អ៊ីស្លាម៉ាបាដ៖ ភេរវករប្រមាណ ១៧៧នាក់ បានស្លាប់ នៅក្នុងបេសកកម្មបោសសំអាតភេរវករ ដោយកម្លាំងយោ ធានៅក្នុងប្រទេសប៉ាគីស្ថាន ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីកម្លាំងយោធាប្រទេសប៉ាគីស្ថានមកបញ្ជាក់ថា ក្នុងប្រតិបត្តិការដោយកម្លាំងយោធាប៉ាគីស្ថាន ដើម្បីបោសម្អាតក្រុមសកម្មជនក្នុងស្រុក និង បរទេស ស្ថិតនៅតំបន់ Waziristan ភាគខាងជើង ប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលត្រឹមតែពីរថ្ងៃនោះ បានសម្លាប់ក្រុមភេរវកររហូតដល់ទៅ ១៧៧ នាក់។
កងកម្លាំងសន្តិសុខ រួមជាមួយយន្តហោះ និងនាវាប្រដាប់ដោយអាវុធ បានចេញប្រតិបត្តិការវាយលុក ក្រោមការ ចង្អុលបង្ហាញរបស់រដ្ឋាភិបាល។ កម្លាំងយោធាបាននិយាយថា ក្រុមសកម្មជន បានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមនៅ ប៉ាគីស្ថាន។
ប្រភពដដែលបានឲ្យដឹងថា ប្រតិបត្តិការនៅភាគខាងជើង Wazirastan បានដំណើរការតាមការគ្រោងទុក។ រហូតមកទល់ពេលនេះ ពុំមានការវាយលុកណាមួយធ្វើឡើងនៅក្នុងតំបន់ ដែលមានប្រជាជនស៊ីវិលរស់នៅ ឡើយ។ កម្លាំងយោធា ត្រូវបានដាក់ពង្រាយនៅតាមបន្ទាត់ព្រំដែន និងនៅតាមតំបន់ដទៃទៀត ដើម្បីរារាំង ចលនារបស់ក្រុមភេវរករ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ជម្រករបស់ក្រុមសកម្មជនចំនួនប្រាំមួយកន្លែង ត្រូវរងការវាយប្រហារដោយ ឧទ្ធម្ភាគចក្រកាលពីព្រឹកថ្ងៃចន្ទ ក្នុងតំបន់ភាគខាងជើង Wazirastan ជាប់បន្ទាត់ព្រំដែនប្រទេសអាហ្គានីស្ថាន៕