ដោយ៖ សយ សុភាព
ភ្នំពេញ៖ បញ្ហាប្រាក់ខែរបស់កម្មកររោងចក្រអូសេអង់ ប្រមាណ ១.៦៥០នាក់ អំឡុងពេលរោងចក្រព្យួរការងារ បាន ធ្វើឲ្យក្រុមកម្មករផ្ទុះការតវ៉ាជាច្រើនរូបភាព ដូចជាការតវ៉ាបិទផ្លូវនៅមុខរោងចក្រ តវ៉ានៅមុខក្រសួងការងារ ការយក ញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ ហើយនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះទៀតសោត ពួកគេបានលើកគ្នាដង្ហែជាក្បួនទៅកាន់ផ្ទះសម្តេចនាយករដ្ឋមន្រ្តីថែមទៀត ដើម្បីស្វែងរកកិច្ចអន្តរាគមន៍រឿងប្រាក់ខែ។ រូបភាពជាច្រើន នៃការតវ៉ារបស់កម្មកររោងចក្រអូសេអង់ មិនទាន់មាន ដំណោះស្រាយជាផ្លែផ្កា ដែលពួកគេអាចទទួលបាននៅឡើយនោះទេ។
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ តំណាងក្រសួងការងារ តំណាងរោងចក្រ និងតំណាងសហជីព នឹងជួប ជជែកគ្នាជាថ្មីម្តងទៀតហើយ ដើម្បីរកគន្លឺះបញ្ចប់នូវបញ្ហារបស់កម្មករ បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនលើកនាពេល កន្លងទៅមិនទទួលបានដំណោះស្រាយ។ ការខ្វែងគំនិត ដោយសារតែរោងចក្រអំឡុងព្យួរការងារ ព្រមបើកឲ្យកម្មករ តែ ១៥ដុល្លារប៉ុណ្ណោះ ខណៈក្រុមកម្មករទាមទាររហូតដល់ ១០០ភាគរយ នៃប្រាក់ខែរបស់ពួកគេ ពោលគឺដូចនឹង ប្រាក់ខែ ដែលពួកគេទទួលបានពេលបំពេញកាងារ។
រោងចក្រអូសេអង់ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រកាសផ្អាកដំណើរការរបស់ខ្លួន ជាបណ្តះអាសន្នកាលពីខែឧសភា ដោយមូលហេតុថា មិនមានការងារសម្រាប់កម្មករ។ អំឡុងពេល នៃការផ្អាក ដំណើរការនេះ រោងចក្របានប្រកាសផ្តល់ប្រាក់ខែជូនកម្មករ ១៥ដុល្លារប៉ុណ្ណោះ។ ប្រាក់ត្រឹមតែ ១៥ដុល្លារ អំឡុង ពេលព្យួរការងារក្រុមកម្មករ កម្មការិនី ១.៦៥០នាក់ មិនអាចទទួលយកបាននោះឡើយ។
ពួកគេបានធ្វើការតវ៉ាជាបន្តបន្ទាប់តាមរូបភាព និងមធ្យោបាយផ្សេងៗជាច្រើន រហូតដល់ការស្វែងរកកិច្ចអន្តរាគមន៍ ពីនាយករដ្ឋមន្រ្តី ដើម្បីទាមទារឲ្យខានតែបាននូវប្រាក់ខែ ១០០ភាគរយដដែល។
បញ្ហារវាងរោងចក្រ និងកម្មករ កម្មការិនី ដែលសុទ្ធតែជាធាតុចាំបាច់ពឹងផ្អែកគ្នាទៅវិញទៅមក ដោយមិនអាចខ្វះ ធាតុណាមួយបាន ដើម្បីនិរន្តរភាព នៃដំណើរការនោះ បានកើតមានជាច្រើនករណីមកហើយនៅកម្ពុជា ហើយ ករណីខ្លះទៀត វិវាទបានឈានរហូតដល់ការផ្ទុះអំពើហិង្សាថែមទៀតផង។ ជាក់ស្តែងបញ្ហាក្នុងរោងចក្រអេសអិល កាលពីចុងឆ្នាំ២០១៣ ព្រោះតែការទាមទារលក្ខខណ្ឌការងារនៅក្នុងរោងចក្រ ក្រុមកម្មករ កម្មការិនី រោងចក្រមួយ នេះ បានតវ៉ា រហូតឈានដល់ការប៉ះទង្គិចជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជា ច្រើននាក់។
