Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រយះពេល មួយសប្តាហ៍ ថៃចាប់បញ្ជូន ពលករខ្មែរ ខុសច្បាប់ ប្រមាណ១៣ម៉ឺននាក់

$
0
0

-ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត មានច្រើនជាងគេ រហូតដល់ ជាង១១ម៉ឺននាក់

បន្ទាយមានជ័យ ៖ ចំនួនពលករខ្មែរ ដែលធ្វើការ ខុសច្បាប់ នៅក្នុងប្រទេសថៃ មានចំនួនប្រមាណ១៣ម៉ឺននាក់ ត្រូវបានថៃចាប់ បញ្ជូនមកវិញ ក្នុងរយះពេលប្រមាណមួយ សប្តាហ៍នេះ ដោយធ្វើដំណើរ ឆ្លងកាត់តាមច្រកទ្វារ មួយចំនួន នៅជាប់ព្រំដែន ប្រទេសថៃ ក្នុងនោះការ ធ្វើដំណើរឆ្លងកាត់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានរហូតជាង១១ម៉ឺននាក់ បូករួមទាំងការធ្វើដំណើរនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ ។

សូមបញ្ជាក់ថា មូលហេតុដែល នាំមានការចំណាក ស្រុកយ៉ាងច្រើន សន្ធឹកសន្ធាប់ របស់ប្រជាពលករ ខុសច្បាប់កម្ពុជា ចេញពីប្រទេសថៃ យ៉ាងដូច្នេះ បានកើតឡើងក្រោយពេលដែលប្រទេស ប្រជាធិបតេយ្យ នៅតំបន់អាស៊ីមួយនេះ ត្រូវបានគ្រប់គ្រងដោយរបបយោធា ហើយប្រមុខដឹកនាំយោធា លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យ តាមក្រុមហ៊ុន សហគ្រាស និងរោងចក្រ ឈប់ទទួលយកពលករ ខុសច្បាប់ នៅធ្វើការបន្តទៀត។

យោងតាម របាយការណ៍ របស់អាជ្ញាធរ និងសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ បានបូកសរុបចំនួន ពលករខែ្មរ ដែលធ្វើដំណើរមក ប្រទេសកម្ពុជាវិញ គិតចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ មានជាង៨ម៉ឺននាក់ ហើយបូករួមទាំង តួរលេខសម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ មានការកើនឡើងប្រមាណ១៣ម៉ឺននាក់ ។

យោងតាម របាយការណ៍ នៃការបូកសរុប ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាននៅ យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ បានបង្ហាញថា បើគិតចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ពលករខ្មែរ ដែលធ្វើដំណើរឆ្លងកាត់ ច្រកទ្វារសំខាន់ៗចំនួន៨ សរុប៨៩៧១៧នាក់ ក្នុងនោះស្រ្តី២៧៩១៣នាក់ និងកុមារ៥៤៩៦នាក់។

របាយការណ៍បូកសរុបខាងលើនេះ បានបង្ហាញថា ទី១ ឆ្លងកាត់តាម ច្រកទ្វារអន្តរជាតិ អូស្មាច់ មានចំនួន ៥២០៧នាក់ ស្រី២១១៩នាក់ និងក្មេង៣៧២នាក់ ទី២ ឆ្លងកាត់តាម ច្រកជាំ(អន្លង់វែង) មានចំនួន ១៩០នាក់ ស្រី៨៣នាក់ ទី៣ ឆ្លងកាត់តាមច្រក ព្រំប៉ៃលិន មានចំនួន ១៣៦១នាក់ ស្រី៦១២នាក់ និងក្មេង១២១នាក់ ទី៤ ឆ្លងកាត់តាមច្រកទ្វារ អន្តរជាតិដូង មានចំនួន ៥៣៨៣នាក់ ស្រី១៩២១នាក់ និងក្មេង៨២៩នាក់ ទី៥ ឆ្លងកាត់តាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន ៧០៧២៦នាក់ ស្រី២០៦៧១នាក់ និងក្មេង៣៦៣៣នាក់ ទី៦ ឆ្លងកាត់តាមច្រក បឹងត្រកួន មានចំនួន១០៤នាក់ ស្រី៤០នាក់ និងក្មេង៨នាក់ ទី៧ ឆ្លងកាត់តាមច្រកភ្នំដី មានចំនួន ៦៧២៥នាក់ ស្រី២៤៥៥នាក់ និងក្មេង៥៣២នាក់ និងទី៨ ឆ្លងកាត់តាមច្រក អូររំដួល មានចំនួន ២១នាក់ ស្រី១០នាក់ និងក្មេងម្នាក់ ដូច្នេះសរុបមានចំនួន ៨៩៧១៧ ស្រី២៧៩១៣ និងក្មេង៥៤៩៦នាក់ ។

