Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វាគ្មិនកិត្តិយស បានធ្វើបទឧទេ្ទស ក្រោមប្រធានបទ “ច្បាប់ ប្រឆាំងអំពើពុករលួយ” នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

$
0
0

ភ្នំពេញ ៖ នៅសាលសហសិក្សា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រសៀលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៤ បានប្រារព្ធធ្វើបទឧទ្ទេសក្រោម ប្រធានបទ “ច្បាប់ប្រឆាំងអំពើពុករលួយ”  ដែលអញ្ជើញ ជាវាគ្មិនកិត្តិយស ដោយលោកបណ្ឌិត ទេសរដ្ឋមន្រ្តី  ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ និងមានសិស្សប៊ែលធី ថ្នាក់ទី១២ ទាំង១២សាខា ចូលរួមចំនួន ១.០៣៩នាក់ ។

តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យ ចំណេះទូទៅ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ ប៊ែលធី គ្រុប មានបុគ្គលិកសរុប ចំនួន ១.៣០៦នាក់     និងមានបម្រើសេវាធំៗបី  I.ប៊ែលធីសំណង់  II.ប៊ែលធីទេសចរណ៍ និងIII.ប៊ែលធីអប់រំ ហើយប៊ែលធី អប់រំបានចែកចេញជា ៣ផ្នែក ធំៗគឺៈ ១- សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២- ប៊ែលធីទំនាក់ទំនងអន្តរជាតិ និង៣-វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មាន១៤ទីតាំងនៅរាជធានីភ្នំពេញ ១៣ទីតាំងកំពុងដំណើរការ និង០១ទីតាំង ទៀត (សាខា តាខ្មៅ)កំពុងសាងសង់ ហើយមានសិស្ស-និស្សិត សិក្សាចំនួន ២៨.១៩៨នាក់ ។   

លើសពីនេះទៅទៀតសិស្ស-និសិ្សត ដែលសិក្សានៅប៊ែលធី មានឱកាសបានសិក្សានូវកម្មវិធីបន្ថែម (Extra-curricular Courses) លើប្រធានបទសំខាន់ៗដូចជា:-សិស្សថ្នាក់ទី១០  សិក្សាអំពី សុវត្ថិភាពចំណី អាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាអំពី ការយល់ដឹង ពីគ្រឿងញៀន និងជម្ងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទី យុវជននៅក្នុងសង្គម។ ក្រៅពីការសិក្សានៅក្នុងថ្នាក់់ សិស្សរបស់យើង ក៏មានឱកាសបានធ្វើទស្សនកិច្ចសិក្សា(Field Trip) នៅតាមតំបន់ទេសចរណ៍ និងប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនរួមមាន៖ -ថ្នាក់ទី៤ ទី៥ និងភាសាអង់គ្លេសLevel4-5 ទៅព្រះបរមរាជវាំង -ថ្នាក់ទី៦ និងLevel 6 ទៅសារមន្ទីរជាតិ  - ថ្នាក់ទី៧ និងLevel 7 ទៅសារមន្ទីរទួលស្លែង  -ថ្នាក់ទី៨ និងLevel 8 ទៅមជ្ឈមណ្ឌលជើងឯក -ថ្នាក់ទី៩ និងLevel 9 ទៅសារមន្ទីរជាតិ និងភ្នំតាម៉ៅ -ថ្នាក់ទី១០ និងLevel 10 ទៅព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) -ថ្នាក់ទី១១ និងLevel 11 ទៅសារមន្ទីរទួលស្លែង និង ភ្នំសន្ទុក -ថ្នាក់ទី១២ និងLevel 12 ទៅមជ្ឈមណ្ឌលជើងឯក និងប្រាសាទសម្បូរព្រៃគុក។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត ទេសរដ្ឋមន្រ្តី  ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកធ្វើជាវាគ្មិនកិតិ្តយសនាពេលនេះ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរក្មួយៗសិស្សានុសិស្សទាំងអស់ដែលបាន ចូលរួមកម្មវិធីបន្ថែមនេះ ត្រូវខិតខំយកចិត្តទុកដាក់កត់ត្រា និងត្រងត្រាប់ស្តាប់ វាគ្មិនកិត្តិយសរបស់យើង សម្រាប់ ប្រឡងដាក់ពិន្ទុប្រចាំខែលើមុខ វិជ្ជាពលរដ្ឋវិជ្ជា និងបង្កើនចំណេះដឹងដើម្បីក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ ដែលជាសសរទ្រូងសម្រាប់ប្រទេសជាតិ នាពេលអនាគត។

