ភ្នំពេញ៖ យុវជន២នាក់ ម្នាក់ជាសិស្ស និងម្នាក់ទៀតជានិស្សិត ត្រូវបានក្រុម អ្នករត់ម៉ូតូងក់បី នាំគ្នាព័ទ្ធចាប់ រួចវាយមួយដៃធាក់មួយជើង មុនប្រគល់ជូនសមត្ថកិច្ច ក្រោយពីពួកគេធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីនារីម្នាក់ ហើយជិះគេចបានបន្តិច ក៏ត្រូវក្រុមអ្នករត់ម៉ូតូកង់បីរុញបំបុក បណ្តាលឱ្យដួលដោយខ្លួនឯងទាំងពីរនាក់ នៅម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅផ្លូវលេខ៥៧ ក្រុម៧ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
សាក្សីនៅកន្លែងកើតហេតុ បានថ្លែងឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានជិះលើម៉ូតូកង់បីធ្វើដំណើរ តាមផ្លូវលេខ៥៧ ពីត្បូងទៅជើង ក្នុងបំណងទៅ យកផ្លែឈើនៅជិតអតីតប៉ុស្តិ៍លេខ៣ ប៉ុន្តែលុះមកដល់មុខផ្ទះលេខ៣៥ ផ្លូវលេខ៥៧ ក៏ស្រាប់តែមានយុវជនពីរនាក់ បានជិះម៉ូតូមកអែបនាង រួចធ្វើសកម្មភាពឆក់ ទូរស័ព្ទ ពីជនរងគ្រោះតែម្តង។
សាក្សីបានបន្តទៀតថា ក្រោយពីឆក់ទូរស័ព្ទបានពីនារីរងគ្រោះ ជនសង្ស័យ ទាំងពីរនាក់នោះ ក៏បានជិះ ម៉ូតូគេចខ្លួន ប៉ុន្តែត្រូវក្រុមអ្នករត់ម៉ូតូកង់រុញរ៉ឺម៉ក ទៅ កណ្តាលថ្នល់ បំបុកម៉ូតូជនល្មើស បានធ្វើឲ្យម៉ូតូរបស់ពួកគេដួល ហើយ ភ្លាមនោះ ក្រុមប្រជាពលរដ្ឋ ក៏នាំគ្នាព័ទ្ធចាប់ជនសង្ស័យ បានទំាងពីរនាក់ រួចប្រគល់ ជូនសមត្ថកិច្ច។
មន្រ្តីរនគរបាលមូលដ្ឋាន បានថ្លែងឲ្យដឹងថា ជនសង្ស័យក្នុង សកម្មភាពឆក់ទូរស័ព្ទ នេះ ម្នាក់ឈ្មោះ ទួន សុភីរង្សី អាយុ២០ ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះជួល ផ្លូវលេខ៦៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឯម្នាក់ទៀតឈ្មោះ ច័ន្ទ ឆៃយ៉ា អាយុ ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២S នៃវិទ្យាល័យបឹងត្របែក ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ចំណែកឯនារីរងគ្រោះ ឈ្មោះ ប៉ូយ ស៊ីថូន អាយុ២២ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន ។
លោក ក៏បានបន្ថែមទៀតថា ក្នុងសកម្មភាពឆក់នេះ ជនសង្ស័យជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CD-0351 ឯនារីរងគ្រោះ ជិះលើ ម៉ូតូកង់៣ ។ ចំណែកទូរស័ព្ទរបស់ជនរងគ្រោះ ម៉ាកហូវ៉ៃ ត្រូវបានប្រគល់ឲ្យវិញហើយ ដោយមិន មានបាត់បង់នោះទេ។
សូមបញ្ជាក់ថា ក្រោយពីមានការណែនាំ ពីសំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ និងស្នងការ រង ជួន ណារិន្ទ ឱ្យរក្សាសន្ដិសុខ និងទប់ស្កាត់ បទល្មើស នៅក្នុងរាជធានីភ្នំពេញ រួចមក កម្លាំងនគរបាលជំនាញ តាមការិយាល័យ និងកម្លាំងនគរបាលតាម បណ្ដាខណ្ឌ តែងតែ ចុះល្បាត ហើយធ្វើការទប់ស្កាត់ទាន់ពេល វេលា នៅពេលដែលមានបទល្មើសណា មួយ កើតឡើងនោះ ។
ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃត្រូវសមត្ថកិច្ចឃាត់ខ្លួន
សមត្ថកិច្ចប្រគល់ទូរស័ព្ទដៃទៅឲ្យនារីរងគ្រោះវិញ