ដោយឡែក យោងតាមរបាយការណ៍ របស់នគរបាល ក្រុងប៉ោយប៉ែត បានបង្ហាញថា គិតចាប់ពីវេលា ម៉ោង ៦ព្រឹក ដល់ម៉ោង១០៖៣៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ មានពលករខ្មែរ ធ្វើដំណើរ ឆ្លងកាត់ច្រកទ្វារ ប៉ោយប៉ែតចំនួន ៤០២២៦នាក់ ក្នុងនោះស្រី១៥២៦៥នាក់ និងក្មេង៣៣០៤នាក់ ខណៈដែលភាគីថៃ ប្រកាសបិទច្រកទ្វារ នៅវេលាម៉ោងប្រមាណ ១០យប់ថ្ងៃ ដដែលនេះ។

យ៉ាងណាក៏ដោយ នៅពេលពលករ បានធ្វើដំណើរ មកដល់ក្រុង ប៉ោយប៉ែត ទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ នៅចាំទទួលពួកគេ ដោយផ្តល់ ចំណីអាហារ និងការផ្តល់មធ្យោបាយ ធ្វើដំណើរ ត្រឡប់ទៅផ្ទះរៀងៗខ្លួន តែចំពោះ អ្នកដែលធ្វើដំណើរ មកដល់យប់ទៅហើយ ត្រូវសម្រាកនៅ ក្រុងប៉ោយប៉ែតមួយយប់សិន ។ ជាមួយគ្នានេះ លោក នេត សេរី អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅថៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានសរសេរលិខិត មួយច្បាប់ មកកាន់ប្រធានប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត និងអាជ្ញាធរ មានសមត្ថកិច្ច ពាក់ព័ន្ធត្រូវជួយសម្រួល ដឹកសពពលករខ្មែរម្នាក់ ដែលស្លាប់ដោយសារខ្យល់គរ ខណៈកំពុងធ្វើការនៅក្នុងប្រទេសថៃ ។

បើតាមការបញ្ជាក់របស់ លោក នេត សេរី សពពលកររូបនេះមាន ឈ្មោះ ភាព ថានី ភេទស្រី អាយុ២៧ឆ្នាំ មានស្រុកកំណើត និងរស់នៅ ភូមិព្រែកស្នោ ឃុំខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចូលធ្វើកម្មករ នៅខេត្តសុផាបូរី ហើយស្លាប់ដោយ សារខ្យល់គរ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ។

ជាមួយគ្នានេះ អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជាឲ្យយករថយន្ត របស់អាវុធហត្ថបន្ថែម ទៅជួយដឹកពលករ ទាំងនោះ។

មន្រ្តី អ.ហ លើផ្ទៃប្រទេសបានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា «មុននេះបន្តិច (ម៉ោងប្រហែល៤៖៣០នាទី ) នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យបញ្ជូន រថយន្តរបស់អាវុធហត្ថ ជិត៣០គ្រឿង ទៅជួយដឹកពលករខ្មែរ ដែលទើបចាកចេញ ពីប្រទេសថៃ ដោយសារខ្វះ រថយន្តក្នុង ការដឹកជញ្ជូន»។

អធិការនគរនបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឲ្យដឹងថា ពលករដែលត្រឡប់មកពីថៃវិញទាំងនេះសុទ្ធតែខុសច្បាប់ទាំងអស់ ដោយឡែក ពលករស្របច្បាប់មិនទាន់ឃើញត្រឡប់មកវិញនៅឡើយទេ។សម្រាប់តួរលេខពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបង្ហាញថា ពលករខ្មែរដែលកំពុងបម្រើ ការងារនៅប្រទេសថៃ មាន ប្រមាណ ២០ម៉ឺននាក់ ក្នុងនោះធ្វើការងារស្របច្បាប់ មានប្រមាណ ៨ម៉ឺននាក់ ។ 

សម្រាប់ការវិលត្រឡប់របស់ពលករខ្មែរខាងលើនេះ រាជរដ្ឋាភិបាល តាមរយ: ក្រសួងការងារ បានជូនដំណឹង និងបើកវគ្គ បណ្តុះបណ្តាលដល់ពលករ ទាំងនោះ សម្រាប់ការស្វែងរកការងារធ្វើនៅក្នុងប្រទេស ។

ក្នុងដំណាក់កាលនេះ ប្រមុខ នៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ទាំងនគរបាល អាវុធហត្ថ និងយោធា ចេញប្រតិបត្តិការជាបន្ទាន់ ជួយដឹកពលករទាំងនេះ ទៅកាន់លំនៅឋានរបស់ពួកគេរៀងៗខ្លួន ព្រមទាំងឧបត្ថម្ភ នំចំណីអាហារ និងអំណោយផ្សេងទៀតផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>