ខ្ញុំសូមរំលឹកថា បញ្ហានៅក្នុងរោងចក្រអេសអិលនេះ ខ្ញុំក៏បានចូលរួមស្វែងរកដំណោះស្រាយដែរ ដំណោះស្រាយ ស្ទើរតែចេញជាផ្លែផ្កាទៅហើយ នៅចំណុចបន្តិចបន្តួចប៉ុណ្ណោះ មិនគួរភាគីចរចាប្រកាន់នូវជំហររឹងរូសរៀងៗខ្លួន ទី បំផុតបញ្ហាក្លាយជាអាណោចអាធម។ ខ្ញុំពិតជាសោកស្តាយចំពោះការកើតឡើងនូវបាតុភាពហិង្សា ដោយសារតែ រឿងក្រពះរបស់កម្មករ កម្មការិនី ជាពលរដ្ឋដ៏កម្សត់របស់កម្ពុជា។
ក្នុងនាមរូបខ្ញុំ ដែលធ្លាប់ចូលរួមដោះស្រាយបញ្ហាឲ្យរោងចក្រអូសេអង់ម្តង កាលពីខែកញ្ញា ឆ្នាំ២០១២ ខ្ញុំមិនចង់ ឃើញបញ្ហានៅក្នុងរោងចក្រនេះ វិវឌ្ឍរីករាលដាលធ្ងន់ធ្ងរជាងនេះឡើយ។ បើគ្រប់ភាគីនៅតែបណ្តែតបណ្តោយមិន ព្យាយាមរកនូវគន្លឺះ បញ្ចប់នូវបញ្ហាស្នូលនោះទេ ខ្ញុំក្លាចតែមានបញ្ហាមិនអាចស្មានដឹង។ គ្រប់ភាគីគួរតែរៀនយកនូវ វប្បធម៌ ដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធីមុនផ្ទុះហិង្សា មិនគួរប្រកាន់វប្បធម៌ទុកឲ្យវិវាទឈានដល់ការផ្ទុះ ហិង្សា ទើបរកដំណោះស្រាយជាក្រោយនោះទេ ព្រោះថា អ្នករងគ្រោះនោះ សុទ្ធតែជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា ទាំងអស់។ ខ្ញុំជឿថា បើមានមធ្យោបាយដ៏សមស្របណាមួយ កម្មករ កម្មការិនី ប្រាកដជាទទួលយក ពួកគេមិន មែនជាអ្នកធ្វើជំនួញលើបាតុកម្មនោះទេ។
ដូចដែលមានគំរូក្នុងរោងចក្រអេសអិល ខ្ញុំសំណូមពរ និងសម្តែងការជឿទុកចិត្តទៅលើឲ្យភាគីចរចានៅថ្ងៃទី១៣ ខែ មិថុនា ទាំងអស់ថា នឹងបើកការចរចាគ្នាឈរលើឆន្ទៈរកដំណោះស្រាយ បន្ទន់ឥរិយាបថ ដោយខាងរោងចក្រគួរ ដំឡើងបន្តិច ខាងកម្មករ ក៏គួរទម្លាក់តម្លៃបន្តិច ដើម្បីស្វែងចំណុចប្រសព្វ ដែលអាចទទួលយកបានទាំងអស់គ្នា។ មិនគួរប្រកាន់នូវចរិតរឹងរូសមានៈ នាំឲ្យខាតប្រយោជន៍សងខាង និង ប៉ះពាល់ដល់សង្គមជាតិនោះទេ។
ភាគីក្រសួងការងារ និងភាគីរោងចក្រ គួរតែបញ្ចប់បញ្ហាឲ្យបានលឿនជាទីបំផុត កាន់តែលឿន កាន់តែល្អ! បើនៅតែ ពន្យារពេលឲ្យយឺតយូរ ខ្ញុំក្លាចក្រែងកម្មករងាកទៅរកការជួយអន្តរាគមន៍ពីបក្សនយោបាយ ឬមានការលូកដៃចូលពី បក្សនយោបាយណាមួយនោះ ប្រហែលជាបញ្ហាអាចនឹងរីកធំ ហើយទំនួលខុសត្រូវ នឹងធ្លាក់ទៅលើរាជរដ្ឋាភិបាល ដដែល៕