន់ខាងលើនេះ ក្រុមចោរ មិនបានប៉ះពាល់និងធ្វើបាបប្រពន្ធកូនដែល នៅក្នុងផ្ទះនោះឡើយ ពោលពួកវាសំដៅតែ បុរសជាប្ដី ព្រោះជាមនុស្សបង្គោលរឹងមាំនៅ ក្នុងគ្រួសារ ។

លោកសេង សុភក្រ័ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាននៃសកម្មភាព ប្លន់ខាងលើនេះ ស្នងការនគរបាលខេត្ដព្រៃ វែង លោកស្រេង ជា និងលោកផ្ទាល់បាន បញ្ជាឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌរបស់ខេត្ដ សហការជាមួយកម្លាំង នគរបាលស្រុកព្រះ ស្ដេច ធ្វើការតាម ពីក្រោយនិងពួនស្ទាក់នៅ តាមផ្លូវ ដើម្បីបង្ក្រាបក្រុមចោរប្លន់ប្រដាប់ អាវុធទាំងនេះ ។

លោកស្នងការរងបានបន្ដថា ក្រោយពី បានពួនស្ទាក់នៅតាមផ្លូវ ដោយដឹងពីទីតាំង ភូមិសាស្ដ្របាន ច្បាស់ផងនោះ នៅវេលាម៉ោង ប្រមាណ១១និង៣០នាទីយប់ថ្ងៃដដែល កម្លាំងនគរបាលបាន ប្រទះ ឃើញជនសង្ស័យ ៣នាក់ ដែលជាក្រុមមទី១ បានធ្វើដំណើរមក ដល់ពេលនោះ សមត្ថកិច្ចឃើញ ក៏ស្រែកឱ្យ ឈប់ស្រាប់តែពួកវាបានបាញ់រះលើសមត្ថ កិច្ចជាច្រើនគ្រាប់ ប៉ុន្ដែសំណាងល្អពុំបណ្ដាល ឱ្យមន្ដ្រីនគរបាលណាម្នាក់រងគ្រោះថ្នាក់អាយុ ជីវិតនោះឡើយ ។

ស្នងការរងនគរបាលខេត្ដព្រៃវែងរូបនេះ បានឱ្យដឹងទៀតថា ដើម្បីប្រើសិទ្ធិការពារខ្លួន កម្លាំងសមត្ថកិច្ច របស់លោក ដែលចាំពួន ស្ទាក់នោះ បានបាញ់តបតទៅក្រុមចោរទាំង នោះវិញ បណ្ដាលឱ្យពួកវារត់ចែក ជើងគ្នា ប៉ុន្ដែនៅពេលដែលទៅពិនិត្យមើល ដោយ មានស្នាមឈាមហូរធ្លាក់នៅតាមផ្លូវ ក៏ប្រទះ ឃើញសពជនសង្ស័យម្នាក់ ដែលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីបានបាញ់តដៃ ជាមួយកម្លាំងសមត្ថកិច្ច ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>