ថ្មីៗនេះប្រភពពីមន្រ្តី សាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ជនសង្ស័យ ចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាព លួចរថយន្ត ដែលភាគច្រើន ជារថយន្តប្រភេទសាំយ៉ុង និងស្តារិច យ៉ាងសកម្មនោះ ត្រូវបានតំណាង អយ្យការ និងចៅក្រម សម្រេចដោះលែង ឲ្យមានសេរីភាពវិញ បើ ទោះបីជនសង្ស័យទាំង៥នាក់បានប្រព្រឹត្តអំពើចោរកម្មយ៉ាង ធ្ងន់ធ្ងរក៏ដោយ ។ ការដោះលែង ក្រុមចោរលួច រថយន្តទាំង៥នាក់របស់ចៅក្រម និងតំណាងអយ្យការនៃសាលាដំបូងរាជ ធានីភ្នំពេញបានធ្វើឲ្យ មហាជន រិះគន់យ៉ាងខ្លាំង ដោយហេតុថា បើចាប់បានចោរប្លន់ ចោរលួច ហើយត្រូវតុលាការដោះ លែងយ៉ាងស្រួលៗ បែបនេះគឺបទល្មើសលួចប្លន់ អាចកើតឡើងកាន់តែខ្លាំងក្លាថែមទៀតជាមិនខាន ។ ដូច្នេះលោករដ្ឋ មន្រ្តីក្រសួងយុត្តិធម៌ ក៏ដូចជាឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមត្រូវ ពិនិត្យមើលទង្វើ របស់ព្រះរាជអាជ្ញារង សាលាដំបូងរាជ ធានីភ្នំពេញឈ្មោះ លី សុផាន់ណា និងចៅក្រមឈ្មោះ នូវ វាសនា ជាបន្ទាន់បំផុត ។
មហាជនកំពុងរិះគន់យ៉ាងខ្លាំងទៅលើចៅក្រម និងតំណាងអយ្យការសាលាដំបូង រាជធានីភ្នំពេញ ដែលហ៊ានដោះ លែងក្រុមចោរលួចរថយន្តទាំង៥នាក់ នោះដោយមិន មានហេតុផលច្បាស់លាស់ ព្រោះកន្លងមកក្រុមចោរលួចកំប៉ិក កំប៉ុកមួយចំនួនត្រូវបានចៅក្រម និងព្រះរាជអាជ្ញា សម្រេចឲ្យជាប់ឃុំ ក្នុងពន្ធនាគាររាប់ឆ្នាំ ។ មជ្ឈដ្ឋាននានាបានអំពាវនាវ ឲ្យប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នពាក់ព័ន្ធពិនិត្យមើលទង្វើរបស់តំណាងអយ្យការឈ្មោះ លី សុផាន់ណា និងចៅក្រមឈ្មោះ នូវ វាសនា ជាបន្ទាន់ព្រោះពួកគេប្រព្រឹត្តទង្វើមិនប្រក្រតីពាក់ព័ន្ធទៅនឹងការដោះ លែងក្រុមចោរលួច រថយន្តទាំង៥នាក់ ។ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវស៊ើបអង្កេតបញ្ហានេះជាបន្ទាន់ ព្រោះតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញដែលស្អប់ខ្ពើម អំពើពុករលួយបានបញ្ជាក់ថា ក្នុងចំណោម ជនសង្ស័យទាំង៥ នាក់នោះគឺតំណាងអយ្យការឈ្មោះ លី សុផាន់ណា ដោះលែងចំនួន៤នាក់ ចំណែកចៅក្រមឈ្មោះ នូវ វាសនា ជាអ្នក ដោះលែងម្នាក់ ដោយមិនបានបញ្ជាក់អំពី ហេតុផលសម ស្របដែលត្រូវដោះលែងនោះទេ ។
សូមរំលឹកថា ជនសង្ស័យទាំង៥នាក់ នោះត្រូវបានកម្លាំង នគរបាលខណ្ឌទួលគោក សហការជា មួយកម្លាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ ចាប់ខ្លួនជាបន្តបន្ទាប់កាលពីរសៀលថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០១៤ ។ ការចាប់ខ្លួនពួកជនសង្ស័យ ទាំង៥នាក់គឺដោយសារតែពួកគេជាប់ពាក់ព័ន្ធនឹងសកម្មភាព លួចរថយន្តប្រជាពលរដ្ឋកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤នៅមុខផ្ទះជួលគ្មានលេខ ផ្លូវលំភូមិត្រពាំងរំចេក សង្កាត់ ចោមចៅ ខណ្ឌពោធិ័ជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៥នាក់នោះរួមមានទី១ - ឈ្មោះ កៃ កួន អាយុ៤៥ឆ្នាំ មុខ របរបើក យានដ្ឋានជួសជុលរថយន្តនៅផ្ទះលេខ១៦៦ ផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី២- ឈ្មោះ កៃ រ៉ា អាយុ៣២ឆ្នាំ មុខរបរទិញ-លក់រថយន្ត ស្នាក់នៅជាមួយជនសង្ស័យទី១ ។ ទី៣-ឈ្មោះ យ៉ែម សុវណ្ណរ៉ា ហៅហុក មុខរបរទិញ-លក់រថយន្ត ទី៤-ឈ្មោះ ស៊ាត ពិសិដ្ឋ អាយុ៣៤ឆ្នាំ មុខរបរទិញ-លក់រថយន្ត និងទី៥-ឈ្មោះ នួន ពឿន អាយុ៣៩ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត និងទិញលក់រថយន្ត ។
តាមប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនទាំង៥នាក់ ខាងលើនេះ កម្លាំង សមត្ថកិច្ចដកហូតបានរថយន្តចំនួន៩គ្រឿង ក្នុងនោះរថយន្តប្រភេទសាំយ៉ុង៥គ្រឿង រថយន្ត ម៉ាកស្តារិចចំនួន២គ្រឿង រថយន្តម៉ាកតាកូម៉ា១គ្រឿង និងរថយន្តលុច្សស៊ីស RX-300ចំនួន១គ្រឿង ។ ការចាប់ខ្លួនជនសង្ស័យទាំង៥នាក់ខាង លើនេះបានធ្វើឡើងក្រោយពេល ដែលម្ចាស់រថយន្ត មួយរូប បានឃើញរថយន្តរបស់ខ្លួនត្រូវគេយកទៅជួសជុលក្នុងយាន ដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ហើយបានរាយការណ៍ទៅសមត្ថកិច្ចឲ្យធ្វើការស្រាវជ្រាវ និងចាប់ខ្លួនក្រុមជន សង្ស័យបានជាបន្តបន្ទាប់ ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យ ព្រមទាំងមានភស្តុតាងនៃបទល្មើសយ៉ាងច្រើនគឺសមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញឲ្យចាត់វិធានការតាមច្បាប់ ប៉ុន្តែបែរព្រះរាជអាជ្ញារង និងចៅក្រមសាលាដំបូងរាជធានី ភ្នំពេញដោះលែង យ៉ាងស្រួលៗទៅវិញ ។
ករណីដែលព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញឈ្មោះ លី សុផាន់ណា និងចៅក្រម នូវ វាសនា ដោះ លែងជនសង្ស័យទាំង៥នាក់ បានធ្វើឲ្យមានការរិះគន់យ៉ាងពេញបន្ទុក ព្រោះការដោះលែងជន សង្ស័យយ៉ាង ងាយៗបែប នេះអាចធ្វើឲ្យសមត្ថកិច្ចអស់ទឹកចិត្តក្នុងការបង្រ្កាបជនល្មើស ហើយបទ ល្មើសលួចឆក់ប្លន់អាចកើតឡើងយ៉ាងពេញបន្ទុកជាមិនខាន ។ ការដែលសមត្ថកិច្ចនគរបាល ចាប់បានជន សង្ស័យ៥នាក់ ព្រមទាំងវត្ថុតាង៩គ្រឿងបញ្ជូនទៅតុលា ការ ហើយត្រូវចៅក្រម និងតំណាង អយ្យការដោះ លែងដោយមិនបានពិនិត្យទៅស្ថានភាពបទល្មើស គឺជារឿងមិនសម ទំនងទាល់តែសោះ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការទៅលើចៅក្រម និងព្រះរាជអាជ្ញារងដែលប្រព្រឹត្ត អំពើមិនប្រក្រតីជាបន្ទាន់ ។ ដោយហេតុថា កន្លងមកគ្រាន់តែចោរឆក់ទូរស័ព្ទដៃនៅតាមដងផ្លូវ ឬលួចទ្រព្យសម្បតិ្តបន្តិច បន្តួចត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររាប់ឆ្នាំឯណោះ ដូច្នេះរឿងរ៉ាវដែលព្រះរាជអាជ្ញារង លី សុផាន់ណា និង ចៅក្រម នូវ វាសនា ដោះលែងជនសង្ស័យជាចោរលួចរថយន្ត៥នាក់ គឺជារឿងមិនសមទំនងឡើយ ៕