បន្ទាប់មកលោកបណ្ឌិត ទេសរដ្ឋមន្រ្តី  ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលជា វាគ្មិនកិត្តិយសបានកោត សសើរដល់វិទ្យាស្ថានប៊ែលធី អន្តរជាតិ ដែលបានរៀបចំកម្មវិធីសិក្សាបន្ថែម (Extra-curricular Courses)នេះឡើងក៏ដូចជាការជួយលើក កម្ពស់វិស័យអប់រំជំរុញឲ្យ មានការអភិវឌ្ឍធនធានមនុស្ស ។

លោកឱម យ៉ិនទៀង បានមានប្រសាសន៍ផ្តាំផ្ញើ ទៅដល់សិក្សានុសិស្សទាំងអស់ បានចូលរួមជា សិក្សា ច្បាស់ ពីវិស័យច្បាប់ ជាពិសេសទាក់ទងទៅនឹងអំពើពុករលួយ ដែល សង្គមទាំងមួលស្អប់ខ្ពើម ហើយ លោកក៏បានលើកឡើង អំពីបញ្ហាមួយចំនួន ដែលជាខ្លឹមសារ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងសកម្មភាពមួយចំនួន អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកន្លងមក ។

លោកបានថ្លែងថា អំពើពុករលួយ គឺជាវិបត្តិប្រកបដោយភាពគ្រោះថ្នាក់ មានផលប៉ះពាល់ដល់ ដល់ជាតិ ។ អំពើពុករលួយនាំឲ្យមហន្តរាយដល់លទ្ធិប្រជាធិបតេយ្យ។

លោកបានទេសរដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា អំពើពុករលួយ គឺជាបទល្មីសព្រហ្មទណ្ឌ ដែល មានចែង ក្នុងជំពួកទី៦ នៃច្បាប់ប្រឆំាងអំពើពុករលួយ ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ ។

លោកឱម យ៉ិនទៀង បានមានប្រសាសន៍ថា វិធានការមួយចំនួនដើម្បីទប់ស្កាត់ការប្រព្រឹត្ត អំពើពុករលួយ ដែលក្នុងនោះរួមមាន”បង្ការ អប់រំ ទប់ស្កាត់” ។ ក្នុងនោះលោកបានថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយ មិនមានទិសដៅតែមួយដើម្បីចាប់គេដាក់គុកនោះទេ គឺបានអប់រំ បានបង្ការជាមុន ហើយប្រសិនបើជន នោះមិនរៀងចាល នៅតែប្រព្រឹត្ត គឺត្រូវតែ ចាប់យកទៅដាក់គុក ដើម្បីជាការព្រមាន។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិន ទៀង បានបង្ហើបថា នៅក្នុងរយះពេល មួយសប្តាហ៍ទៀត អង្គភាពរបស់លោក នឹងប្រកាស តាមចាប់មន្រ្តី ពាក់ផ្កាយ២ម្នាក់ទៀត ប៉ុន្តែលោកបានបញ្ជាក់ថា តើមន្រ្តី រូប នេះ ជានគរបាល អាវុធហត្ថ ឫយោធា នោះទេ ។

ក្នុងពិធីនេះ លោកក៏បានផ្តល់ឱកាសឲ្យប្អូនៗ សិស្សានុសិស្សលើកឡើងជា សំណួរផ្សេងៗ ដែលពាក់ព័ន្ធ នឹង ការធ្វើបទបង្ហាញ ហើយលោកក៏បានបកស្រាយយ៉ាងក្បោះក្បាយ នូវសំណួររបស់ប្អូនៗ ក្រោម បរិយាកាសរីករាយក្រៃលែង៕


Viewing all articles
Browse latest Browse all 8042

Trending Articles