ភ្នំពេញ៖ ប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តមួយ បានបង្ហើបឲ្យដឹងថា ម្ចាស់គ្រប់គ្រងជំនួញក្រុមហ៊ុនបារីអាឡាំងដឺឡុង និងក្រុមហ៊ុនប៊ីឡាញ លោកឧកញ៉ា ថៃ សេងឡុង (ឈ្មោះដើម ហួត សេងឡុង) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនតាមបណ្តឹងលោក ហួត វ៉ាន់ថន ដែលជាប្អូនបង្កើត ពាក់ព័ន្ធលើរបរជំនួញនាពេលបច្ចុប្បន្ននេះ។
មន្ដ្រីសមត្ថកិច្ចបានលួចបង្ហើប ឲ្យដឹងទៀតថា បច្ចុប្បន្នដោយសារលោកឧកញ៉ា ថៃ សេងឡុង មានជំងឺលើសឈាមខ្លាំងពេក បានបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្ដោះអាសន្នសិន។
សូមបញ្ជាក់ថា ឧកញ៉ា ថៃ សេងឡុង គឹជាពាណិជ្ជករ ដ៏ល្បីមួយរូបនៅកម្ពុជា ដោយបានបណ្តាក់ទុនរកស៊ីលើក្រុមហ៊ុន Beeline ក្រុមហ៊ុនបារី Fine, Alaindelon និងក្រុមហ៊ុនរថយន្ដ។
យោងតាមប្រភពព័ត៌មាន ក៏បានឲ្យដឹងដែរថា ការរកស៊ីមានបានដូចពេលបច្ចុប្បន្នរបស់លោក ថៃ សេងឡុង ដោយសារមានការជ្រោមជ្រែង និងផ្តល់ទុនរកស៊ីមកពីប្អូនប្រុសបង្កើតរបស់លោក គឺលោក ហួត សេងទ្រី ដែលរស់នៅប្រទេសបារាំង។ ដោយមានបញ្ហាទំនាស់ផ្ទៃក្នុង ពាក់ព័ន្ធលើរបរជំនួញ បានធ្វើឲ្យលោក ហួត សេងទ្រី ប្រកាសកាត់កាលលោក ថៃ សេងឡុង ជាបងប្រុស និងឈានដល់ការប្តឹងផ្តល់គ្នានេះតែម្តង៕