ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ ២០១៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដែស រយៈ ពេល៣ថ្ងៃ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បង់ក្លាដែស។
បើយោងតាមការបញ្ជាក់ពីក្រសួងការបរទេសនាពេលកន្លងទៅ បានឲ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេស បង់ក្លាដែសរបស់សម្តេចតេជោ និងគណៈប្រតិភូ ចាប់ពីថ្ងៃទី១៦-១៨ ខែមិថុនា នេះ ធ្វើឡើងតបតាមការអញ្ជើញ ពីលោកស្រី ហ្សេក ហាស៊ីណា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។
គណៈប្រតិភូ ដែលអមដំណើរនាយករដ្ឋមន្រ្តីចេញទៅទស្សនកិច្ចផ្លូវការនៅប្រទេសបង់ក្លាដែសនាព្រឹកនេះ រួម មានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង, រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក អ៊ុក រ៉ាប៊ុន, រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងលោកស្រី ហ្សេក ហាស៊ីណា នឹងជួបពិភាក្សាការ ងារផ្លូវការមួយចំនួន ព្រមទាំងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនទៀត។
បើតាមក្រសួងការបរទេស កិច្ចព្រមព្រៀង ដែលធ្វើឡើងនៅក្នុងទស្សនកិច្ចនេះរួមមាន៖ កិច្ចព្រមព្រៀងរវាងរាជ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបង់ក្លាដែស ស្តីពីការបង្កើតគណៈកម្មការចម្រុះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិ ការទ្វេភាគី, អនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និង បច្ចេកទេសក្នុងវិស័យ កសិកម្មរវាងកម្ពុជា-បង់ក្លាដែស, កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា-បង់ក្លាដែស និងកិច្ច ព្រមព្រៀងស្តីពីការជំរុញ និង ការការពារវិនិយោគរវាងកម្ពុជា-បង់ក្លាដែស៕