ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ក្រសួងព័ត៌មានបាន ប្រារព្ធពិធីបើកបាឋកថា ស្តីអំពីវិស័យទេសចរណ៍ ជូនអ្នកសារព័ត៌មាន ប្រចាំខេត្តព្រះសីហនុ ដោយនាំយកសាស្រ្តាចារ្យ មកពីសាកលវិទ្យាល័យ អាស៊ីអ៊ឺរ៉ុបដែលមាន បទពិសោធន៍ ជាច្រើនឆ្នាំ ដើម្បីផ្តល់ចំណេះដឹង និងបច្ចេកទេស បន្ថែមទៀត ក្នុងការសរសេរព័ត៌មាន ពីវិស័យទេសចរណ៍ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អោយមកកំសាន្តនៅ ខេត្តមួយនេះ ។
ពិធីបាឋកថានេះមានការចូលរួមពីលោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឲ្យ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ប្រាក់ ច័ន្ទសុខា អភិបាលរងខេត្តព្រះសីហនុ តំណាងលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីនេះដែរ មានលោក ឱ សារឿន ប្រធានមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ លោក សេង ខា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មន្រ្តីមន្ទីរព័ត៌មាន ទូទាំងខេត្តព្រះសីហនុ អ្នកយកព័ត៌មានទូរទស្សន៍ កាសែត គេហ៍ទំព័រ ពិធីករ ពិធីការិនី វិទ្យុប្រចាំខេត្ត ព្រះសីហនុចំនួន៤៩នាក់ផងដែរ ។
លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានសំដែងនូវសោមនស្សរីករាយបំផុត ដែលខេត្ត ព្រះសីហនុ មានកិត្តិយស សហការ ទទួលការរៀបចំពិធីធ្វើបាឋកថា ស្តីអំពីវិស័យទេសចរណ៍ ជូនអ្នកសារ ព័ត៌មាន ខេត្តព្រះសីហនុ និងថ្លែងអំណរគុណចំពោះ វាគ្មិនដែលបានឆ្លៀតឱកាសដ៏ មមាញឹកនិងមានតម្លៃ ដែលបានអញ្ជើញមកធ្វើ បាឋកថាជូនអ្នកសារព័ត៌មានប្រចាំខេត្តព្រះសីហនុ ។
លោកស្រី ប្រាក់ ច័ន្ទសុខា អភិបាលរងខេត្តព្រះសីហនុ បានសំដែងថា សារព័ត៌មាន មានតួនាទីសំខាន់ ខ្លាំងណាស់ ហើយអាចនិយាយបានថា ជាកញ្ចក់ ជាអ្នកនាំសារ និងជាស្ពាន ដែលអាចឆ្លុះបញ្ចាំង និងតភ្ជាប់ ដោយតម្លាភាព នូវព្រឹត្តិការណ៍ដែលកើតមានឡើង ។
បើមិនមានព័ត៌មានប្រៀបប្រដូច ទៅធ្វើដំណើរដ៏វែងឆ្ងាយ ក្នុងរាត្រីខែងងឹត ពោលគឺយើងមិនអាច រកឃើញនូវគោលដៅដែល យើងត្រូវទៅឡើយ ផ្ទុយទៅវិញ បើព័ត៌មាន មិនមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ វានឹងក្លាយជាអាវុធ ដ៏គ្រោះថ្នាក់អន្តរាយ គួរអោយភ័យខ្លាចផងដែរ ។ ដូច្នេះបាឋកថានាពេលនេះសង្ឃឹមថា អ្នកសារព័ត៌មានពិតជា ទទួលបាននូវចំណេះដឹងថ្មី ជាមូលដ្ឋាន សំរាប់ប្រើប្រាស់ អោយចំគោលដៅ មានលក្ខណៈបច្ចេកទេស នៃវិស័យទេសចរណ៍ របស់ប្រទេស តំបន់ និងពិភពលោក ។ លោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា “ឧស្សាហកម្មគ្មានផ្សែង” ដោយសារតែវិស័យនេះអាចរកចំណូលយ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា វិស័យដ៏មានសក្តានុពលនេះ ត្រូវបានយកចិត្តទុកដាក់គ្រប់ពេលវេលា ជាក់ស្តែង គោលនយោបាយ របស់រាជរដ្ឋាភិបាលបានដាក់អោយ អនុវត្តយ៉ាងទូលំទូលាយ ស្ថាប័នជំនាញគ្រប់លំដាប់ថ្នាក់ ចូលរួមអនុវត្តយ៉ាងសកម្ម រហូតទទួលបានលទ្ធផលជាវិជ្ជមាន គួរអោយកត់សំគាល់ ក្នុងការងារ វិស័យទេសចរណ៍នេះ។
ដោយការរីកចំរើនជាលំដាប់ លើវិស័យទេសចរណ៍ សារព័ត៌មានក៏បានដើរតួនាទី យ៉ាងសំខាន់ផងដែរ ក្នុងការផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ទាំងឡាយពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ ដល់សាធារណៈ ជនប្រកបដោយ ភាពត្រឹមត្រូវ ច្បាស់លាស់ និងចំគោលដៅ ។ដូច្នេះទើបថ្នាក់ដឹកនាំក្រសួងព័ត៌មាន រៀបចំកម្មវិធី បាឋកថាស្តីអំពីវិស័យទេសចរណ៍ជូនដល់អ្នកសារព័ត៌មាននាថ្ងៃនេះ ៕