Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១ម៉ឺនដុល្លារ កសាងវត្តចំណាស់មួយ នៅប្រទេសបង់ក្លាដែស

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាប្រមាណ ១ម៉ឺន ដុល្លារ ដើម្បីចូលរួមកសាងសមិទ្ធផលនានា ក្នុងវត្តមានអាយុកាលដ៏ចំណាស់មួយនៅក្នុងក្រុងដាកា ប្រទេសបង់ ក្លាដែស។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន នៅព្រលប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៤។

យោងតាមការផ្សាយរបស់ទូរទស្សន៍បាយ័ន បានឲ្យដឹងថា ការឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ដល់វត្តព្រះពុទ្ធសាសនា ដ៏ចំណាស់ក្នុងក្រុងដាកា បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញទៅ ទស្សនាក្នុងវត្តនោះ គ្រាសម្តេចកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសបង់ក្លាដេស។  

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះ បានដឹកនាំគណៈប្រតិភូ កម្ពុជា ទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីបង់ ក្លាដែស លោកស្រី សេក ហាស់ស៊ីណា ក្នុងបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសបង់ក្លាដែស នៅវេលាម៉ោងប្រមាណ ១០ និង៥០នាទី (ម៉ោងនៅកម្ពុជា)។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លា ដែស និងមន្រ្តីជាន់ខ្ពស់របស់ប្រទេសបង់ក្លាដែសជាច្រើនផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា នឹងទស្សនកិច្ចនៅប្រទេសបង់ក្លាដែសរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅទីក្រុងដាកា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស មានគោលដៅពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេស កម្ពុជា-បង់ក្លាដេស ឲ្យកាន់តែរឹង មាំ និងរីកចម្រើនថែមទៀត ជាពិសេសការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនារសៀលថ្ងៃទី១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នាវិមានយុទ្ធជនពលី ដែលបានបូជាជីវិត ក្នុងការរំដោះប្រទេសបង់ក្លាដែស ។ សម្តេចតេជោ និងប្រតិភូ ក៏បានអញ្ជើញទៅទស្សនាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មដាកា និងបន្តដំណើរទៅទស្សនកិច្ចនៅវត្តព្រះពុទ្ធសាសនាបុរាណមួយកន្លែង នៅទីក្រុងដាកា ផងដែរ។

នៅថ្ងៃទី១៧ ខែមិថុនា ស្អែកនេះ សម្តេចតេជោ នឹងអនុញ្ញាតឱ្យឥស្សរជនជាន់ខ្ពស់របស់បង់ក្លាដែសមួយចំនួនចូលជួបសំដែងការគួរសម។ បន្ទាប់មកសម្តេចតេជោ និង ប្រតិភូ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចសារៈមន្ទីរ«បាំងហ្កាបាន់ឌូ» ដែលជាសារៈមន្ទីរមួយត្រូវបានប្រជាពលរដ្ឋបង់ក្លាដែសចាត់ទុកថា ជាបិតាជាតិរបស់បង់ក្លាដែស ។ នៅថ្ងៃដដែលនោះ សម្តេចតេជោ នឹងជួបចរចាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដេស នៅទីស្ដីការនាយករដ្ឋ មន្ត្រី ហើយក្រោយជំនួបចរចារទ្វេភាគី នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៤ រួមមាន៖ ១. កិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបង់ក្លាដេស ស្តីពីការបង្កើតគណៈកម្មការចំរុះ សម្រាប់ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី, ២. អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងវិស័យកសិកម្ម, ៣. កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិ បត្តិការ វប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសបង់ក្លាដេស និង ៤. កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារវិនិយោគ រវាងកម្ពុជា និងបង់ក្លាដេស។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងនិវត្តមកកម្ពុជាវិញ នាថ្ងៃទី១៨ ខែមិថុនា។

ប្រទេសកម្ពុជា និងបង់ក្លាដែស បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៩៣ តែ មិនដែលមានដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសមួយនេះឡើយ។ លោក ស្រី សេក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដេស ធ្លាប់បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលបង់ក្លាដែស មកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ នៅកម្ពុជា កាលពីខែមករា ឆ្នាំ២០០១។ 

ចំណងកាទូតកម្ពុជា-បង់ក្លាដែស ក្នុងរយៈពេលជាង២១ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរ បានពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា មានការរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសលើទំនាក់ទំនងអន្តរ ជាតិ កម្ពុជា និងបង់ក្លាដែស បានគាំទ្រគ្នាទៅវិញទៅមក ក្នុងនោះ កម្ពុជាបានគាំទ្រដល់បេក្ខភាពរបស់បង់ក្លាដែស ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃអង្គការយូណេស្កូ បេក្ខភាពនៅក្នុងអង្គការ នៃសមុទ្រអន្តរជាតិក្នុងក្រុមB ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃសហភាពទូរគមនាគមន៍ អន្តរជាតិ បេក្ខភាពនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ អាណត្តិ២០១៥-២០១៧។ សមាជិកគណៈកម្មាធិការ ស្តីពីការលុបបំបាត់ការរើសអើង ប្រឆាំងស្ត្រីភេទ របស់អង្គការសហប្រជាជាតិ អាណត្តិ២០១៥-២០១៨។ ចំណែកបង់ក្លាដែស បានគាំទ្រកម្ពុជា ជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និង សមាជិកមិនអចិន្រៃ្តយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិអាណត្តិ២០១៣-២០១៤៕

សម្តេចតេជោ ពេលអញ្ជើញដល់ប្រទេសបង់ក្លាដែស (រូបភាព AKP)


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>